ត្រីបាឡែនឈ្មោលមួយក្បាល ដែលមានបណ្ដោយ ប្រវែង១៨ម៉ែត្រ និងទំងន់ ៤០តោន ត្រូវបានរកឃើញស្លាប់ នៅឆកសមុទ្របូហៃ (Bohai) ក្បែរក្រុង «Dalian» (ខេត្តលៀវនីង ភាគឦសានប្រទេសចិន)។ នេះ បើតាមការអះអាង របស់អាជ្ញាធរក្នុងតំបន់ ដែលត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP»។
ប្រភេទសត្វត្រីដ៏ធំសម្បើមដូច្នេះ កម្រត្រូវបានរកឃើញ នៅក្នុងតំបន់នេះណាស់។ ហើយត្រីមួយក្បាលខាងលើ ត្រូវបានរកឃើញស្លាប់ នៅក្នុងតំបន់ទឹករាក់ កាលពីថ្ងៃទី២៧ ខែកុម្ភៈចុងសប្ដាហ៍កន្លងទៅ និងគ្មានស្លាកស្នាមរបួស នៅលើដងខ្លួនរបស់វាទេ។
មជ្ឈមណ្ឌលវប្បធម៌សាធារណៈក្រុង «Dalian» បាននិយាយថា សាកសពត្រីបាឡែនឈ្មោល ត្រូវបានបញ្ជូន ទៅកាន់ស្ថាប័នជំនាញផ្នែកជីវបច្ចេកវិទ្យា ដើម្បីធ្វើកោសល្យវិច្ច័យ មុននឹងយកទៅធ្វើជាគំរូ ក្នុងការបង្កើតរូបសំណាកប្លាស្ទិច ដើម្បីដាក់តាំងបង្ហាញ ក្នុងសារមន្ទីរ៕