៥០ឆ្នាំបន្ទាប់ពីឃាតកម្មបាញ់សម្លាប់ អតីតប្រធានាធិបតីអាមេរិកលោក ចន កេណឺឌី (John F.Kennedy) នៅទីក្រុងដាឡាស រដ្ឋតិចសាស សហរដ្ឋអាមេរិក ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយកមកជម្រាបជូនប្រិយមិត្តអ្នកអាន អំពីករណីសង្ស័យទាំង១០ ដែលអាចកើតមាននៅពីក្រោយ ឧក្រិដ្ឋកម្មដ៏ញាប់ញ័រពេញពិភពលោកនេះ។
តើមានរឿងអ្វីទៅ ដែលបានកើតឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៦៣ នៅទីក្រុងដាឡាស រដ្ឋតិចសាស សហរដ្ឋអាមេរិក ទៅលើអតីតប្រធានាធិបតីអាមេរិក ដែលទើបនឹងជាប់ឆ្នោត នៅវេលានោះ? របាយការណ៍ផ្លូវការ បានចេញផ្សាយឲ្យដឹងថា អតីតប្រធានាធិបតីដែលមានប្រជាប្រិយភាពរូបនេះ ត្រូវបានលួចបាញ់សម្លាប់ដោយ យុវជនមានសតិមិននឹងនរម្នាក់ ឈ្មោះ លីហាវេ អូស្វាដ (Lee Harvey Oswal) ដែលត្រូវបានសម្លាប់ នៅ៤៨ម៉ោងក្រោយឃាតកម្មលើប្រធានាធិបតី ដោយបុរសម្នាក់ទៀតឈ្មោះ ចាក់ រ៉ូឌី (Jack Ruby) នៅក្នុងស្នងការនគរបាលទីក្រុង។
ប៉ុន្តែរបាយការណ៍ខាងលើ ត្រូវបានមនុស្សតិចណាស់ សម្ដែងការជឿជាក់។ ពលរដ្ឋអាមេរិកាំង ៦លើ១០នាក់ គិតថាមានការពិតផ្សេងទៀត។ ហើយរហូតមកដល់ថ្ងៃនេះ ដែលត្រូវជា៥០ឆ្នាំកន្លងទៅហើយ ការពិតនៅមិនដែលបានគេបង្ហើបចេញមកឡើយ តែផ្ទុយទៅវិញ ករណីសង្ស័យច្រើនបានកើតឡើងខុសប្លែកពីគ្នា។ យើងសូមយកករណីសង្ស័យចំនួន១០ មកជម្រាបជូនដូចខាងក្រោម៖
ជាការសង្ស័យដែលមានហេតុផលត្រឹមត្រូវច្រើនជាងគេ ថាក្រុមម៉ាហ្វីយ៉ាជាអ្នករៀបចំធ្វើឃាតអតីតប្រធានាធិបតីអាមេរិក កេណឺឌី។ នៅសម័យកាលនោះ រដ្ឋបាលរបស់លោកប្រធានាធិបតី ជាពិសេសប្អូនរបស់លោកប្រធានាធិបតី ដែលឡើងធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងនោះ បានប្រកាសសង្គ្រាមប្រឆាំងនឹងពួកម៉ាហ្វីយ៉ាអាមេរិក។
ឃាតករ ចាក់ រ៉ូឌី ដែលបានសម្លាប់ លីហាវេ អូស្វាដនោះ ធ្លាប់ជាអ្នកលេងមួយរូប ដែលសាធារណៈមតិយល់ថា មានទំនាក់ទំនងយ៉ាងខ្លាំង ទៅនឹងបណ្ដាញរបស់ពួកម៉ាហ្វីយ៉ាទាំងនោះ។ ការសម្លាប់ លីហាវេ អូស្វាដ ទំនងជាចង់បំបិទមាត់ មិនឲ្យជននេះអាចនិយាយបកអាក្រាតអ្វីទាំងអស់ ពីក្រុមខ្លួន។ ប៉ុន្តែគ្មានការស៊ើបអង្កេតណាមួយ និយាយពន្យល់ ឲ្យបានក្បោះក្បាយពីបញ្ហានេះទេ។
