អាស៊ី-ប៉ាស៊ីភិក

អាហ្វហ្គានីស្ដង់៖ និស្សិតស្ត្រី​ត្រូវកំហិត ឲ្យពាក់ស្បៃ​បិទមុខ

ចាប់ពីថ្ងៃចន្ទនេះតទៅ និស្សិតស្ត្រីទាំងឡាយ នៅក្នុងប្រទេសអាហ្វហ្គានីស្ដង់ ត្រូវកំហិត ឲ្យពាក់ស្បៃ​បិទមុខ (ទុកប្រឡោះភ្នែក) និងគ្របបាំងកាយ «Abaya / Niqab» ដើម្បីទៅរៀន។ នេះ បើតាមក្រឹត្យមួយ ដែលជាក្រឹត្យដំបូង ចេញផ្សាយដោយក្រុមតាលីបង់ (Taliban) នៅថ្ងៃអាទិត្យទី៥ ខែកញ្ញា មួយថ្ងៃមុនថ្ងៃបវេស្សនកាល ដែលនឹងមកដល់ ក្នុងថ្ងៃចន្ទ។

ក្នុងក្រឹត្យដែលចុះថ្ងៃខែ តាំងពីថ្ងៃសៅរ៍ ក្រុមតាលីបង់បានកំហិតឲ្យនិស្សិតស្ត្រីទាំងឡាយ ត្រូវចេញពីថ្នាក់រៀន ឲ្យបាន៥នាទី​មុននិស្សិតបុរស និងត្រូវចូលទៅរង់ចាំ​ក្នុងបន្ទប់មួយ រហូតលុះត្រា​និស្សិតបុរស​ចាកចេញអស់។

រីឯសាកលវិទ្យាល័យវិញ ត្រូវរើសបន្ថែម នូវគ្រូបង្រៀនស្ត្រី ឬយ៉ាងហោចណាស់ ត្រូវរើសរកគ្រូបង្រៀនបុរស ដែលមានវ័យ«ចំណាស់» និងមានឫកពារស្មារតី​«ស្មាតស្អំ» ដើម្បីបង្រៀនតែនិស្សិតស្ត្រី។

ក្នុងពេលចូលកាន់អំណាច ជាលើកទី១ រវាងពីឆ្នាំ១៩៩៦ មកទល់នឹងឆ្នាំ២០០១ ក្រុមតាលីបង់បានអនុវត្តន៍ច្បាប់ឥស្លាមដ៏តឹងរ៉ឹង ដោយកាត់ផ្ដាច់ស្ត្រី ពីការទាក់ទងជាមួយបុរស ហាមស្ត្រីសឹងតែទាំងអស់ ពីការសិក្សារៀនសូត្រ។ កាលពេលនោះ ស្ត្រីចាំបាច់ត្រូវប្រើស្បៃ«Burka»ដ៏វែង ដើម្បីគ្របបិទបាំងរាងកាយ និងមុខ (ប្រឡោះភ្នែក ក៏ត្រូវបានបាំង ដោយស្បៃដែរ តែមានទុកប្រហោងធំជាង)៕


ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។