ប្រធានាធិបតីអាមេរិកផុតអាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) បាននិងកំពុង«រំលោភអំណាចយ៉ាងងងើល» នៅចំពោះការទាមទារ ឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត របស់ពលរដ្ឋម្ចាស់ឆ្នោត នៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃអង្គារទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះ បើតាមការលើកឡើង របស់មេដឹកនាំអង្គការឃ្លាំមើលការបោះឆ្នោតអន្តរជាតិ ហៅកាត់ថា «OSCE»។
លោក ដូណាល់ ត្រាំ បានទាមទារឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត តាំងពីកិច្ចអន្តរាគមន៍របស់លោក នៅក្នុងសន្និសីទសារព័ត៌មាន ក្នុងយប់ថ្ងៃអង្គារ បន្ទាប់ពីលទ្ធផលស្ទាបស្ទង់ នៃការរាប់សន្លឹកឆ្នោត បានផ្អៀងទៅខាងលោក នៅក្នុងរដ្ឋ«គន្លឺះ»ជាច្រើន។
តែនៅសល់សន្លឹកឆ្នោតជាច្រើនលានទៀត ដែលត្រូវបានពលរដ្ឋម្ចាស់ឆ្នោត បោះទុកជាមុន និងផ្ញើរទៅតាមប្រៃសណីយ៍ ក្រោមកិច្ចបង្ការ ទល់នឹងការរាតត្បាត នៃជំងឺ«Covid-19»។ សន្លឹកឆ្នោតទាំងនោះ នៅមិនទាន់ ត្រូវបានរាប់អស់នៅឡើយ។
សម្រាប់លោក ត្រាំ និងក្រុមការងាររបស់លោក បានចោទសន្លឹកឆ្នោត ដែលបោះជាមុន និងផ្ញើរតាមប្រៃសណីយ៍ទាំងនោះ ថាមានពោរពេញដោយការបោកបន្លំ។ តែប្រធានាធិបតីចប់អាណត្តិរូបនេះ មិនបានបង្ហាញ«ភស្ដុតាងរឹង»ណាមួយ ក្រៅតែពីការលើកឡើង ដោយផ្ទាល់មាត់ នៅតាមសេចក្ដីថ្លែងការណ៍នានា នោះឡើយ។
លោក «Michael Georg Link» សមាជិកសភាអាល្លឺម៉ង់ និងជាមន្ត្រីសម្របសម្រួលជាន់ខ្ពស់ នៃអង្គការ «OSCE» បានផ្ដល់បទសម្ភាស ទៅឲ្យសារព័ត៌មានអាល្លឺម៉ង់ «Stuttgarter Zeitung» ចំពោះការតវ៉ារបស់លោក ត្រាំ ដូច្នេះថា៖
«អ្វីដែលគួរឲ្យព្រួយបារម្ភបំផុតនោះ គឺប្រមុខរដ្ឋអាមេរិកាំង (លោក ដូណាល់ ត្រាំ) បានស្នើឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត ខណៈនីតិវិធី នៃការរាប់សន្លឹកឆ្នោត កំពុងប្រព្រឹត្តិទៅដូចធម្មតា។»
«មានន័យថា លោក ត្រាំ បានប្រើប្រាស់អំណាច នៅក្នុងតំណែងរបស់គាត់ ដើម្បីប្រាប់មនុស្សទាំងឡាយ ដែលទទួលបានតំណែងពីគាត់ ថាគាត់កំពុងឈ្នះការបោះឆ្នោតជាថ្មី។ ដូច្នេះ ត្រូវបញ្ឈប់ការរាប់សន្លឹកឆ្នោតបន្ថែមទៀត ដើម្បីរក្សាលទ្ធផល ឲ្យនៅត្រឹមហ្នឹង។»
លោក«Michael Georg Link»បញ្ជាក់ថា៖
«ទាំងនេះ គឺជាការ រំលោភអំណាចយ៉ាងងងើល ហើយជាពិសេសជាងនេះ គឺការចោទប្រកាន់ទាំងឡាយ ពីសំណាក់លោក ត្រាំ ធ្វើឡើង ដោយគ្មានមូលដ្ឋានគ្រឹះអ្វីទាំងអស់។»
មន្ត្រីជាន់ខ្ពស់របស់អង្គការអន្តរជាតិ ដែលមានមូលដ្ឋានក្នុងរដ្ឋធានី វីយេន (ប្រទេសអូទ្រីស) បានរៀបរាប់បន្តថា គ្មានបញ្ហាជាប្រព័ន្ធណាមួយ បានផ្ទុះឡើង នៅក្នុងការបោះឆ្នោតនេះទេ។ លោក«Michael Georg Link»ថ្លែងថា៖
«មន្ត្រីរបស់យើង កំពុងមានវត្តមាននៅនឹងកន្លែង ហើយអាចអះអាងបានថា បណ្ដាអ្នកឃ្លាំមើលការបោះឆ្នោត មកពីគ្រប់ទឹសទី និងគ្រប់គណបក្សនយោបាយ ត្រូវបានអនុញ្ញាត ឲ្យត្រួតពិនិត្យការរាប់សន្លឹកឆ្នោត ហើយសន្លឹកឆ្នោត ដែលបោះតាមសំបុត្រប្រៃសណីយ៍ កំពុងត្រូវបានបន្តរាប់ យ៉ាងត្រឹមត្រូវ។»
បង្កើតឡើងក្នុងឆ្នាំ១៩៧៥ អង្គការ«OSCE» មានឈ្មោះពេញ ហៅថា «អង្គការដើម្បីសន្តិសុខ និងកិច្ចសហប្រតិបត្តិការ នៅអ៊ឺរ៉ុប»។ អង្គការនេះ មានជំនាញ ក្នុងការឃ្លាំមើលការបោះឆ្នោត និងមានសមាជិក មកពី៥៧ប្រទេស ក្នុងនោះ មានសហរដ្ឋអាមេរិក កាណាដា ប្រទេសនានានៅទ្វីបអ៊ឺរ៉ុប រ៉ុស្ស៊ី និងប្រទេសទួរគី។ អង្គការដ៏ធំមួយនេះ ធ្លាប់ត្រូវបានចាត់ ឲ្យទទួលបន្ទុក«បន្សុត»ការបោះឆ្នោត ដ៏ប្រទាំងប្រទើស នៅក្នុងប្រទេសអ៊ុយក្រែន កាលពីប៉ុន្មានឆ្នាំមុន៕