អាស៊ី-ប៉ាស៊ីភិក

កំពូល​អ្នកប្រដាល់​ហ្វីលីពីន ប្រកាសបេក្ខភាព​ប្រជែងប្រធានាធិបតី ឌូតែតេ

កំពូល​អ្នកប្រដាល់​ហ្វីលីពីន ដ៏មានប្រជាប្រិយភាព លោក មានី ផាគីអៅ (Manny Pacquiao) បានប្រកាសបេក្ខភាពរបស់លោក ក្នុងថ្ងៃអាទិត្យនេះ ដើម្បីឈានទៅប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២២ខាងមុខ។ លោក ផាគីអៅ នឹងក្លាយជាបេក្ខជនប្រជែង នឹងប្រធានាធិបតីផុតតំណែង លោក រ៉ូឌ្រីចូ ឌូតែតេ (Rodrigo Duterte)។

លោក មានី ផាគីអៅ ដែលអ្នកផងស្គាល់ នៅលើសង្វៀនប្រដាល់ ជាមួយនឹងរហស្សនាម «Pac Man» របស់លោក បានប្រកាសឡើងថា៖

«ពេលវេលា បានមកដល់ហើយ។ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី។»

ការប្រកួតចុងក្រោយ របស់លោក ផាគីអៅ ធ្វើឡើងកាលពីថ្ងៃទី២២ ខែសីហាកន្លងមក ទល់នឹងអ្នកប្រដាល់ជាតិ គុយបា លោក «Yordenis Ugas» នៅលើសង្វៀនប្រកួត នៃក្រុង ឡាស វេហ្គាស សហរដ្ឋអាមេរិក។ តែលោក ផាគីអៅ ទួលបានលទ្ធផលបរាជ័យ នៅក្នុងការប្រកួតនោះ។

យ៉ាងណាក្ដី លោក ផាគីអៅ ដែលធ្លាប់ឈ្នះជាជើងឯកច្រើនដង និងជាម្ចាស់៨ខ្សែក្រវ៉ាត់ (ទម្ងន់ផ្សេងគ្នា) នៅតែជាមោទនភាពដ៏ខ្លាំងក្លា សម្រាប់បណ្ដាជនហ្វីលីពីន។ លោកចេញប្រកួតដំបូង ជាលក្ខណៈអាជីព នៅឆ្នាំ១៩៩៥ ជាមួយតម្លៃខ្លួនប្រមាណ តែជាង២០ដុល្លាប៉ុណ្ណោះ។ តែនៅថ្ងៃនេះ ប្រាក់កម្រៃ​ដែលលោកទទួលបាន អំពីការចេញប្រដាល់ទាំងឡាយ មានកម្រិតសរុប រហូតដល់ទៅជាង៥០០លានដុល្លារ។

លោក ផាគីអៅ មិនទទួលបានភាពជោគជ័យទេ នៅពេលលោកហក់ចូល ក្នុងសង្វៀននយោបាយដំបូង នៅឆ្នាំ២០០៧ ដើម្បីចូលរួមប្រកួតក្នុងការជ្រើសតាំងតំណាងរាស្ត្រ។ លុះមកដល់ឆ្នាំ២០១០ ទើបលោកបានជាប់ឆ្នោត ជាតំណាងរាស្ត្រ មុននឹងក្លាយជាសមាជិកព្រឹទ្ធសភា នៅឆ្នាំ២០១៦។

បណ្ដាជនហ្វីលីពីនទូទៅ មានសមានចិត្តស្រឡាញ់លោក ផាគីអៅ ដ៏ជ្រាលជ្រៅ ដោយហេតុផលច្រើនយ៉ាង៖ ម្យ៉ាងគឺដោយសារ ​«កំពូល​អ្នកប្រដាល់​ហ្វីលីពីន»​រូបនេះ កើតចេញពីត្រកូលក្រីក្រ និងម្យ៉ាងទៀត គឺដោយសារលោកជាមនុស្ស ដែលមានចិត្តសប្បុរស។ ជាពិសេស លោក ផាគីអៅ ដែលធ្លាប់ជាអ្នកគាំទ្រ​​ប្រធានាធិបតី​ផុតអាណត្តិ លោក រ៉ូឌ្រីចូ ឌូតែតេ ក៏ត្រូវបានគេស្គាល់ដែរ ថាលោកមានសំដីត្រង់ទៅត្រង់មក មិនសូមប្រើសំដីការទូតច្រើនឡើយ។

ក្នុងពេលកន្លងមក លោក ផាគីអៅ បានប្រកាសរួចជាស្រេច ថាលោក​ត្រៀមកណ្ដាប់ដៃដែក ដើម្បីចាប់អ្នកនយោបាយបោកប្រាសទាំងឡាយ ដាក់ពន្ធនាគារដ៏ធំសម្បើមមួយ ដែលត្រូវបានសង់ឡើង សម្រាប់តែពួកគេ។

លោកបានថ្លែងនៅមុខអ្នកគាំទ្រថា៖

«ចំពោះអ្នកដែលសួរខ្ញុំថា តើជំនាញ និងសមត្ថភាពរបស់ខ្ញុំជាអ្វី? អញ្ចឹងខ្ញុំសួរទៅវិញ ថាតើអ្នកធ្លាប់ទទួលរង នូវភាពអត់ឃ្លានទេ? (…) តើអ្នកស្គាល់រស់ជាតិ អំពីភាពអត់ឃ្លានឬទេ? តើអ្នកធ្លាប់បានខ្ចីប្រាក់ ពីអ្នកជិតខាងរបស់អ្នក ឬរង់ចាំទទួលកាកសំណល់ ពីភោជនីយដ្ឋានឬទេ?»

«គឺ មានី ផាគីអៅ នៅចំពោះមុខលោកអ្នកនេះហើយ  ដែលត្រូវបានរួមរឹតដោយភាពក្រីក្រ៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។