«ឆេះ» ៖ តាមពិតទៅ កន្លែងដែលភ្លឺពេក កន្លែងដែលគេចង់ឲ្យឃើញ អាជ័យខ្ញុំមិនសូវជាចង់ឃើញទេ។ ផ្ទុយទៅវិញ អាជ័យខ្ញុំចូលចិត្តត្រសុល ទៅរកកន្លែងណា ដែលងងឹង និងកន្លែងដែលគេមិនចង់ឲ្យដឹង ដោយហេតុថា គឺកន្លែងអញ្ចឹងទៅវិញទេ ដែលសម្បូរដោយអាថ៌កំបាំង នឹងអាលស្រាវជ្រាវរកការពិត យកមកជម្រាបជូនប្រិយមិត្ត។
មិនខុសទេ! កូនស្រីមេបក្សមួយ ដែលគេល្បីថា ជាមេបក្សផ្នែកសិទ្ធិមនុស្ស ហូរចេញពីមាត់ត្រង់ណា ក៏ប្រជាធិបតេយ្យ ក៏អួតអាង ពីការគោរពច្បាប់នោះ ពិតជាសម្បូរដោយអាថ៌កំបាំង ដែលមិនចង់ឲ្យគេឯង ជាពិសេសអ្នកសារព័ត៌មាន ដូចជាអាជ័យខ្ញុំដឹងរឿងនាងទេ រហូតដល់ថ្នាក់ទប់ស្កាត ឬប្លុក (Blocked) គណនីរបស់ខ្ញុំបាទនេះ លែងឲ្យចូល ទៅមើលគណនីរបស់នាងបានទៀត។
ការទប់ស្កាត់ចោល ឬប្លុក មិនឲ្យអ្នកកាសែត ចូលទៅទាក់ទងនាង ដែលជាកូនស្រីលោក «ប៉ាធានបក្ស» ធ្វើឡើងបន្ទាប់ពីអ្នកកាសែត គ្នាខ្ញុំម្នាក់ បានចូលទៅសាកសួរ ចង់ឲ្យបំភ្លឺ អំពីការបង្ហោះចោទប្រកាន់មួយ ដែលយើងក្នុងនាម អ្នកសារព័ត៌មានអាជីព មិនចង់ចុះផ្សាយ នូវព័ត៌មានណាមួយ ដោយគ្មានប្រតិកម្មពីសាមីខ្លួនឡើយ។ ហើយបើទោះ ជាអត្ថបទចេញផ្សាយ រួចហើយក្ដី យើងនៅតែបើកឱកាស ដើម្បីឲ្យសាមីខ្លួន អាចបកស្រាយមកវិញដែរ។
នាងកូនស្រីមេបក្ស ដែលល្បីថា មានការរៀនសូត្រ ចេះដឹងជ្រៅជ្រះ មិនដែលឆ្លើយតប នឹងការសាកសួររបស់យើង ម្ដងណាទេ នៅរៀងរាល់ការសាកសួរ របស់យើង ទាំងលើកនេះ និងលើកមុនៗ។ បើនាងតាំងខ្លួន ជាអ្នកនយោបាយ ជាបុគ្គលសាធារណៈហើយ ម្ដេចឡើយខ្លាចភ្លើងចន្លុះ ដែលអុចយកមក បំភ្លឺកន្លែងខ្លួនម្លេះ? នេះឬកូនស្រីមេបក្ស ដែលតែងនិយាយមិនដាច់ពីមាត់ អំពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការគោរព សិទ្ធិសេរីភាពសារព័ត៌មាននោះ? អញ្ចឹងសំដី ដែលនាងនិយាយ ក្នុងពេលកន្លងមក មានលាក់នូវការពិត ច្រើនយ៉ាងណាទៅ?
និយាយមែនទែនទៅ អាជ័យខ្ញុំមិនខ្វល់ នឹងការទប់ស្កាត់គណនីខ្ញុំ មិនឲ្យចូលទៅតាមដាន គណនីកូនស្រីមេបក្សរូបនេះទេ ព្រោះទប់ស្កាត់មួយ នៅមានគណនីរាប់រយពាន់ទៀត ជាពិសេសគណនីប្រិយមិត្តអ្នកអាន នៅតែអាចតាមដាន ស្វែងរកពន្លឺពីកន្លែងងងឹងនោះ បានដោយងាយដដែលដែរ៕