អាស៊ី-ប៉ាស៊ីភិក

អង្គការលើកលែងទោស បរិហារចិន​ថាប្រើ​កីឡាអូឡាំពិក​ដើម្បី​«ឃោសនា»

អង្គការលើកលែងទោស (Amnesty International) បានលើកឡើងថា សហគមន៍អន្តរជាតិមិនត្រូវបណ្ដោយឲ្យចិន ប្រើប្រាស់កីឡាអូឡាំពិកសិសិររដូវ ដើម្បី«ឃោសនា»ឲ្យរបបដឹកនាំរបស់ខ្លួន យ៉ាងគឃ្លើននោះឡើយ។

ក្នុងសេចក្ដីថ្លែងការណ៍ របស់អង្គការខាងលើ ដែលចេញផ្សាយ កាលពីសប្ដាហ៍មុន បានអះអាងថា របបដឹកនាំកុម្មយនីស្ដិ៍នៅប៉េកាំង ច្បាស់ជាប្រើព្រឹត្តិការណ៍កីឡាអូឡាំពិកសិសិររដូវ (ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២០កុម្ភៈខាងមុខ) ដើម្បី«បំភ័ន្ដ»ចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិ ឲ្យងាកចេញពីការរំលោភសិទ្ធិមនុស្ស ដែលកំពុងកើតមាន នៅក្នុងប្រទេសចិន ជាពិសេសក្នុងខេត្ត«Xinjiang» ទៅលើបណ្ដាជនឥស្លាម អ៊ូយហ្គោ (Ouïghour)។

អង្គការលើកលែងទោស ដែលមានស្នាក់ការធំកណ្ដាល ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស បានព្រមានចំពោះការ«ឃោសនា» របស់ចិនថា៖

«ពិភពលោកត្រូវដកពិសោធន៍ ពីមេរៀននៃកីឡាអូឡាំពិករដូវក្ដៅ ក្នុងរដ្ឋធានីប៉េកាំង ឆ្នាំ២០០៨ ថាការសន្យាទាំងឡាយ​របស់រដ្ឋអំណាចចិន នៃការធ្វើឲ្យចម្រើនឡើង ក្នុងវិស័យសិទ្ធិមនុស្ស មិនដែលទទួលបានលទ្ធផល ជាផ្លែផ្កាពិតប្រាកដនោះទេ។»

កាលពីថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ សមាជិកច្រើនសិបនាក់របស់អង្គការខាងលើ បានធ្វើបាតុកម្ម នៅច្រើនកន្លែង ដូចជានៅខាងមុខរដ្ឋសភាជាតិបារាំង ក្នុងរដ្ឋធានីប៉ារីស (ប្រទេសបារាំង) និងនៅខាងមុខស្ថានទូតចិន ប្រចាំរាជធានីព្រុយសែល (ប្រទេសប៊ែលហ្សិក) ជាដើម។ ពួកគេបានស្នើឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស ចំនួន៥នាក់ រួមមាន៖

អ្នកកាសែតពលរដ្ឋ អ្នកស្រី «Zhang Zhan», សាស្ត្រាចារ្យសាកលវិទ្យាល័យ ជាតិអ៊ូយហ្គោ លោក «Ilham Tohti», អ្នកការពារសិទ្ធិការងារ អ្នកស្រី «Li Qiaochu», មេធាវីជំនាញខាងសិទ្ធិមនុស្ស លោក «Gao Zhisheng» និងអ្នកសរសេរប្លូក ជាតិទីបេ ព្រះសង្ឃ «Rinchen Tsultrim»។

លោក «Philippe Givron» អ្នកសម្របសម្រួលរបស់អង្គការលើកលែងទោស ប្រចាំក្នុងប្រទេសប៊ែលហ្សិក បានពន្យល់ថា៖

«យើងស្នើសុំ​ឲ្យមាន​ការដោះលែង សកម្មជនការពារសិទ្ធិមនុស្​សទាំង៥រូបខាងលើ ក៏ដូចជាអ្នកទោសមនសិការ​ទាំងអស់ផ្សេងទៀត ដែលកំពុងជាប់ឃុំក្នុងប្រទេសចិន ដោយគ្រាន់តែ​ពួកគេធ្វើការបញ្ចេញមតិ ដែលមិនស្រប​នឹងរបបកុម្មយនីស្ដិ៍។»

អង្គការខាងលើ បានជំរុញឲ្យ​គណៈកម្មការអន្តរជាតិ នៃកីឡាអូឡាំពិក (CIO) គួរដាក់​កំហិតទៅអាជ្ញាធរចិន ត្រូវគោរព​ការ​ប្តេជ្ញាចិត្ត​របស់ខ្លួន ជុំវិញវិស័យ​សិទ្ធិ​មនុស្ស ក្នុងនោះមាន​ការ​គោរព​សេរីភាព​សារព័ត៌មាន សិទ្ធិ​កម្មករ សិទ្ធិ​នៃ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ក៏ដូចជាសិទ្ធិសេរីភាពបញ្ចេញមតិ របស់​អត្តពលិក។

អង្គការអន្តរជាតិ បានលើកយកករណីរបស់កីឡាការិនី វាយតឺនីស កញ្ញា «Peng Shuai» ដែលបានបាត់ខ្លួនជាសាធារណៈ បន្ទាប់ពីនាងបាននិយាយ ក្នុងបណ្ដាញសង្គម កាលពីឆ្នាំកន្លងទៅ ចោទអតីត​ឧបនាយករដ្ឋមន្ត្រីចិនមួយរូប ថាបានបំពានផ្នែកផ្លូវភេទ ទៅលើរូបនាង។ កញ្ញា «Peng Shuai» ធ្លាប់បានចូលរួម​ក្នុងព្រឹត្តិការណ៍​កីឡាអឡាំពិក ចំនួន៣លើក​រួចមកហើយ។

នៅចំពោះ​ការព្រួយបារម្ភខាងលើ សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងចក្រភពអង់គ្លេស បានប្រកាសថា ខ្លួននឹងមិនបញ្ជូន​អ្នកតំណាងផ្លូវការរបស់ផងខ្លួន ទៅកាន់ព្រឹត្តិការណ៍ កីឡាអូឡាំពិកសិសិររដូវខាងមុខ ក្នុងរដ្ឋធានីប៉េកាំងទេ ដោយបញ្ជាក់ថា «អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងខេត្ត”Xinjiang” ក៏ដូចជា​ការរំលោភសិទ្ធិមនុស្សដទៃទៀត» ស្ថិតក្នុងមូលហេតុជាច្រើន នៃការសម្រេចចិត្តរបស់ខ្លួន៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។