ស្នេហា

សញ្ញា​៥យ៉ាង​បង្ហាញ​ថា នារី​ដែល​អ្នក​​ស្រលាញ់ ក៏​ចាប់​អារម្មណ៍​លើ​អ្នក​ដែរ

នារី​ដែល​អ្នក​​ស្រលាញ់ ៖ ពេលដែលយើងស្រលាញ់នរណាម្នាក់ ច្បាស់ណាស់ថា យើងក៏ចង់ឱ្យគេ ស្រលាញ់យើងវិញដូចគ្នា។ បច្ចុប្បន្ននេះ មនុស្សភាគច្រើន ពេញនិយម ក្នុងការប្រើប្រាស់បណ្តាញសង្គមហ្វ៊េសប៊ុក សូម្បីតែការរាប់អានគ្នា ឬពេលដែលយើងលួចស្រលាញ់នរណាម្នាក់ ក៏តែងតែប្រើប្រាស់មធ្យោបាយនេះ ដើម្បីប្រាស្រ័យទាក់ទង ជាមួយគេនៅពេលយប់ ឬពេលទំនេរ មិនដែលអាក់ខានឡើយ។ យ៉ាងណាមិញ មនុស្សស្រីសម័យឥឡូវឆ្លាតណាស់ នាងងាយនឹងដឹង ប្រសិនបើមានបុរសណាម្នាក់ លួចស្រលាញ់នាង។ ដូច្នេះ ប្រសិនបើនាងចាប់អារម្មណ៍លើគេដែរ នាងក៏មានចេតនា ក្នុងការបង្ហាញឱ្យខាងប្រុសដឹងថា នាងកំពុងបើកភ្លើងខៀវឱ្យគេហើយ។

៥ចំណុចខាងក្រោមនេះ បង្ហាញពីរបៀបនៃការប្រាស្រ័យទាក់ទង របស់មនុស្សស្រី ចំពោះបុរសដែលនាងដឹងថា គេលួចស្រលាញ់នាង ហើយនាងក៏មានចិត្តលើគេដូចគ្នា។

១. នាងតែងតែផ្ញើសារ​តបមកអ្នកវិញជានិច្ច

ការផ្ញើរសារភ្លាមៗ (Tchat) ឆ្លើយឆ្លងគ្នា គឺជាវិធីពេញនិយមរបស់មនុស្សសម័យឥឡូវ ជំនួសឱ្យការនិយាយតទល់មុខគ្នា ព្រោះពេលខ្លះ មនុស្សប្រុសក៏ចង់សាកចិត្តមនុស្សស្រី ដែលគេលួចស្រលាញ់ដែរ ថាតើនាងស្រលាញ់គេវិញដែរឬអត់។ បើសិនជានាងឆ្លើយតបមកអ្នកគ្រប់ពេល មិនដែលឱ្យអ្នករង់ចាំយូរ នោះមិនត្រឹមតែជាសញ្ញា នៃការរាប់អានប៉ុណ្ណឹងទេ តែក៏បញ្ជាក់ថា នាងមិនធុញក្នុងការឆ្លើយឆ្លងជាមួយអ្នកនោះទេ។ តែក៏កុំទាន់អាលអរពេក សូមមើលចំណុចខាងក្រោមនេះទៀត។

២. នាងបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នក

នាងបង្ហាញការយកចិត្តចំពោះអ្នក ពេលដឹងថា អ្នកឈឺ ឬហត់នឿយ ដោយប្រាប់ថា ឱ្យអ្នកសម្រាកឱ្យបានគ្រប់គ្រាន់ ឬលើកទឹកចិត្តអ្នក ពេលអ្នកប្រាប់នាងថា អ្នកពិបាកចិត្ត។ នេះជាអ្វី ដែលមនុស្សស្រីត្រូវធ្វើជាចាំបាច់ ពេលនាងដឹងច្បាស់ ពីខ្លួនឯងថា នាងក៏ចាប់អារម្មណ៍លើបុរសម្នាក់ ដែលតាមស្រលាញ់នាង ហើយនាងក៏ដឹងផងដែរថា ធ្វើបែបនេះ មិនត្រឹមតែឱ្យគេសប្បាយចិត្តប៉ុណ្ណឹងទេ គេថែមទាំងមានសង្ឃឹមថែមទៀតផង។ ពេលណាមួយ គេអាចនឹងសារភាព ពីចិត្តរបស់គេចំពោះនាង ក៏ថាបាន។

