រូបភាពដែលនឹកស្មានមិនដល់ តាមរយៈវីដេអូសុវត្ថិភាព៖ ចោរគាស់ផ្ទះ មាឌធំៗពីរនាក់ បាន«រត់បាតជើងសព្រាត» ព្រោះរងការតាមប្រមាញ់ ពី… កូនឆ្កែតូចមួយ។
ហេតុការណ៍ បានកើតឡើង នៅថ្ងៃទី១៣ ខែឧសភា វេលាម៉ោងប្រមាណជា៦ព្រឹក ក្នុងក្រុង «Heatley» នៃរដ្ឋ «Queensland» របស់ប្រទេសអូស្ត្រាលី។
ស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក អ្នកស្រី «Lynda Knuth» អាយុ៧៨ឆ្នាំ ដែលជាម្ចាស់ផ្ទះ គ្រាន់តែបានភ្ញាក់ពីដំណេក ព្រោះសម្លេងព្រុស របស់កូនឆ្កែអ្នកស្រី ដែលមានឈ្មោះ «Marley» ប៉ុណ្ណោះ។
អ្នកស្រីបានតាមទៅមើល ហើយបានឃើញ កូនឆ្កែរបស់អ្នកស្រី កំពុងឈរជំទែងព្រុស នៅខាងមុខផ្ទះ។
ប៉ុន្តែ នៅពេលអ្នកស្រី បានទស្សនាវីដេអូសុវត្ថិភាព ទើបអ្នកស្រីដឹងថា ចោរគាស់ផ្ទះ មាឌធំៗពីរនាក់ បានគាស់ទ្វា ចូលផ្ទះអ្នកស្រី និងបន្ទាប់មកបាន«រត់បាតជើងសព្រាត» ព្រោះត្រូវឆ្កែ «Marley» តាមប្រមាញ់ពីក្រោយ៕