ឥទ្ធិពលនៃក្រុមស្ដាំនិយមជ្រុលអាមេរិក មានរូបរាងរីករាលដាលយ៉ាងធំ ប្រឆាំងនឹងអតីតប្រធានាធិបតី កេណឺឌី ដែលជាប្រធានាធិបតីដំបូងគេ មានបំណងចងដាក់ឲ្យដំណើរការ នូវសិទ្ធិស្មើភាពរបស់ពលរដ្ឋអាមេរិកស្បែកខ្មៅ នៅអាមេរិក។ ប៉ុន្តែមិនមែនមានតែប៉ុណ្ណឹងទេ ព្រោះលោកប្រធានាធិបតី កេណឺឌី ក៏មាននយោបាយទន់ភ្លន់ ជាមួយនឹងប្រទេសគុយបា និងក្រុមកុម្មុយនីស ក្នុងសម័យកាលនោះដែរ។
គេត្រូវនិយាយថា លោក កេណឺឌី ដែលដាក់ជំហានរបស់លោក ជាន់លើទឹកដីតិចសាស ដែលពោរពេញ ទៅដោយបណ្ដាជនអភិរក្សនិយមនោះ មិនប្រាកដថា ត្រូវបានទទួលស្វាគមន៍នោះឡើយ។ នៅពេលនោះ មានក្រុមស្ដាំនិយមមួយ បានរងចាំទទួលលោក ជាមួយនឹងពាក្យចោទប្រកាន់លោកប្រធានាធិបតីថា បាន«ក្បត់ប្រទេសអាមេរិក»។ ប៉ុន្តែគ្មានការស៊ើបអង្កេតណាមួយ រកឃើញថា ករណីនេះជាមូលហេតុនៃឃាតកម្ម ទៅលើលោកប្រធានាធិបតីនោះទេ។
បន្តាប់ពីក្រុមស្ដាំនិយមជ្រុល គេបានសង្ស័យ ទៅលើក្រុមឆ្វេងនិយមជ្រុលវិញម្ដង។ លីហាវេ អូស្វាដ ជាសកម្មជនមួយរូប ដែលនិយមលោក ហ្វីដែល កាស្ត្រូ (មេដឹកនាំកុម្មុយនីស របស់ប្រទេសគុយបា) ហើយមានចំណងយ៉ាងស្អិតរមួតជាមួយ សហភាពសូវៀត នៅពេលនោះ។ នៅពេលចាប់ឃាត់ខ្លួន ជននេះបានប្រកាសថា ខ្លួនជាអ្នកនិយមលិទ្ធិម៉ាក្ស កុម្មុយនីស។
គួរបញ្ជាក់ដែរថា ឃាតកម្មលើលោកប្រធានាធិបតី បានកើតឡើងក្រោយបន្ទាប់ពីវិបត្តិ នៃគម្រោងតម្លើងកាំជ្រួចម៉ីស៊ីល របស់សហភាពសូវៀតនៅប្រទេសគុយបា ដែលអាជ្ញាធរអាមេរិកបានចាត់ទុកជាការគម្រោមធ្ងន់ធ្ងរ។ គេបានសង្ស័យថា លីហាវេ អូស្វាដ ជាភ្នាក់ងារចារកម្មរបស់សហភាពសូវៀត ដែលបានបញ្ជូនជននេះ ចូលមកសហរដ្ឋអាមេរិក … ប៉ុន្តែនៅតែគ្មានការស៊ើបអង្កេតណាមួយ អាចបញ្ជាក់អះអាងបាននោះឡើយ។
ក្រោយពីឧក្រិដ្ឋកម្មណាក៏ដោយ គេសម្លឹងមើលឃើញភ្លាម ថាតើនរណាមួយ ដែលទទួលបានផ្លែផ្កា ពីព្រឹត្តិការណ៍នោះ។ ដូច្នេះជារឿងធម្មតាមួយ ដែលគេសម្លឹង ទៅមើលអនុប្រធានាធិបតី លោក លីនដុន ប្រ៊ូសចនសុន (Lyndon B.Johnson) បានទទួលតំណែងជាប្រធានាធិបតី បន្ទាប់ពីមរណភាពរបស់លោក កេណឺឌី។
