កម្ពុជា

«កម្ពុជាគ្មានឈ្មោះ» ក្នុងប្រទេស​ដែលគ្រប់គ្រង​«Covid-19»​បានល្អ

ផ្ទុយពីការអួតអាង របស់មេដឹកនាំក្រុងភ្នំពេញ កម្ពុជាគ្មានឈ្មោះ នៅក្នុងបញ្ជីសន្ទស្សន៍ នៃក្រុមប្រទេសដែលគ្រប់គ្រងជំងឺរាតត្បាត «Covid-19» បានល្អនោះទេ។ នេះ បើតាមរបាយការណ៍ចំណាត់ថ្នាក់ របស់វិទ្យាស្ថានអន្តរជាតិមួយ ឈ្មោះ «Lowy Institute» ដែលស្ថិតក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

ការចាត់ចំណាត់ថ្នាក់នោះ ដែលចេញផ្សាយក្នុងដើមខែកុម្ភៈ ត្រូវបានវាយតម្លៃ ដោយយោងទៅលើលក្ខខណ្ឌវិនិច្ឆ័យជាក់លាក់ ចំនួន៦ រួមមាន៖ ករណីឆ្លងសរុប, ចំនួនអ្នកជំងឺ ដែលបានស្លាប់, ករណីឆ្លង ពីចំណោមពលរដ្ឋមួយលាននាក់, ចំនួនអ្នកជំងឺស្លាប់ ពីចំណោមពលរដ្ឋមួយលាននាក់, ករណីដែលរកឃើញវិជ្ជមានកូវីដ ធៀបនឹងចំនួននៃការធ្វើតេស្ត និងចំនួននៃការធ្វើតេស្ត ពីចំណោមពលរដ្ឋមួយពាន់នាក់។

សេចក្ដីប្រកាសព័ត៌មានមួយ របស់វិទ្យាស្ថានឯករាជ្យ​ខាងលើ បានអះអាងថា តួលេខដែលវិទ្យាស្ថានទទួលបាន បាន​បង្ហាញ​ពីចំណាត់ការ​«ដែលមាន ឬគ្មានប្រសិទ្ធិភាព» ពីចំណោមប្រទេសជិត១០០ នៅលើពិភពលោក។ ការស្រាវជ្រាវ​​របស់​វិទ្យាស្ថានអន្តរជាតិ ធ្វើឡើង​ក្នុង​រយៈពេល​​​៣៦សប្ដាហ៍​ជាប់គ្នា មុននឹងបញ្ជីចំណាត់ថ្នាក់ នៃប្រទេស​ចំនួន​៩៨ ត្រូវបានផ្សព្វផ្សាយ​ជាផ្លូវការ។

ផ្ទុយពីប្រទេសជាប់ខាង ដូចជាវៀតណាម ឬថៃ ដែលទទួលចំណាត់ថ្នាក់យ៉ាងល្អនោះ (វៀតណាមលេខ២ ថៃលេខ៤) ប្រទេស ឡាវ និង កម្ពុជាគ្មានឈ្មោះ នៅក្នុងបញ្ជីសន្ទស្សន៍ «Covid-19 Index Ranking» ខាងលើទេ។ ប្រទេសដែលទទួលបានចំណាត់ថ្នាក់លេខ១ គឺប្រទេសញូហ្សេឡេន។ កោះតៃវ៉ាន់ ទទួលបានលេខ៣ ខណៈប្រទេសអូស្ត្រាលី ដែលវិទ្យាស្ថានតាំងនៅ ទទួលបានចំណាត់ថ្នាក់ លេខ៨។

បណ្ដាប្រទេស នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថា «ASEAN» ទទួលបានចំណាត់ថ្នាក់៖ វៀតណាមលេខ២ ថៃលេខ៤ សិង្ហបូរីលេខ១៣ ម៉ាឡេស៊ីលេខ១៦ ភូមាលេខ២៤ ហ្វីលីពីនលេខ៧៩ និងប្រទេសឥណ្ឌូនេស៊ីលេខ៨៥។

