កម្ពុជា

ហ៊ុន សែន ប្ដេជ្ញាកម្ចាត់ក្រុមប្រឆាំង ស្មើនឹងគោលដៅ​«កម្ចាត់​ប៉ុលពត»

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានប្រកាសនៅថ្ងៃនេះ ថាលោកប្ដេជ្ញា ដាក់គោលដៅ ក្នុងការកម្ចាត់ក្រុមប្រឆាំង ស្មើនឹងគោលដៅរបស់លោក ក្នុងការ«កម្ចាត់​ប៉ុលពត»។

ការថ្លែងដូច្នេះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោកបានរំលឹក យករឿងប្រពន្ធកូនរបស់លោក ដែលលោកថា រងការចោទប្រកាន់ពីក្រុមប្រឆាំង ថាជាប្រពន្ធលួចលាក់ និងជាកូន របស់អតីតមេទ័ពវៀតណាម។

ថ្លែងនៅចំពោះនិស្សិតរាប់ពាន់នាក់ មកពីវិទ្យាស្ថានមួយ ក្នុងពិធីប្រគល់សញ្ញាបត្រ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទទី១ ខែមេសា ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន បានសំដែងការប្ដេជ្ញាចិត្តរបស់លោក ដោយប្រើភាសា​«ហ្អែងអញ»​ដូច្នេះថា៖

«អញដាក់គោលដៅកម្ចាត់ហ្អែង ស្មើនឹងអញដាក់គោលដៅ កម្ចាត់​ប៉ុលពត ដូចគ្នា។ ហ្អែងចាំ! ហ្អែងចាំឲ្យច្បាស់ អាកន្លែងហ្នឹង! អត់បានទេ។ ប្រពន្ធដ៏កំសត់មួយនេះ វេទនាណាស់ ទម្រាំចិញ្ចឹមបានកូនមួយនេះ (…) រឿងអីឯងប្រមាថថា ជាប្រពន្ធរបស់មេដឹកនាំវៀតណាម?»

រឿងរ៉ាវនៃការចោទប្រកាន់នេះ មិនមែនទើបតែកើតឡើង ក្នុងពេលថ្មីៗនេះទេ។ តាំងពីច្រើនឆ្នាំមុន ប្លូក (Blog) ជាច្រើន បានធ្វើការផ្សព្វផ្សាយ តៗគ្នា នូវរូបថតកាត់ត នៃសមាជិក​ក្រុមគ្រួសាររបស់លោក ហ៊ុន សែន ជាមួយនឹងការសង្ស័យ​ថា អ្នកស្រី ប៊ុន រ៉ានី និងលោក ហ៊ុន ម៉ាណែត គឺជាប្រពន្ធ និងកូនលួចលាក់ របស់លោក ឡេ ឌឹកថូ។

យ៉ាងណា ការថ្លែងរំលឹក​ខាងលើ របស់លោក ហ៊ុន សែន ត្រូវបានគេយល់ថា ជាការសំដៅទៅលោក សម រង្ស៊ី និងក្រុមមនុស្ស ដែលស្និតនឹងមេដឹកនាំប្រឆាំង។ លោក ហ៊ុន សែន ធ្លាប់បានអះអាង កាលពីពេល​កន្លងមក​ថា គឺលោក សម រង្ស៊ី ជាអ្នក​លើកករណី​នេះឡើង នៅក្នុង​អង្គប្រជុំផ្ទៃក្នុង​មួយ របស់គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែការអះអាង​របស់​បុរសខ្លាំង ត្រូវបានលោក សម រង្ស៊ី និង​​គណបក្សសង្គ្រោះជាតិ​​ច្រានចោល។

លោក សម រង្ស៊ី ដែលនៅពេលនោះ ជាប្រធានគណបក្សសង្គ្រោះជាតិ ក៏​ធ្លាប់​ចេញ​​​លិខិត​​មួយ កាលពីខែមិថុនា ឆ្នាំ២០១៦ សរសេរសម្ដែង​​ការ​​សោក​ស្ដាយ និងចូលរួម​ការ​ឈឺចាប់ ក្នុង​ករណី​នេះ ជាមួយ​លោក ហ៊ុន សែន នោះ​ដែរ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។