អាស៊ី-ប៉ាស៊ីភិក

Covid-19៖ ថៃសាក​វ៉ាក់សាំងចម្រាញ់​ពីរុក្ខជាតិ លើមនុស្ស​នៅខែមេសា

សហគ្រាសផលិត​ឱសថ «Baiya Phytopharm» របស់ប្រទេសថៃ នឹងធ្វើការសាកល្បង លើមនុស្ស​នៅខែមេសា ខាងមុខ នូវ​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ (Covid-19) របស់ខ្លួន ដែលត្រូវបានចម្រាញ់ចេញ ពីរុក្ខជាតិ។ នេះ បើតាមការអះអាង របស់លោក «Thewin Wongwanich» ប្រធានអនុគណៈកម្មាធិការ​ផែនការ​អភិវឌ្ឍ​សហគ្រាសរដ្ឋ ក្នុងដើមសប្ដាហ៍នេះ។

ស្រង់សំដីដោយសារព័ត៌មាន ក្នុងប្រទេសថៃ លោក «Thewin Wongwanich» បានអះអាងថា៖

«វ៉ាក់សាំងមួយ ពីចំណោមវ៉ាក់សាំង ដែលផ្ដល់ប្រសិទ្ធិភាពដ៏ខ្ពស់ ក្នុងការបង្ការជំងឺកូវីដ គឺជាផលិតផលស្រាវជ្រាវ របស់សហគ្រាស “Baiya Phytopharm” ដែលបង្កើតឡើង ដោយក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ ជូឡាឡុងកន។ វ៉ាក់សាំង​របស់​សហគ្រាស​នេះ ត្រូវបានចម្រាញ់ចេញពីរុក្ខជាតិ និងត្រូវបានធ្វើតេស្ដិ៍ ទៅលើសត្វរួចហើយ ក្នុងមន្ទីរពិសោធន៍។»

បើតាមគម្រោង របស់សហគ្រាសខាងលើ ឲ្យដឹងថា ការធ្វើតេស្ដិ៍ទៅលើមនុស្ស នឹងចាប់ផ្ដើមធ្វើពីខែមេសា ហើយមានរយៈពេល រហូតដល់ខែមិថុនាខាងមុខ។

មកដល់ពេលនេះ វ៉ាក់សាំងចំនួនបី ដែលត្រូវបានអះអាង ពីប្រសិទ្ធិភាពដ៏ខ្ពស់​របស់វា ក្នុងកម្រិតសាកល្បងទៅលើមនុស្ស។ ឱសថបង្ការទាំងបីនោះ រួមមានវ៉ាក់សាំងរបស់សហគ្រាស៖

  • «Pfizer» ដែលសហការជាមួយ សហគ្រាសជីវៈបច្ចេកវិទ្យា «BioNTech» របស់អាល្លឺម៉ង់
  • «Moderna» របស់សហរដ្ឋអាមេរិក និង
  • «AstraZeneca» ដែលសហការជាមួយ សកលវិទ្យាល័យ «Oxford» របស់អង់គ្លេស

ប្រទេសសិង្ហបូរី បានអះអាងថា ខ្លួនបានបញ្ជាទិញ​វ៉ាក់សាំង «Pfizer-BionNTech» របស់អាល្លឺម៉ង់ ហើយត្រៀមទទួលវ៉ាក់សាំង មកចាក់ជូនពលរដ្ឋសិង្ហបូរី នៅក្នុងចុងឆ្នាំ២០២០នេះ។ ខណៈប្រទេសថៃវិញ បញ្ជាក់ថា ខ្លួនបានចុះហត្ថលេខា ក្នុងទឹកប្រាក់ ៦ពាន់លានបាត ដើម្បីទិញវ៉ាក់សាំង «AstraZeneca-Oxford» របស់អង់គ្លេស និងអាចចាក់ជូន​ពេលរដ្ឋថៃ ចាប់ពីអំឡុងពាក់កណ្ដាល​ឆ្នាំ២០២១​ ខាងមុខតទៅ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។