អាស៊ី-ប៉ាស៊ីភិក

Covid-19៖ អៀរ៉ង់ហាមឃាត់វ៉ាក់សាំង របស់​អាមេរិក និងអង់គ្លេស

មគ្គុទេសន៍ដ៏កំពូល (Ayatolla) របស់ប្រទេសអៀរ៉ង់ លោក «Ali Khamenei» បានប្រកាសនៅថ្ងៃសុក្រទី៨ ខែមករានេះ ហាមឃាត់ការនាំចូល នូវថ្នាំវ៉ាក់សាំង​បង្ការជំងឺកូវីដ (Covid-19) ដែលផលិតដោយសហរដ្ឋអាមេរិក និងអង់គ្លេស ដោយលើក​យកមកមូលហេតុ មកបញ្ជាក់ថា ថ្នាំវ៉ាក់សាំងទាំងនេះ អាចជាភ្នាក់ងារ​«ចម្លងរោគ» នៅក្នុង​ប្រទេស​របស់លោក។

លោក «Ali Khamenei» ដែលជាមេដឹកនាំសាសនា ​ខ្ពស់ជាងគេបំផុត​នៅក្នុងប្រទេស  បានបង្ហោះសារ​ជាភាសាអង់គ្លេស នៅលើ​ទំព័រទ្វីសធើរ​របស់លោកថា៖

«ហាមនាំចូល នូវថ្នាំវ៉ាក់សាំង ដែលផលិតនៅសហរដ្ឋអាមេរិក និងនៅចក្រភពអង់គ្លេស។ យើងមិនអាចទុកចិត្តទាំងស្រុង ចំពោះពួកគេបានទេ។ ហើយវាក៏អាចទៅរួចដែរ ក្នុងការបង្កើត​ឲ្យមានការឆ្លង ក្នុងប្រទេសផ្សេងទៀត។»

ថ្នាំវ៉ាក់សាំង ដែលរងការហាមឃាត់ក្នុងប្រទេសអៀរ៉ង់ រួមមាន «Pfizer/BioNTech» «Moderna» និង«AstraZeneca/Oxford» ខណៈថ្នាំវ៉ាក់សាំងទាំងនេះ ត្រូវបានចែកចាយ នឹងចាក់ជូនមនុស្ស យ៉ាងទូលំទូលាយ នៅក្នុងសហភាពអ៊ឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក រួមនឹងប្រទេសជាច្រើនផ្សេង នៅពាសពេញពិភពលោកផង។

កំពូលមគ្គុទេសន៍អៀរ៉ង់ បានបន្តថា៖

«មើលតាមបទពិសោធន៍ ដែលមេរោគអេដស៍ (HIV) ត្រូវបានចម្លងតាមឈាម នាំចូលពីបារាំងនោះ ថ្នាំវ៉ាក់សាំងរបស់ប្រទេសបារាំង ក៏មិនទទួលបាន​ការទុកចិត្ត​ដូចគ្នាដែរ។»

អៀរ៉ង់​ជាប្រទេសមួយ ដែលទទួលរងការរាតត្បាត ពីជំងឺកូវីដ (Covid-19) ខ្លាំងជាងគេ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ មកដល់ពេលនេះ ប្រទេសអៀរ៉ង់ មានអ្នកជំងឺសរុប ប្រមាណជាង១លាន៣សែននាក់ និងអ្នកជំងឺស្លាប់ ប្រមាណជាង៥ម៉ឺន៦ពាន់នាក់។

លោក «Ali Khamenei» បានអះអាងទៀតថា៖

«បើពួកអាមេរិកាំង មានលទ្ធភាពផលិតថ្នាំវ៉ាក់សាំង [ដែលត្រឹមត្រូវ តាមផ្លូវធម៌] មែននោះ ម្លេះសោកនាដកម្ម​ដែលទាក់ទង​នឹងជំងឺកូវីដ មិនកើតឡើង​ក្នុងស្រុកខ្លួនឯង រហូតបណ្ដាលឲ្យមានមនុស្សស្លាប់ ៤០០០នាក់ តែក្នុងមួយថ្ងៃនោះទេ៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។