កម្ពុជា

ទិវាកុមារ៖ ហ៊ុន សែន អំពាវនាវ​៦ចំណុច ដើម្បីការពារ​កុមារ​ពី​«Covid-19»

ក្នុងនាមរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសកម្ពុជា តាំងពី​ជាង​៤០ឆ្នាំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការ«អំពាវនាវ​៦ចំណុច» ក្នុងកាលៈទេសៈ នៃ​ការរាតត្បាត នៃជំងឺ«Covid-19» ដើម្បីអ្វីដែលលោក ហៅថា ជាការការពារកុមារ ពីជំងឺ​ដ៏ចង្រៃមួយនេះ។

នៅក្នុងសារលិខិត​របស់លោក ហ៊ុន សែន ដែលចេញផ្សាយ​ក្នុងថ្ងៃនេះ ដើម្បី​អបអរសាទរ​ទិវា កុមារ​អន្តរជាតិ ១មិថុនា លោក ហ៊ុន សែន បានសរសេរ លើកឡើង ពីសេចក្ដី​«អំពាវនាវ​»​ទាំង៦ចំណុច ដោយស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តន៍ សេចក្ដី​ណែនាំ របស់ក្រសួងសុខភិបាល «ធ្វើយ៉ាងណាទប់ស្កាត់ កុំឲ្យមានការឆ្លងដល់កុមារគ្រប់រូប នៅគ្រប់​ទីកន្លែងទាំងអស់»។

ខាងក្រោមនេះ ជាការដកស្រង់ចំណុចត្រួសៗ មួយចំនួន ចេញពីសេចក្ដី«អំពាវនាវ​៦ចំណុច» របស់បុរសខ្លាំង នៅកម្ពុជា៖

«ឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែង រកលទ្ធភាព ក្នុងការធ្វើយ៉ាងណា ឲ្យមានគ្រប់រូប នៅគ្រប់​កន្លែង​ទាំងអស់ ជាពិសេសកុមាររស់នៅ ក្នុងគ្រួសារក្រីក្រ ទទួលបានសេវាអប់រំ អនាម័យ និងទឹកស្អាត​ស្មើៗគ្នា នៅក្នុងកំឡុងពេលមានការ រាតត្បាត នៃជំងឺកូរីដ១៩នេះ។»

«រាល់វិធានការ ដែលបានដាក់ចេញ ដោយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ការជំងឺ​កូវីដ១៩​នេះ ត្រូវគិតទៅដល់ឧត្តម ប្រយោជន៍ របស់កុមារគ្រប់រូបជាចម្រង ជាពិសេស​កុមារ រស់នៅក្នុងកន្លែងថែទាំជំនួស និងកុមារកំពុងរស់នៅ ក្នុងកន្លែង ឃុំឃាំង​ទាំងអស់។»

«ត្រូវយកចិត្តទុកដាក់ លើការគាំទ្រសុខភាពផ្លូវចិត្ត និងកាយរបស់កុមារ ដែរទទួល​រង​ផល​ប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលពីជំងឺកូវីដ១៩ និងត្រូវបានអនុញ្ញាតឲ្យកុមារ ចូលរួម​ក្នុងសេចក្ដី សម្រេចចិត្តទាំងឡាយ ដែលប៉ះពាល់​ដល់កុមារ។»

«ឲ្យក្រសួង-ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋគ្រប់រូបត្រូវ បន្តចូលរួម​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ មានសុវត្ថិភាព ពិសេស​ចាត់វិធានការការពារកុមារ ពីអំពើហិង្សា​គ្រប់រូបភាព អប់រំកុមារ​ពីរបៀប​ការពារ​ខ្លួន​ប្រឆាំង នឹងការរំលោភបំពាន និងការបៀតបៀន​ផ្លូវភេទ​តាមគ្រប់រូបភាព ការសម្លុត​គំរាមកំហែង​គ្រប់បែបយ៉ាង ឲ្យជៀសឆ្ងាយ​ពីគ្រឿងញៀន និងធ្វើឲ្យកុមារ​យល់ដឹង ពីវិធីរាយការណ៍ដល់អាជ្ញាធរ ឬមនុស្ស​​ពេញវ័យ អំពីការរំលោភបំពាន តាមគ្រប់រូបភាព។»

«ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្ត អនុសញ្ញាស្នូល នៃអង្គការអន្តរជាតិ ខាង​ការងារ ដើម្បី​លុបបំបាត់​គ្រប់ទម្រង់ នៃពលកម្មកុមារ បើកកម្ពស់ការយល់ដឹង បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ អំពីការទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារ នៅគ្រប់​សកម្មភាព​សេដ្ឋកិច្ច និងពង្រឹងវិធានការ អធិការកិច្ចពលកម្មកុមារ ព្រមទាំងកៀរគរ ធនធាន និងចលនាសាធារណជន ក្នុងការស្វែងរកដំណោះស្រាយសមស្រប ដើម្បី​ជួយ​សង្គ្រោះ​ពលកម្មកុមារ៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។