ជើងហោះហើរ របស់ក្រុមហ៊ុន «Southwest» ដែលភ្ជាប់ក្រុង «Seattle (ភាគខាងលិចអាមេរិក)» ទៅក្រុង «Dallas (ភាគខាងត្បូងអាមេរិក)» ត្រូវបង្ខំចិត្តហោះត្រឡប់ក្រោយវិញ បន្ទាប់ពីដឹងថា «បេះដូងមនុស្ស» ដែលត្រូវបញ្ជូនទៅប្ដូរឲ្យអ្នកជំងឺ បានភ្លេចនៅលើយន្ដហោះ។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានជាច្រើន នៅសហរដ្ឋអាមេរិក ដែលចេញផ្សាយ ក្នុងថ្ងៃព្រហស្បត្តិ៍នេះ។
ហេតុការណ៍ខាងលើ បានកើតឡើង តាំងពីថ្ងៃអាទិត្យមុនម្លេះ។ យន្ដហោះ ដែលភ្ជាប់ជើងហោះហើរខាងលើ បានហោះចេញពីព្រលានយន្ដហោះ ក្រុង «Seattle» បានចំងាយផ្លូវ ប្រមាណជា ៩៥០គីឡូម៉ែត្រ (លើចំងាយផ្លូវសរុប ជាង២៥០០គីឡូម៉ែត្រ) រួចហើយ។ រំពេចនោះ បុគ្គលិកបម្រើការលើយន្ដហោះ បានរកឃើញថា ប្រអប់ដ៏សំខាន់មួយ សម្រាប់«ជួយសង្គ្រោះជីវិត» ដែលត្រូវបានបញ្ជូនមក ពីរដ្ឋកាលីហ្វ័នី ឆ្ពោះទៅកាន់មន្ទីរពេទ្យក្រុង «Seattle» នោះ នៅមានវត្តមាន ក្នុងយន្ដហោះនៅឡើយ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន «Southwest» បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ឲ្យដឹងថា៖ «នៅពេលដែលយើងដឹង ពីការភ្លេចភ្លាំងមួយនេះ យើងបានសម្រេចភ្លាមមួយរំពេច នូវការហោះត្រឡប់ មកកាន់ក្រុង “Seattle” វិញ»។
បើតាមសារព័ត៌មាន «Seattle Times» បានអះអាងថា មេបញ្ជាការនៅលើយន្ដហោះ បានថ្លែងប្រាប់អ្នកដំណើរ នៅក្នុងយន្ដហោះថា ប្រអប់នោះមានផ្ទុក «បេះដូងមនុស្ស»។ ប៉ុន្តែអ្នកនាំពាក្យក្រុមហ៊ុន មិនបានបញ្ជាក់លំអិតបន្ថែម ពីករណីនេះទេ។
ការភ្លេចភ្លាំងនេះ អាចធ្វើឲ្យខាតបង់ពេលវេលា ដ៏មានតម្លៃបំផុត ដល់ទៅ៤ម៉ោង៖ ៣ម៉ោង ជាពេលវេលាហោះទៅហោះមក ខណៈមួយម៉ោងទៀត សម្រាប់ដឹកទៅកាន់មន្ទីរពេទ្យ។ អ្នកជំនាញបានពន្យល់ថា បេះដូងមនុស្សអាចរក្សាទុកបាន ត្រឹមតែរវាង ពី៤ ទៅ៦ម៉ោងប៉ុណ្ណោះ មុននឹងវាត្រូវបានយកទៅផ្សាំ ជាមួយរាងកាយថ្មី។
ស្រង់សំដី ដោយសារព័ត៌មានដដែល គ្រូពេទ្យមួយរូប ដែលស្ថិតនៅក្នុងយន្ដហោះដែរ បានវាយតម្លៃការភ្លេចភ្លាំងនេះ ថាជារឿងដ៏អាក្រក់ ព្រោះវាជា «ការខ្ជីខ្ជាមិនគួរឲ្យជឿសោះឡើយ»។