អង្គការសហប្រជាជាតិ «អ.ស.ប» បានសម្រេចព្យួរមន្ត្រីពីររូប ពីការងារ នៅក្នុងប្រទេសអ៊ីស្ត្រាអែល បន្ទាប់ពី«វីដេអូរួមភេទក្នុងរថយន្ដការងារ»មួយ ត្រូវបានបង្ហោះ យ៉ាងគគ្រឹកគគ្រេង នៅតាមបណ្ដាញសង្គម។
អ្នកនាំពាក្យអង្គការពិភពលោក បានថ្លែងកាលពីយប់ថ្ងៃព្រហស្បត្តិ៍ថា ចំណាត់ការព្យួរបុគ្គលិក ទាំងពីររូប ធ្វើឡើងជាបណ្ដោះអាសន្ន នៅក្នុងអំឡុងពេល នៃការស៊ើបអង្កេតផ្ទៃក្នុង ដែលបានរកឃើញ ពីកំហុសរបស់ពួកគេ រាប់បញ្ចូលទាំង«អាកប្បកិរិយាមិនល្អ តាមផ្លូវភេទ» ដែលពួកគេបានប្រព្រឹត្តិ នៅក្នុងរថយន្ដការងារ។
អ្នកនាំពាក្យបានអះអាងបន្ថែមថា វាសនារបស់មន្ត្រីទាំងពីរ នឹងត្រូវសម្រេចជាស្ថាពរ នៅពេលណា ដែលការស៊ើបអង្កេតខាងលើ បានបិទបញ្ចប់។
«វីដេអូរួមភេទក្នុងរថយន្ដការងារ» ត្រូវបានបង្ហោះ នៅតាមបណ្ដាញសង្កម ចាប់ពីសប្ដាហ៍កន្លងមក និងទម្លាយឲ្យឃើញ ពីសកម្មភាព«ដ៏ចម្លែកៗ» នៅក្នុងរថយន្ដពណ៌ស ដែលមានបិតផ្លាក «UN» និងដែលកំពុងបើកបរ នៅលើមហាវិថីមួយ នៃរដ្ឋធានី តែវអាវីវ (អ៊ីស្ត្រាអែល)។
នៅលើកៅអីក្រោយ នៃរថយន្ដនោះ គេឃើញស្ត្រីម្នាក់ ស្លៀកសំពត់រ៉ូបពណ៌ក្រហម កំពុងអង្គុយ«បែបរង្គើៗ» ពីលើបុរសពាក់ឯកសណ្ឋាន ជាមន្ត្រី អ.ស.ប ដែលបានប្រើដៃខ្លួន ចាប់ចង្កេះស្ត្រីរូបនោះ ហាក់ខ្លាចរបូត។ គេឃើញបុរសម្នាក់ទៀត ដែលអង្គុយលើកៅអីខាងមុខ តែបុរសម្នាក់នេះ ដូចជាមិនបានខ្វាយខ្វល់ ពីសកម្មភាព«ដ៏ចម្លែកៗ» នៅខាងក្រោយខ្លួនទេ។
បើតាមមន្ត្រីអ្នកនាំពាក្យ ឲ្យដឹងថា មន្ត្រី«អ.ស.ប»ទាំងនេះ មានវត្តមាននៅក្រុង «Jérusalem» ដើម្បីបំពេញបេសកកម្ម ឃ្លាំមើល និងថែរក្សាបទឈប់បាញ់ នៅក្នុងតំបន់៕