របាយការណ៍

បេសកកម្មបន្លា​លួស​​របស់ កូហ្វី អាណាន់ អតីត​អគ្គលេខាធិការ អ.ស.ប

លោក កូហ្វី អាណាន់ (Kofi Annan) អតីត​អគ្គលេខាធិការ​នៃអង្គការ​សហប្រជាជាតិ និងជាម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព បានលាចាកលោក​យើងនេះ កាលពីថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨ ដោយបន្យល់ទុក នូវស្នាដៃ និង​បេសកកម្មជាច្រើន ទាំងសម្រេចបាន និងមិនសម្រេចបាន នៅក្នុងតំណែងដ៏កំពូលរបស់លោក ក៏ដូចជា នៅក្នុងវិស័យ​ការទូតពិភពលោក។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមសង្ខេបជូនដូចខាងក្រោម ពីវីរភាព ស្នាដៃ ដ៏សំខាន់ៗមួយចំនួន របស់លោក កូហ្វូ អាណាន់ (Kofi Annan) ឥស្សរជនការទូតជាន់ខ្ពស់ មានដើមកំណើតពីប្រទេសហ្គាណា (ទ្វីបអាហ្វ្រិកខាងលិច) ហើយដែលត្រូវបានជ្រើសតាំង ឲ្យក្លាយជាអគ្គលេខាធិការទី៧ នៃអង្គការសហប្រជាជាតិ៖

ស្នាដៃដ៏ធំជាងគេ របស់លោក កូហ្វី អាណាន់ គឺការកែទម្រង់ស្ថាប័នពិភពលោកមួយនេះ ទាំងក្នុងដំណើរការខាងក្នុង និង​នៅលើឆាកអន្តរជាតិ។ ចាប់ពីលោកបានឡើងកាន់កាប់តំណែង ជាមេដឹកនាំកំពូល នៃស្ថាប័ននេះមក អង្គការ​សហប្រជា​ជាតិ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងជម្លោះ-សង្គ្រាម រវាងប្រទេសជាច្រើន ជាពិសេស​នៅអៀរ៉ាក់  រួមនឹងសំនុំរឿង​អន្តរជាតិ​ផ្សេងៗទៀត។

លោកបានកាន់កាប់តំណែង ជាអគ្គលេខាធិការ អ.ស.ប ចំនួន២អាណត្តិ រាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៧ មកទល់​​នឹង​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៦។ ប៉ុន្តែនៅពេល​លោក​បានបញ្ចប់តំណែង ដ៏កំពូលនេះទៅ លោកបានរង​ការចោទ​ប្រកាន់ ថាមានជាប់ពាក់ព័ន្ធ ឬប្រើឥទ្ធិពលរបស់ខ្លួន នៅក្នុងសំនុំរឿងអំពើពុករលួយ ជុំវិញកម្មវិធី «ប្រេងកាត ប្ដូរជាចំណីអាហារ (Oil-for-Food Programme)» ដែលជាកម្មវិធីមនុស្សធម៌មួយ របស់អង្គការសហប្រជាជាតិ ដើម្បីជួយដល់ប្រជាជន នៅអៀរ៉ាក់។

យ៉ាងណា ការចោទប្រកាន់នេះ មិនមានមូលដ្ឋានច្បាស់លាស់ ដែលអនុញ្ញាតឲ្យតុលាការ នៅក្នុងប្រទេសបារាំង អាច​ដាក់​កំហុស ឬផ្ដន្ទាទោស ដោយផ្ទាល់ទៅលើរូបលោកឡើយ។

សំដីមាស

សកម្មភាព និងស្នាដៃរបស់លោក ត្រូវបានទទួលស្គាល់ និងទីបំផុត លោកត្រូវបានជ្រើសរើស ឲ្យទទួល​ពានរង្វាន់​ណូបែល​សន្តិភាព ក្នុងឆ្នាំ២០០១ ចំពោះ​ស្នាដៃ​នៃ«ការខិតខំប្រឹងប្រែងរបស់លោក ដើម្បីធ្វើឲ្យពិភពលោក មានការ​រៀបចំ​ប្រសើរជាងមុន និងមានសន្តិភាពជាងមុន»។

នៅពេលលោក បានទៅទទួល​ពានរង្វាន់​នេះ ក្នុងរាជធានី អូស្លូ នៃរាជាណាចក្រ​ណ័រវេស លោក កូហ្វី អាណាន់ បានថ្លែងឡើងថា៖

«ខ្ញុំបានព្យាយាម រៀបចំទុកដាក់​មនុស្ស​លោក ឲ្យនៅជាស្នូល​នៃអ្វីដែលយើង​កំពុង​ធ្វើ៖ នោះគឺការទប់ស្កាត់ជម្លោះ ដែលជាឧបសគ្គ​ដល់​ការអភិវឌ្ឍ និងសិទ្ធិមនុស្ស»។

នៅក្នុងប្រវត្តិការងាររបស់លោក ដំបូងឡើយ អតីតមេដឹកនាំរូបនេះ ធ្លាប់បានធ្វើជា​នាយកគ្រប់គ្រង ផ្នែកទេសចរណ៍ នៅក្នុង​ប្រទេស​ហ្គាណា ដែលជាមាតុភូមិ​របស់លោក​ ដែលមានរយៈពេល តែប៉ុន្មានឆ្នាំ​ប៉ុណ្ណោះ។

បន្ទាប់ពីនោះមក លោកបានចំណាយពេល សឹងតែទាំងស្រុង ប្រមាណជា៤០ឆ្នាំ នៃជីវិតលោក ដើម្បីបម្រើការ​​នៅក្នុងអង្គការ​សហប្រជាជាតិ។ លោកបានដឹកនាំ ផ្នែក​ធនធានមនុស្ស  បន្ទាប់មក ផ្នែកកិច្ចការហិរញ្ញវត្ថុ របស់អង្គការសហប្រជាជាតិ មុននឹងចូលប្រឡូក ចាប់តាំង​ពីឆ្នាំ១៩៩៣ ក្នុងកិច្ចការថែរក្សាសន្តិភាព និងដាក់បេក្ខភាពរបស់លោក នៅបួនឆ្នាំក្រោយមក ដើម្បីក្លាយខ្លួន​ជាអគ្គលេខាធិការ នៃស្ថាប័ន​ពិភពលោក​ដ៏កំពូលមួយនេះ។

Page: 1 2

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។