វីដេអូ ពីនេះពីនោះ

ពេលដែល​គ្មានទេសចរណ៍ សត្វសមុទ្រ​មាន​«ជីវិតរីករាយ»​ណាស់!

សត្វជ្រូកទឹក​សមុទ្រ (Dugong) ដែលជិតផុតពូជ ប្រមាណជា៣០ក្បាល ហាក់មាន«ជីវិតរីករាយ»ណាស់ ដោយបានចេញមកលេងទឹករាក់ៗ ក្បែរតំបន់ឆ្នេរ នៃកោះមួយ​ ស្ថិតនៅភាគខាងត្បូង ប្រទេសថៃ កាលពីថ្ងៃពុធកន្លងមក។

រូបភាព ដែលថតពីលើអាកាស ដោយមជ្ឈមណ្ឌលប្រតិបត្តិការជាតិ នៃរមណីដ្ឋានសមុទ្រ របស់ប្រទេសថៃ បានបង្ហាញពីហ្វូងសត្វសមុទ្រទាំងនេះ នៅក្នុងតំបន់ឆ្នេរ នៃកោះ «Libong» ដែលធ្លាប់បាន​ពេញប្រៀប ដោយទេសចរណ៍។

ប៉ុន្តែវិបត្តិជំងឺ «Covid-19» ដែលកំពុងរាតត្បាតពិភពលោក រួមទាំងប្រទេសថៃ បានបណ្ដាល​ឲ្យវិស័យទេសចរណ៍​​ដួលរំលំ សឹងតែដល់ចំណុចសូន្យ។ បណ្ដាជនបរទេស ដែលជាអ្នកទេសចរណ៍ សឹងតែទាំងអស់ បានលប់ចោលដំណើរកំសាន្ដ របស់ពួកគេ ខណៈទេសចរណ៍ដែលនៅផ្ទាល់កន្លែង ត្រូវជាប់បម្រាម ឲ្យសំងំនៅក្នុងផ្ទះ។

ផ្ទុយទៅវិញ ការដួលបះជើងរបស់វិស័យទេសចរណ៍ បានផ្ដល់សុភមង្គល សម្រាប់បរិស្ថានពិភពលោក ជាពិសេសសម្រាប់សត្វសមុទ្រ ក្នុងការរស់នៅ និងមាន​«ជីវិតរីករាយ»​​ តាមធម្មជាតិ​របស់ពួកវា។

សូមជម្រាបដែរថា សត្វជ្រូកទឹកសមុទ្រ ត្រូវបានចាត់ទុក ជាប្រភេទសត្វដ៏កម្រ ដែលអាចនឹងផុតពូជ ពីភពផែនដី។ ក្នុងពេលកន្លងមក គេធ្លាប់បានឃើញសត្វសមុទ្រ មួយប្រភេទនេះ ម្ដងម្កាល និងរស់នៅជាហ្វូង នៅក្នុងតំបន់ឆ្នេរ នៃប្រទេសមួយចំនួន ក្នុងមហាសមុទ្រឥណ្ឌា៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។