អាជ្ញាធរជាតិផ្នែកឱសថ របស់ប្រទេសបារាំង ហៅកាត់ថា «ANSM» បានបញ្ជាក់នៅថ្ងៃសុក្រទី២៦ ខែមីនានេះថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់សហគ្រាសផលិតឱសថ «AstraZeneca» ពិតជាមានហានិភ័យ ក្នុងការបង្កឲ្យមានជំងឺស្ទះសរសៃឈាម បើទោះជាហានិភ័យ មានចំនួនដ៏តិចតួចក៏ដោយ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីករណីជំងឺស្ទះសរសៃឈាម បានកើតឡើងជាបន្តបន្ទាប់ នៅក្នុងប្រទេសបារាំង ក្នុងនោះមានអ្នកជំងឺពីរនាក់ បានទទួលមរណភាព។
ស្ថាប័នជាតិមួយនេះ ដែលជំនាញខាងថ្នាំសង្កូវ និងការឃ្លាំមើលប្រសិទ្ធិភាព នៃបណ្ដាថ្នាំវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ (Covid-19) បានប្រកាសឲ្យដឹង ក្នុងយប់ថ្ងៃសុក្រនេះថា៖
«ករណីចំនួន៩ ត្រូវបានរកឃើញ ទាក់ទងនឹងជំងឺស្ទះសរសៃឈាមធំ ដោយមិនកំណត់ទីតាំង (កើតភាគច្រើន ក្នុងប្រព័ន្ធសរសៃឈាមខួរក្បាល ប៉ុន្តែក៏មានកើតមានផងដែរ ក្នុងប្រព័ន្ធរំលាយអាហារ) ដែលអាចជាប់ទាក់ទង ជាមួយនឹងអាការៈកកឈាមក្នុងខួរក្បាល ឬអាការៈដែលឈាន ទៅធ្វើឲ្យឈាមកក។»
«ANSM» បានបន្ថែមថា ចំនួនករណីថ្មី ដែលត្រូវបានរកឃើញក្នុងសប្ដាហ៍នេះ បានកើនឡើង៦ករណី លើសសប្ដាហ៍មុន។ ក្នុងចំណោមករណីទាំងនេះ អ្នកជំងឺពីរនាក់បានទទួលមរណភាព កាលពីថ្ងៃទី១២ និងថ្ងៃទី១៨ ខែមីនា។ អ្នកជំងឺដែលបានស្លាប់ នៅថ្ងៃទី១៨ ខែមីនា ជានិស្សិតពេទ្យមួយរូប ដែលបានចាក់ថ្នាំវ៉ាក់សាំងខាងលើ កាលពីច្រើនថ្ងៃមុន។
អាជ្ញាធរជាតិបានបន្តថា៖
«សភាពដ៏ចម្លែក (ពិបាកកំណត់) នៃជំងឺស្ទះសរសៃឈាមទាំងនេះ រួមផ្សំនឹងស្ថានភាពជំងឺស្រដៀងគ្នា និងអំឡុងពេលដែលបង្កឲ្យមានជំងឺ ក្នុងរយៈពេលប្រហាក់ប្រហែលគ្នា បានអនុញ្ញាតឲ្យគណៈកម្មការឃ្លាំមើល បញ្ជាក់ពីវត្តមាន ទោះជាកម្រកើតមានក្ដី នូវហានិភ័យនៃជំងឺស្ទះសរសៃឈាម សម្រាប់អ្នកដែលទទួលវ៉ាក់សាំង “AstraZeneca”។»
បើតាមស្ថាប័នជាតិបារាំងដដែល បានបញ្ជាក់ថា អាការៈអាចកើតឡើង ក្នុងរយៈពេលប្រមាណជា ៨ថ្ងៃកន្លះ បន្ទាប់ពីទទួលបានថ្នាំវ៉ាក់សាំងរួច។ ពីក្នុងករណីទាំង៩ អ្នកជំងឺ៧នាក់ មានអាយុក្រោម៥៥ឆ្នាំ និង២នាក់ទៀត ច្រើនជាង៥៥ឆ្នាំ។
រាប់ចាប់ពីថ្ងៃទី១៥ ខែមីនាកន្លងមក ប្រទេសជាច្រើននៅក្នុងសហភាពអ៊ឺរ៉ុប បានប្រកាសផ្អាកយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំង របស់សហគ្រាស «AstraZeneca» បន្ទាប់ពីករណីឈាមកក បានផ្ទុះឡើងជាបន្តបន្ទាប់ រហូតបណ្ដាលឲ្យមានមនុស្សស្លាប់។
ប្រទេសបារាំងក៏ស្ថិតក្នុងចំណោមប្រទេសទាំងនោះ ដែលផ្អាកការចាក់ថ្នាំវ៉ាក់សាំងនេះដែរ តែបានសម្រេចឲ្យចាក់ឡើងវិញ ដោយអនុលោមតាមអនុសាសន៍ របស់ភ្នាក់ងារអ៊ឺរ៉ុបទទួលបន្ទុកឱសថ ហៅកាត់ថា «EMA» ដែលបានវាយតម្លៃថា វ៉ាក់សាំង«AstraZeneca» មាន«សុវត្ថិភាព និងប្រសិទ្ធិភាព»៕