មន្ត្រីជាន់ខ្ពស់ នៅសេតវិមាន និងក្រុមការងារឃោសនាបោះឆ្នោត របស់លោក ដូណាល់ ត្រាំ (Donald Trump) កំពុង«ដោះដៃ»បន្តិចម្ដងៗ ចេញពីប្រធានាធិបតីចប់អាណត្តិរូបនេះ នៅចំពោះលទ្ធផលស្ទាបស្ទង់ ដែលផ្ដល់ជ័យជំនះ ឲ្យបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) ដើម្បីក្លាយជាប្រធានាធិបតីអាមេរិក ជំនាន់ទី៤៦ បន្តពីលោក ត្រាំ។
«ចប់សព្វគ្រប់ហើយ» នេះ ជាការឧទានឡើង របស់ទីប្រឹក្សាម្នាក់ ពីក្នុងចំណោមទីប្រឹក្សាច្រើននាក់ របស់ប្រធានាធិបតីចប់អាណត្តិ ដែលត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP»។
ទីប្រឹក្សារូបនោះ បានលើកឡើងបន្តថា ការព្រួយបារម្ភបានកើតឡើង បន្ទាប់ពីប្រតិកម្មរបស់លោក ត្រាំ ក្នុងការបដិសេធទទួលស្គាល់ ការរាប់សន្លឹកឆ្នោត ជាពិសេសប្រតិកម្មនោះ បានធ្វើឡើង ទាំងមិនដឹងច្បាស់ថា តើលោក ត្រាំ ខ្លួនឯងបានឈ្នះឆ្នោត ឬយ៉ាងណានោះ។
នៅពេលសាកសួរថា តើលោក ដូណាល់ ត្រាំ នឹងធ្វើអ្វីជាបន្តនោះ មន្ត្រីដដែលបានឆ្លើយតបថា «មានតែព្រះជាម្ចាស់ទេ ដែលដឹង»។
ទីប្រឹក្សាដែលសុំមិនបញ្ចេញឈ្មោះ បានអះអាងទៀតថា មន្ត្រីអ្នកទទួលខុសត្រូវជាច្រើន នៅក្នុងក្រុមការងារឃោសនាបោះឆ្នោត បានសំដែងការភ្ញាក់ផ្អើល នៅពេលលោក ត្រាំ បានបន្លឺសំដីចោទប្រកាន់ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ អំពីការលួចបន្លំសន្លឹកឆ្នោត ទាំងគ្មានភស្ដុតាងច្បាស់លាស់។
សម្រាប់មន្ត្រីខាងលើ បានបន្តទៀតថា សិទ្ធិរបស់លោក ត្រាំ ក្នុងការតវ៉ា អំពីលទ្ធផលនៃការបោះឆ្នោត ជារឿងមួយ។ តែអ្វី ដែលសំខាន់ជាងនេះ គឺលោក ត្រាំ ពិបាកទទួលយក អំពីបរាជ័យមួយ បន្ទាប់ពីសង្គ្រាមប៉ាកកា បានកើតមាន តាំងពីច្រើនខែកន្លងមក។
ទីប្រឹក្សាមួយរូបទៀត របស់លោក ត្រាំ ក៏បានបង្ហើបដែរថា ការចោទប្រកាន់អំពីការលួចបន្លំសន្លឹកឆ្នោត បានធ្វើឲ្យប្រធានាធិបតីចប់អាណត្តិរូបនេះ កាន់តែនៅឯកោ។ សមាជិកខ្លះ នៃរដ្ឋបាលរបស់លោក ត្រាំ បានចាត់ទុកការបោះឆ្នោត ឆ្នាំ២០២០នេះ ជារឿងកន្លងហួស ហើយខ្លះទៀតថែមទាំងចាប់ផ្ដើមពិចារណា ចំពោះការបោះឆ្នោត នៅ៤ឆ្នាំខាងមុខនោះផង៕