កម្ពុជា

អាជ្ញាធរ​​ព្រមាន​ចាត់ការលើបុគ្គល​ធ្វើចរាចរ​«កាស​អេឡិចត្រូនិក»​ខុសច្បាប់

«កាស​អេឡិចត្រូនិក»ច្រើនប្រភេទ ដូចជា Kh Coin – SunCoin – K Coin – One-Coin ឬ Forex Coin មិនមាន​អាជ្ញាប័ណ្ណ ពីអាជ្ញាធរ​មានសមត្ថកិច្ចកម្ពុជា នៅឡើយ។ នេះ បើតាមសេចក្ដីថ្លែងការណ៍រួមមួយ ចុះថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨ រវាងស្ថាប័នចំនួនបី របស់ប្រទេសកម្ពុជា ដោយអះអាងថា រាល់ការទិញលក់ដូរ ឬទូទាត់ កាស​អេឡិចត្រូនិកទាំងនោះ ជាសកម្មភាពខុសច្បាប់។

ក្រៅពីអះអាង ពីស្ថានភាពខុសច្បាប់ នៃការធ្វើចរាចរ«កាស​អេឡិចត្រូនិក» ស្ថាប័នទាំងបី ដែលរួមមាន ធនាគារជាតិ គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការនគរបាលជាតិ នៅបានពន្យល់ ពីហនិភ័យធ្ងន់ធ្ងរ ដល់សាធារណជន និងសង្គម ដូចជា៖

  • ចេញផ្សាយ ដោយគ្មានវត្ថុចេញសង ត្រឡប់មកវិញ
  • ទទួលរងការខាតបង់ លើការវិនិយោគ ដោយសារតែតម្លៃចារិក របស់កាសអេឡិចត្រូនិក ប្រែប្រួលគ្មាន​មូលដ្ឋាន​ច្បាស់លាស់
  • ប្រឈមនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងធ្វើឲ្យបាត់បង់មូលនិធិ ដោយសារការលួចចូល ទៅក្នុងប្រព័ន្ធ
  • ពុំមានយន្ដការការពារផលប្រយោជន៍អតិថិជន អ្នកប្រើប្រាស់កាសអេឡិចត្រូនិក ជាជនអនាមិក ពុំមានការសម្គាល់​អត្តសញ្ញាណ និងសាវតាអ្នកប្រើប្រាស់ បានច្បាស់លាស់ គឺជាហនិភ័យក្នុងការសម្អាតប្រាក់ និងហិរញ្ញប្បទាន​ភេរវកម្ម។

អាជ្ញាធរបានបញ្ជាក់បន្ថែមថា នឹងចាត់វិធានការ ចំពោះបុគ្គល ឬនីតិបុគ្គលណា ដែលធ្វើការឃោសនាផ្សព្វផ្សាយ កៀងគរ​ប្រមូលមូលនិធិ ទិញប្រតិបត្តិការ ទិញលក់ដូរ ទូទាត់កាសអេឡិចត្រូនិក ដែលគ្មានអាជ្ញាប័ណ្ណ ទៅតាមច្បាប់​ជាធរមាន៕ 

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។