បាល់ទាត់

ក្រុម«ស្ពឺ»ហាលអាវ​ជាស្ថាពរ បន្ទាប់ពី​ចាញ់​«គោជល់»​អាល្លឺម៉ង់ ៣-០

៣-០ ៖ ខុសពីរដូវកាលមុន ដែលឈានដល់គផ្ដាច់ព្រ័ត្រ ក្នុងឆ្នាំនេះ ក្រុម ស្ពឺ (Tottenham FC – អង់គ្លេស) បានបញ្ចប់ក្របខណ្ឌ​ដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ប្រចាំរដូវកាល នៅត្រឹមតែក្នុងវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ បន្ទាប់ពីចាញ់ក្រោមថ្វីជើង ដ៏ខ្លាំងអស្ចារ្យ របស់ក្រុម«គោជល់»អាល្លឺម៉ង់ (Red Bull Leipzig – អាល្លឺម៉ង់)។

នៅក្នុងការប្រកួត «ទៅ» កាលពី៣សប្ដាហ៍មុន នៅក្នុងកីឡដ្ឋាន «Tottenham Hotspur» ដែលជាផ្ទះខ្លួនឯង ក្រុម ស្ពឺ បានចាញ់ក្រុម ឡេបហ្សីព ដោយពិន្ទុ ១-០ រួចទៅហើយ។

តែក្រុមបាល់ទាត់អង់គ្លេសមួយនេះ បានចាញ់ក្រុមអាល្លឺម៉ង់ យ៉ាងជូរចត់ ដោយពិន្ទុ៣-០ ក្នុងយប់ថ្ងៃអង្គារ ទី១០ ខែមិនាម្សិលម៉ិញ នាកីឡដ្ឋាន «Red Bull Arena» ដែលជាផ្ទះរបស់គូប្រកួតខ្លួន។

នេះ ជាលទ្ធផលដ៏អាម៉ាសជាថ្មីទៀត សម្រាប់ក្រុម ស្ពឺ បន្ទាប់ពីត្រូវបានជម្រុះចេញ ពីក្របខណ្ឌដណ្ដើមពាន «FA Cup» កាលពីសប្ដាហ៍មុនរួច។ អ្វីដែលនៅសល់ គឺក្រុមនេះ ត្រូវដណ្ដើមកៅអីមួយ ពីក្នុងចំណោមកៅអីទាំងបួន នៅលើគេបំផុត សម្រាប់ក្របខណ្ឌ «Premier League» ដែលជាការប្រកួតបូកពិន្ទុ-វិលជុំ របស់ប្រទេសអង់គ្លេស។

ចំណាត់ថ្នាក់ខ្ពស់ទាំងបួននេះ អាចអនុញ្ញាតឲ្យក្រុមបាល់ទាត់ ចំនួនបួន ហក់ឡើងទៅទាត់ ក្នុងក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» សម្រាប់រដូវកាលក្រោយ។

យ៉ាងណា ក្រុម ស្ពឺ ដឹកនាំដោយលោក មូរីនញ៉ូ (José Mourinho) នៅមានឱកាសច្រើននៅឡើយ។ ព្រោះថា ដើម្បីដណ្ដើមយកកៅអីលេខបួន (សព្វថ្ងៃជាតំណែង​របស់ក្រុម ឆែលស៊ី) ក្រុម ស្ពឺ ដែលមានពិន្ទុ៤១ (ចំណាត់ថ្នាក់លេខ៨) នៅក្រោមក្រុម ឆែលស៊ី (ចំណាត់ថ្នាក់លេខ៤) តែ៧ពិន្ទុទៀតប៉ុណ្ណោះ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។