អាស៊ី-ប៉ាស៊ីភិក

ឯកអគ្គរដ្ឋទូត​ចិន នៅ​អ៊ីស្ត្រាអែល ស្លាប់​ដោយ​អាការៈ​«គាំងបេះដូង»

នគរបាលអ៊ីស្ត្រាអែល បានអះអាងថា ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅ​អ៊ីស្ត្រាអែល ទំនងជា​បានស្លាប់ ដោយអាការៈ«គាំងបេះដូង» នៅក្នុងដំណេក​របស់លោក។

លោក ឌុយ វៃ (Du Wei) ដែលទើបនឹង​ចូលមកកាន់តំណែង កាលពីខែកុម្ភៈ ធ្វើជា​មន្ត្រី​ការទូត​ចិន ប្រចាំនៅរដ្ឋធានី តែលអាវីវ ត្រូវបានរកឃើញស្លាប់ នៅថ្ងៃអាទិត្យទី១៧ ខែ​ឧសភា​ម្សិលម៉ិញ នៅក្នុង​និវេសដ្ឋានខ្លួន ដែលស្ថិត​ក្នុង​​សង្កាត់​ជាយក្រុងមួយ ឈ្មោះ​«Herzliya»។

ប្រភពស្និតនឹងសំនុំរឿង បានអះអាងថា ក្នុងពេលភ្លាមៗ នគរបាលអ៊ីស្ត្រាអែល ដែលបាន​ចុះ​ទៅផ្ទាល់កន្លែង បានបើកការស៊ើបអង្កេត នៅចំពោះករណីមរណភាព ដ៏ទាន់ហន់នេះ។ ប្រភពដដែលនោះ ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក បានអះអាងថា លោកឯកអគ្គរដ្ឋទូត ទំនងជាបានស្លាប់ ដោយអាការៈ«គាំងបេះដូង» ក្នុងយប់ថ្ងៃសៅរ៍ ចូលមកថ្ងៃអាទិត្យ។

ក្រសួងការបរទេសអ៊ីស្ត្រាអែល បានអះអាងប្រហាក់ប្រហែលគ្នាថា គ្រប់ភស្ដុតាង​ដែល​ទទួល​បាន បញ្ជាក់ពី​មរណភាព «តាមបែបធម្មជាតិ» របស់លោក ឌុយ វៃ។

រីឯក្រសួងការបរទេសចិនវិញ បានលើកឡើងថា ខ្លួននឹងធ្វើអត្ថាធិប្បាយ នៅលើ​សំនុំរឿង​នេះ នៅពេលណា ដែលខ្លួន​ទទួលបាន​ព័ត៌មាន​«រឹងមាំ»​ជាមុនសិន។ តែប្រភពមួយ ដែល​ត្រូវបាន​​ស្រង់សំដី ដោយ​បណ្ដាញព័ត៌មាន​​បារាំង «France Info» បានអះអាងថា ក្រសួង​ការបរទេស​ចិន អះអាងពីមរណភាពដ៏ទាន់ហន់ និងតាមបែបធម្មជាតិ នៃមន្ត្រីការទូត​របស់ខ្លួន។

មរណភាពរបស់លោក បានកើតឡើង នៅតែប៉ុន្មានថ្ងៃ ក្រោយដំណើរទស្សនកិច្ច របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃ ភមភីអូ (Mike Pompeo) នៅក្នុង​ប្រទេស​អ៊ីស្ត្រាអែល។

ប្រភពព័ត៌មានជាច្រើន អះអាងថា ប្រមុខការទូតអាមេរិក បានលើកឡើង កាលពី​ពេល​ថ្មីៗនេះ ទាមទារ​ឲ្យអ៊ីស្ត្រាអែល ដាក់កំហិត ទៅលើការវិនិយោគរបស់ចិន នៅក្នុង​វិស័យ​ជាយុទ្ធសាស្ត្រ​មួយចំនួន នៅលើ​ទឹកដី​អ៊ីស្ត្រាអែល។

លោក វៃ មានសញ្ញាប័ត្រច្បាប់ និងធ្លាប់ជា​ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសអ៊ុយក្រែន រវាងពីឆ្នាំ ២០១៦ មកទល់នឹងឆ្នាំ ២០១៩។ នៅមុនឆ្នាំ២០១៦ លោក ឌុយ វៃ មានតំណែង​ជានាយករង នៃនាយកដ្ឋាន​គម្រោង​នយោបាយ របស់ក្រសួង​ការបរទេសចិន។

នៅមុន និងក្នុងពេលកើតហេតុ ភរិយា និងកូនប្រុសរបស់លោក ឌុយ វៃ មិនបាន​រស់នៅ​អ៊ីស្ត្រាអែល ជាមួយលោកនោះទេ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។