ពាក្យចចាមអារាម បាននិយាយជាហូរហែចោទបុរស ដែលគេមិនសូវចូលចិត្តរូបនេះ ថាជាអ្នកទទួលខុសត្រូវយ៉ាងសំខាន់ បន្ទាប់ពីឃាតកម្ម។ នរណាៗ ក៏រិះគន់លោក ចនសុន ដែរថា នឹងមិនអាចជាប្រធានាធិបតីអាមេរិកបានឡើយ ប្រសិនបើប្រធានាធិបតី កេណឺឌី មិនបានស្លាប់ដោយទាន់ហន់ទេនោះ ដោយហេតុថា លោក កេណឺឌី បន្ទាប់ពីបានជាប់ឆ្នោតជាថ្មី ទំនងជាចង់ដាក់លោក ចនសុន ឲ្យឆ្ងាយពីខ្លួន។ តែករណីនេះ នៅតែគ្មានអ្វីមកបញ្ជាក់បាន សូម្បីស្លាកស្នាមណាមួយក៏ដោយ។
តើវាមិនចម្លែកទេឬ ដែលបុរសម្នាក់កាន់ឆ័ត្របាំង ទាំងកណ្ដាលថ្ងៃក្ដៅយ៉ាងនេះ? បើគេសម្លឹងមើលរូបភាព នៅអំឡុងពេលឃាតកម្ម គេនឹងឃើញមានបុរសម្នាក់ បើកបិទៗឆ័ត្រមួយ នៅពេលដែលក្បួនរថយន្ដរបស់ប្រធានាធិបតី កេណឺឌី បានទៅដល់។
គេបានសង្ស័យថា បុរសនោះជាគ្នីគ្នារបស់ លីហាវេ អូស្វាដ ដែលមកឲ្យសញ្ញាដើម្បីបើកឲ្យមានការបាញ់ប្រហារពីចម្ងាយបាន។ មតិសង្ស័យបាននិយាយថា ឆ័ត្រនោះមានភ្ជាប់ទៅដោយព្រួញពិស ដែលជាគំនិតច្នៃប្រឌិតរបស់ ក្រុមចារកម្មអាមេរិក (CIA)។ ហើយអ្នកកាន់ឆ័ត្រទំនងជាចង់ បាញ់សណ្ដំប្រធានាធិបតីជាមុនសិន ដើម្បីជួយសម្រួល ទៅដល់ការបាញ់ប្រហារពីចម្ងាយ។ តែជាគំនិតសង្ស័យ ដែលមិនដែលមានការបញ្ជាក់ជាផ្លូវការអ្វីសោះ។
តើពិតជាមាន ឃាតករជាជនជាតិបារាំង នៅទីក្រុងដាឡាស ថ្ងៃនោះមែនឬ? ទោះមានឬគ្មានក៏ដោយ ក៏នៅក្នុងកំណត់ហេតុរបស់ក្រុមចារកម្មអាមេរិក (CIA) នៅឆ្នាំ១៩៧៧ បានបង្ហាញប្រាប់អ្នកស៊ើបអង្កេត ឲ្យដាក់ការសង្ស័យទៅលើមនុស្សមួយក្រុម ដែលមានប្រភពពីប្រទេសបារាំង។
តាមពិតទៅ កំណត់ហេតុនេះ ត្រូវបានបញ្ជូនទៅអាមេរិក ដោយផ្នែកព័ត៌មាននិងចារកម្មបារាំង ដោយបញ្ជាក់ពីវត្តមាន នៃសមាជិកក្រុម «OAS» នៅទីក្រុងដាឡាស។ ប៉ុន្តែនោះគ្រាន់តែជាការសង្ស័យ និងជាផ្នែកមួយ នៃការស៊ើបអង្កេតប៉ុណ្ណោះ។
រូបភាពវីដេអូ នៃឃាតកម្មលើអតីតប្រធានាធិបតី បានឲ្យឃើញថា អ្នកកាន់ចង្កូនរថយន្ដបានងាកមកក្រោយ នៅចំពេលដែលមានការបាញ់ប្រហារនោះ។ មិនត្រឹមតែប៉ុណ្ណឹង ក្នុងអំឡុងពេលបាញ់ប្រហារ រថយន្ដដឹកអតីតប្រធានាធិបតី បានបន្ថយល្បឿង ដែលធ្វើឲ្យមានការម៉ៃគិតថា អ្នកបើកបរយានយន្ដ អាចជាសមជិកភ្នាក់ងារសម្ងាត់ របស់ស្ថាប័នណាមួយ ហើយបានរងចាំឱកាស ដើម្បីអនុវត្តន៍គម្រោងការរបស់ខ្លួន។ តែជាការសង្ស័យ ដែលត្រូវបានបដិសេធ ដោយសាក្សីជាច្រើននាក់ រួមទាំងអ្នករួមដំណើរ នៅលើរថយន្ដនោះផង។
