អាស៊ី-ប៉ាស៊ីភិក

បោះឆ្នោត​ជាតិ​ថៃ៖ គណបក្ស​«ស្និតយោធា»​កំពុងនាំមុខ

បណ្ដាជនថៃម្ចាស់ឆ្នោត ប្រមាណ ៧,៣លាននាក់ ពីក្នុងចំណោមអ្នកចេញទៅបោះឆ្នោត ប្រមាណជាង៥០លាននាក់ ក្នុងថ្ងៃអាទិត្យនេះ បានបោះឆ្នោត​គាំទ្រគណបក្ស «អំណាចរដ្ឋ» (Palang Pracharat Party) ដែលមាននិន្នាការ«ស្និតយោធា»។ នេះបើតាមតួលេខ ដែលធ្លាក់មកដល់ក្នុងជំហានដំបូង។

ជាការបោះឆ្នោតលើកដំបូង បន្ទាប់ពីប្រទេសថៃ បានធ្លាក់ក្រោមការគ្រប់គ្រងដោយយោធា ដែលបានធ្វើរដ្ឋប្រហារ ទម្លាក់នាយករដ្ឋមន្ត្រី អ្នកស្រី ឡាក់យីង ស៊ីនណាវ៉ាត្រា (Yingluck Shinawatra) កាលពីឆ្នាំ២០១៤។

តួលេខដដែល បានបន្តឲ្យដឹងទៀតថា គណបក្សជួយថៃ (Pheu Thai Party) ដែលជាគណបក្សប្រឆាំង មាននិន្នការស្និតនឹងត្រកូល ស៊ីណាវ៉ាត្រា បានតាមប្រកិតពីក្រោយ ជាមួយនឹងសន្លឹកឆ្នោតប្រមាណជា ៦,៨លានសម្លេង។

មកដល់ម៉ោងនេះ សន្លឹកឆ្នោតប្រមាណជា ៩០ភាគរយ ត្រូវបានរាប់រួចរាល់។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងត្រឡប់មកជម្រាបជូនជាបន្ត ពីលទ្ធផលនៃការបោះឆ្នោតមួយនេះ ក្នុងពេលខាងមុខ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។