វីដេអូ ពីនេះពីនោះ

Covid-19៖ តំណាងមេបា​ក្រុង​ញ៉ូយក​​ប្រកាស​ចំណង​មង្គលការ​ ពីជាន់ទី៤

បញ្ហា បណ្ដាលមកពីមេរោក «កូរូណា» ឬ«Covid-19» ! តំណាងមេបាម្នាក់ នៅក្រុងញូយក បានប្រកាស«ពីជាន់ទី៤» នៃអាគារស្នាក់នៅ ដើម្បីរៀបអាពាហ៍ពិពាហ៍ ឲ្យស្ត្រីអាមេរិកាំងពីររូប កាលពីថ្ងៃសុក្រកន្លងមក។

ទស្សនាវដ្ដី «People» របស់អាមេរិក បានរៀបរាប់ថា តាមគម្រោង កញ្ញា «Reilly Jennings» និងកញ្ញា «Amanda Wheeler» ត្រៀមចូលរោងការ នៅខែតុលាខាងមុខ។ តែនៅចំពោះវិបត្តិ នៃការរាតត្បាតមេរោគ ដ៏ចង្រៃឧបទ្រព «កូរូណា»ឬ«Covid-19» គូស្រករទាំងពីរ បារម្ភខ្លាចថ្ងៃដ៏ល្អនោះ មិនអាចមកដល់ ដូចក្ដីសុបិន្តរបស់ខ្លួន។ 

អញ្ចឹងហើយ ទើបអនាគតគូ«ភរិយា-ភរិយា»ទាំងពីរនាក់ បានសម្រេចប្ដូរគម្រោង ដោយរៀបអាពាហ៍ពិពាហ៍ឲ្យបានឆាប់ មុននឹងទទួលបាន«ភ្លើងខៀវ» ពីសាលាក្រុងញ៉ូយក កាលពីថ្ងៃព្រហស្បត្តិ៍។

តែនៅថ្ងៃនោះ នៅពេលដែលអ្នកទាំងពីរ បានស្លៀកពាក់ រៀបចំខ្លួន ដើម្បីភ្ជាប់ចំណងមង្គលការ របស់ផងខ្លួន ជាផ្លូវការនោះ ស្រាប់តែការិយាល័យមង្គលការ នៃសាលាក្រុងញ៉ូយក បានបិទទ្វា ដោយមិនបានជូនដំណឹងជាមុន ដោយគ្រាន់តែប្រាប់ថា ពិធីមង្គលការនេះ ត្រូវបានលើកទៅថ្ងៃក្រោយ។

កញ្ញា «Reilly Jennings» បានរៀបរាប់ថា៖

«បន្ទាប់ពីបង្ហូរទឹកភ្នែក និងផឹកទឹក (ផ្លែឈើ ឬស្រា?) អស់រយៈពេលជាច្រើនម៉ោងមក ស្រាប់តែមិត្តភ័ក្រយើងម្នាក់ ឈ្មោះ “Matt” បានផ្ញើរសារមកប្រាប់ថា ខ្លួនគេមានអាជ្ញាប័ណ្ណ ជាតំណាងមេបា ហើយថា ខ្លួនគេអាចរៀបមង្គលការ ឲ្យយើងបាន នៅទីណាក៏បាន ក្នុងមួយក្រុងញ៉ូយកនេះ។»

មិនបង្អង់យូរ អនាគតគូ«ភរិយា-ភរិយា» បានសម្រេចធ្វើដំណើរ ទៅកាន់លំនៅដ្ឋាន របស់មិត្តភ័ក្ររបស់ពួកគេម្នាក់នេះ ដែលស្ថិតនៅជាន់ទី៤ នៃអាគារមួយ។ ប៉ុន្តែ​…

ដោយសារមេរោគ «Covid-19»​ ដ៏ចង្រៃ បណ្ដាជនទាំងឡាយ ដែលរស់នៅផ្ទះផ្សេងគ្នា មិនត្រូវនៅក្បែរគ្នា ឲ្យតិចជាង​១ម៉ែត្រ ឬចូលទៅក្នុងផ្ទះ របស់អ្នកដទៃឡើយ។ នេះ ហៅថា «គម្លាតសុវត្ថិភាពសង្គម»​ ដើម្បីបង្ការ​ការឆ្លង​រោគ​ខាងលើ។

អញ្ចឹងហើយ ទើបសាមីខ្លួនទាំងពីរនាក់ ត្រូវឈរនៅខាងក្រោម ដើម្បីស្ដាប់ប្រកាស របស់តំណាងមេបារបស់ខ្លួន ស្រែក«ពីជាន់ទី៤»មក ដើម្បីអនុញ្ញាតឲ្យខ្លួនគេទាំងពីរនាក់ ក្លាយជា«ភរិយា-ភរិយា»ពេញច្បាប់។ កញ្ញា «Reilly Jennings» ដែលពេលនេះ បានក្លាយជា អ្នកស្រី «Reilly Jennings» បានរៀបរាប់ថា៖

«អ្នកជិតខាងទាំងអស់ បានចូលរួមពិធីមង្គលការនេះ ជាមួយមិត្តភ័ក្រជិតដិតរបស់យើង បួននាក់ទៀត។ ក្នុងស្ថានភាពមិនច្បាស់លាស់ និងក្ដីអស់សង្ឃឹម ដែលយើងបានឆ្លងកាត់នេះ ពិធីមង្គលការរបស់យើង ដែលបានធ្វើឡើង តាមរបៀបអ្នកក្រុងញ៉ូយកខាងលើ គឺបែរជាមានលក្ខណៈ ឥតខ្ចោះទៅវិញ៕»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។