រីឯប្រទេស៥ចុងក្រោយ ដែលទទួលចំណាត់ថ្នាក់អាក្រក់ជាងគេ រួមមាន សហរដ្ឋអាមេរិកលេខ៩៤ អៀរ៉ង់លេខ៩៥ កូឡំប៊ីលេខ៩៦ ម៉ិចស៊ិកលេខ៩៧ ប្រទេសប្រេស៊ីលលេខ៩៨។

សាកសួរដោយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជុំវិញអវត្តមាននៃប្រទេសមួយចំនួន ដូចយ៉ាងប្រទេសកម្ពុជា ពីក្នុងបញ្ជីសន្ទស្សន៍ខាងលើ មន្ត្រីអ្នកទទួលខុសត្រូវមួយរូប ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានអះអាងពីមូលហេតុថា គឺដោយសារវិទ្យាស្ថាន គ្មានតួលេខពិតប្រាកដ ឬតួលេខដែលផ្ដល់ដោយស្ថាប័នមានសមត្ថកិច្ច នៅក្នុងប្រទេសទាំងនោះ មិនអាចយកជាការបាន។

ចំណាត់ថ្នាក់របស់វិទ្យាស្ថានអន្តរជាតិ «Lowy Institute» ដែលជាស្ថាប័នស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រ ឯករាជ្យ និង​មិនជាប់ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល បង្ហាញតួលេខផ្ទុយពីរបាយការណ៍ នៃ​ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច របស់​រដ្ឋាភិបាល​​​ប្រទេស​សេណេហ្គាល់​ (ទ្វីបអាហ្វ្រិក​ខាងលិច) ដែលចេញផ្សាយ ក្នុងខែវិច្ឆិកាកន្លងមក។

របាយការណ៍ របស់ស្ថាប័នសេនាធិការរដ្ឋាភិបាលសេណេហ្គាល់ បានធ្វើបញ្ជីសន្ទស្សន៍ សម្រាប់ប្រទេសចំនួន១៦៦ លើពិភពលោក និងដាក់ចំណាត់ថ្នាក់ ឲ្យប្រទេសកម្ពុជា ជាប់លេខ៣ នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ី ថាជាប្រទេសមានស្ថានភាពគ្រប់គ្រងជំងឺ កូវីដ-១៩ និងផលប៉ះពាល់ពីជំងឺ បានល្អជាងគេ។

នៅមួយខែក្រោយមក (នៅក្នុងខែធ្នូ ឆ្នាំ២០២០) ស្ថាប័នដដែលបានតំឡើងចំណាត់ថ្នាក់ សម្រាប់ប្រទេសកម្ពុជា ឲ្យដល់លេខ១ ពីចំណោម១៦៦ប្រទេស ដដែលនោះ។

ចំណាត់ថ្នាក់ចេញផ្សាយ ដោយការិយាល័យនោះ ត្រូវបានមន្ត្រីរដ្ឋាភិបាលក្រុងភ្នំពេញ យកមកប្រើប្រាស់ ដោយលើកឡើងថា ជាលទ្ធផល«ដ៏ត្រឹមត្រូវ»នៃការប្រយុទ្ធប្រឆាំង ទល់នឹងជំងឺរាតត្បាតដ៏ចង្រៃ ដែលមានប្រភពដើមចេញពីក្រុង វូហាន ប្រទេសចិន។ អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ត្រូវប្រព័ន្ធឃោសនាក្នុងស្រុក ស្រង់សំដីមកផ្សព្វផ្សាយថា៖

«នេះ​គឺជា​មោទនភាព​មួយ​របស់​ប្រទេស​កម្ពុជា ​ដែល​មាន​ប្រមុខ​ដឹកនាំ គឺ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​លោក​មាន​ទស្សនវិស័យ និង​បេះដូង​ធំ​ទូលាយ​ពិតប្រាកដ ហើយ​ក៏​ជា​បេះដូង​មនុស្សធម៌៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។