ការ«រាលកៃ»របស់អង្គរក្សផ្ទាល់ខ្លួន នៃប្រធានាធិបតីអាមេរិក អាចជាការសង្ស័យមួយ ដោយសារតែអង្គរក្សរូបនោះបានងើបឈរឡើង នៅក្នុងរថយន្ដមួយគ្រឿងទៀត ដែលរត់ពីខាងក្រោយរបស់អតីតប្រធានាធិបតី ជាមួយនឹងកាំភ្លើងនៅក្នុងដៃ។ ការរាលកៃ អាចកើតឡើងដោយចៃដន្យ ដោយគ្រាប់កាំភ្លើងមួយគ្រាប់បានបាញ់ចេញទៅ ចំកណ្ដាលក្បាលរបស់អតីតប្រធានាធិបតី។
ការសង្ស័យមួយនេះ អាចមានភាព«មិនគ្រប់ទឹក» តែយ៉ាងហោចណាស់ ក៏មានសារព័ត៌មាន និងសៀវភៅជាច្រើន បានយកករណីសង្ស័យនេះ មកកត់ត្រា និងធ្វើការវិភាគយ៉ាងផុលផុស។ ពីក្នុងចំណោមនោះ មានការបកស្រាយយ៉ាងដូច្នេះថា៖ «ភ្ញាក់ងាចារកម្មបានបន្លំខ្លួន ជាអង្គរក្សប្រធានាធិបតី ដើម្បីរកឱកាសសម្លះមុខសញ្ញារបស់ខ្លួន ហើយរៀបចំរឿងនេះ ឲ្យទៅជាករណីរងគ្រោះដោយចៃដន្យ»។
រដ្ឋអាជ្ញាលោក ជីម ហ្គារីសុន (Jim Garrison) បានបើកសំនុំរឿងនេះឡើងវិញ នៅឆ្នាំ១៩៦៧ ដើម្បីចង់បានការពិតឲ្យច្បាស់ជាងរបាយការណ៍ផ្លូវការ។ លោក ហ្គារីសុន បានជឿជាក់ថា ប្រធានាធិបតីបានរងគ្រោះ នឹងគម្រោងការរៀបចំជាមុនមួយ នៃក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ យ៉ាងហោចណាស់ ក៏ករណីនេះជាចំណុចរួមរវាង ចាក់ រ៉ូឌី និងជនសង្ស័យម្នាក់ទៀតឈ្មោះ ក្លេ ប៊ែរត្រង់ (Clay Bertrand ហៅក្រៅ Clay Shaw) ដែលត្រូវបានជាប់អង្កេត នៅលើសំណុំរឿងនេះដែរ។
មូលហេតុ ដែលត្រូវគេយកមកបកស្រាយ នោះគឺដោយសារតែ លោក កេណឺឌី ជាបុរសដែលសង្ហាជាងគេ ជាបុរសដែលមានចរិកលក្ខណៈ«គ្រប់១០» ដែលអាចឲ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នា អត់ទ្រាំមិនប្រចណ្ឌមិនបាន។
ការសង្ស័យនេះ អាចធ្វើឲ្យមនុស្សក្នុងសម័យបច្ចុប្បន្នផ្ទុះសំណើច។ តែនៅក្នុងអំឡុងទសវត្សន៍ឆ្នាំ៦០ និង៧០ ការគិតឃើញពីមនុស្សពិភពខាងក្រៅ ជារឿងទូទៅមួយរបស់បណ្ដាជនអាមេរិក។
មូលហេតុដែលសមហេតុផលជាងគេ ពីករណីសង្ស័យទៅលើមនុស្សពិភពដទៃនេះ ត្រូវបានបកស្រាយថា ដោយសារតែលោកអតីតប្រធានាធិបតី មានគម្រោងនឹងបកអាក្រាត វត្តមានរបស់ក្រុមមនុស្សភពខាងក្រៅ ជាសាធារណៈ។ រឿងមួយដែលបានកើតឡើង នៅមុនការលួចធ្វើឃាតនោះ គឺលោក កេណឺឌី បានស្នើសុំយកមកពីពិគ្រោះ នូវឯកសារសម្ងាត់ទាំងឡាយ ដែលនិយាយពីវត្តមាន នៃ«ថាសហោះ» មកពីពិភពខាងក្រៅ៕
វីដេអូដែលនិយាយឡើងវិញ ពីព្រឹត្តិការណ៍ ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ១៩៦៣៖