៣. ឆ្លើយគ្រប់សំណួររបស់អ្នកយ៉ាងលម្អិត

ពេលមនុស្សប្រុសស្រលាញ់នារីណាម្នាក់ គេមិនចេះខ្វះសំណួរ ក្នុងការសួរនាងនោះទេ ព្រោះសំណួរនេះហើយ ជាប្រធានបទ នៃការសន្ទនាដែលចេះតែមានបន្ត ព្រោះថាបើមិនបានសួរគេ ក៏ដូចជាមិនមានអ្វីនិយាយ ជាមួយគេដែរ។ សម្រាប់មនុស្សស្រី ដែលចាប់អារម្មណ៍លើអ្នក នាងមិនដែលឆ្លើយត្រឹមមួយម៉ាត់ ឬគ្រាន់តែថា “ចាស” ឬ “ទេ” ប៉ុណ្ណឹងទេ តែនាងអាចនឹងរៀបរាប់ ឬបកស្រាយបន្ថែមទៀត លើអ្វីដែលអ្នកចង់ដឹង។

៤. ឧស្សាហ៍ផ្ញើរូបថតឱ្យអ្នកមើល គ្រប់កន្លែងដែលនាងទៅ

នាងដឹងច្បាស់ណាស់ថា មនុស្សដែលលួចស្រលាញ់នាង ប្រាកដជាចង់ឃើញ នូវរូបថតរបស់នាង គ្រប់កន្លែងដែលនាងទៅដល់។ ដូច្នេះ ប្រសិនបើក្នុងចិត្តនាង ក៏មានគេដូចគ្នា នាងប្រាកដជាបំពេញតាមបំណង ក្នុងចិត្តរបស់បុរសនោះជាមិនខាន គឺការផ្ញើរូបថតរបស់នាង ទៅឱ្យគេមើល។ ពេលផ្ញើរូបឱ្យគេរួច នាងក៏ដឹងច្បាស់ណាស់ថា គេមុខជាសរសើរនាង ហើយនាងក៏រឹតតែបន្តផ្ញើ ទៅគេឡើងក្លាយជាទម្លាប់។

៥. នារី​ដែល​អ្នក​​ស្រលាញ់ មិនដែលបដិសេធរាល់សំណើរបស់អ្នក

ឧទាហរណ៍ថា មានពេលមួយ អ្នកចង់បបួលនាងទៅទទួលទានកាហ្វេ ឬញ៉ាំអី ពេលល្ងាចជាមួយគ្នា បន្ទាប់ពីផ្ញើសារលេងជាមួយគ្នា អស់មួយរយៈ។ បើសិនជានាងចង់ផ្តល់ឱកាស ឱ្យអ្នកតាមស្រលាញ់នាង នោះនាងច្បាស់ជាមិនបដិសេធនោះទេ ឬប្រសិននាងរវល់ ក៏នាងប្រាប់អ្នកវិញដែរថា សុំលើកទៅពេលនេះ ឬពេលនោះ ព្រោះនាងពិតជាចង់មានឱកាស ដើម្បីមានពេលវេលាផ្ទាល់ខ្លួន ជាមួយអ្នក៕

ក. ផាន់ណា

អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ កញ្ញា ផាន់ណា មានជំនាញខាងកិច្ចការសង្គម យុវវ័យ គូស្រករ និងខាងប្រលោមលោក ឬរឿងខ្លី។

Tags: How MakeLove