អាស៊ី-ប៉ាស៊ីភិក

បោះឆ្នោត​ថៃ៖ អាមេរិក​សាទរ​«សញ្ញាវិជ្ជមាន»​នៃ​ដំណើរការ​ប្រជាធិបតេយ្យ

សហរដ្ឋអាមេរិកបានសំដែងការសាទររបស់ខ្លួន នៅថ្ងៃអង្គារនេះ ចំពោះការបោះឆ្នោតជាតិ នៅក្នុងប្រទេសថៃ ថាជា«សញ្ញាវិជ្ជមាន» ដើម្បីការវិលត្រឡប់ ទៅរករដ្ឋាភិបាលមួយ តាមបែបប្រជាធិបតេយ្យវិញ។ យ៉ាងណា ក្រុមគណបក្សប្រឆាំង បានលើកឡើងថា ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ មានជាប់ដិតដាម ដោយភាពមិនប្រក្រតីជាច្រើន។

លទ្ធផលបណ្ដោះអាសន្ន ដែលចេញផ្សាយនៅថ្ងៃចន្ទ បង្ហាញថា ក្រុមយោធាថៃទំនងជានៅតែបន្តអំណាច ក្នុងការគ្រប់គ្រង ព្រះរាជាណាចក្រមួយនេះ ដោយសារតែខ្លួនបានត្រៀម​ទុកជាមុន នូវការតែងតាំងសមាជិកព្រឹទ្ធសភា ជាច្រើនរយណាស់ (២៥០នាក់ចេញពីកងទ័ព) ដើម្បីមានសិទ្ធិ ក្នុងការជ្រើសរើសរដ្ឋាភិបាលដែរនោះ។

ប៉ុន្តែគណបក្សជួយថៃ (Pheu Thai Party) ដែលទទួលបានសម្លេងតិច តែគណនាបានអសនៈ ក្នុងរដ្ឋសភាច្រើនជាងនោះ បានអះអាងពីសិទ្ធិ ក្នុងការរៀបចំរដ្ឋាភិបាល របស់ខ្លួនដូចគ្នា។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ដែលត្រូវបានក្រុមយោធា ធ្វើរដ្ឋប្រហារ បណ្ដេញចេញពីអំណាច កាលពីឆ្នាំ២០០៦ បានប្រកាសកាលពីថ្ងៃចន្ទ​ម្សិលម៉ិញ តាមសារព័ត៌មាន «The New York Time» បរិហារការបោះឆ្នោតមួយនេះ ថាជាការបោះឆ្នោត «ក្លែងក្លាយ»។

សម្រាប់សហរដ្ឋអាមេរិក ចាត់ទុកការបោះឆ្នោតមួយនេះ ថាជា«សញ្ញាវិជ្ជមាន» ដោយសារ មានការផ្សព្វផ្សាយយ៉ាងរឹងមាំ ស្ដីពីដំណើរការបោះឆ្នោត និងការជជែកវែកញែក យ៉ាងទូលំទូលាយ។ លោក «Robert Palladino» អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានថ្លែងឡើងថា៖

«ការបោះឆ្នោត ដែលរួមមាន ទាំងការផ្សព្វផ្សាយ​យ៉ាងរឹងមាំ ស្ដីពីដំណើរការ​បោះឆ្នោត និងការជជែកវែកញែក យ៉ាងទូលំទូលាយ ជាសញ្ញាវិជ្ជមាន សម្រាប់ការវិលត្រឡប់ ទៅរករដ្ឋាភិបាលមួយ តាមបែបប្រជាធិបតេយ្យវិញ ដែលឆ្លុះបញ្ចាំង ពីឆន្ទះពលរដ្ឋ។»

«យើងគាំទ្រប្រជាជនថៃ នៅក្នុងការអំពាវនាវរបស់ពួកគេ ឲ្យមានការប្រកាសលទ្ធផលឆ្នោតទាំងអស់ ក្នុងពេលដ៏ឆាប់រហ័ស និងបើកឲ្យមានការស៊ើបអង្កេត ប្រកបដោយយុត្តិធម៌ និងតម្លាភាព ទៅលើភាពមិនប្រក្រតីនីមួយៗ ដែលត្រូវបាន​លើកឡើង។»

មន្ត្រីអ្នកនាំពាក្យដដែល បានបញ្ជាក់ថា សហរដ្ឋអាមេរិកមានបំណង នឹងធ្វើការជាមួយរដ្ឋាភិបាលថ្មី ដែលចេញពីការបោះឆ្នោត ហើយមិនគាំទ្រជាលក្ខណៈបុគ្គល នូវបេក្ខជន ឬគណបក្សណាមួយឡើយ។ លោកបន្តថា សហរដ្ឋអាមេរិកគាំទ្រ តែ«ដំណើរការប្រជាធិបតេយ្យ»ប៉ុណ្ណោះ៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។