«មានជំនឿសាសនាខុសគ្នា» ៖ ក្តីស្រលាញ់កើតឡើង គឺដោយសារអារម្មណ៍ ជាអ្នកបញ្ជា ដែលនៅដំណាក់កាលដំបូង នៃសេចក្តីស្នេហារបស់អ្នក អ្នកក៏មិនបានព្រាងថា គូស្នេហ៍របស់អ្នក នឹងមានសាសនា ដូចជាអ្នក ឬអត់នោះទេ។ បុគ្គលមួយចំនួន អាចជួបស្រ្តី ឬបុរស ដែលមានសាសនាដូចខ្លួន តែអ្នកខ្លះក៏ជួបអ្នក ដែលមានសាសនា ខុសពីខ្លួនដែរ។
ជុំវិញបញ្ហាសាសនាខុសគ្នានេះ ដៃគូខ្លះ សម្រេចចិត្តលះបង់ សាសនាដើមរបស់ខ្លួន ហើយទទួលយកដោយស្មោះត្រង់ នូវជំនឿសាសនាថ្មី ដែលដៃគូរបស់ខ្លូនកំពុងគោរពប្រតិបត្តិ។ យ៉ាងណាមិញ ក៏មានគូស្នេហ៍មួយចំនួនទៀត បែកបាក់គ្នា ដោយសារតែមិនអាចទទួលយក ឬព្រមផ្លាសប្តូរជំនឿរបស់ខ្លួន។ ប៉ុន្តែក៏មានគូស្នេហ៍ខ្លះ ព្រមទទួលយក និងរៀបការជាមួយស្រ្តី ឬបុរសដែលខ្លួនស្រលាញ់ ដោយមិនប្រកាន់ ពីរឿងសាសនាអ្វីទាំងអស់ គឺការរស់នៅ ជាមួយអ្នក ដែលមានសាសនាខុសពីខ្លួន។
ខាងក្រោមនេះ ជាហេតុផល ៨ យ៉ាងដែលបញ្ជាក់ថា មនុស្សដែលមានជំនឿសាសនាខុសគ្នា នៅតែអាចរស់នៅ ជាមួយគ្នាបាន។
តើវាជារឿងចាំបាច់ណាស់មែនទេ បើយើងច្បាស់ថា យើងស្រលាញ់គ្នាដោយស្មោះហើយ តែបែរជាយកជំនឿសាសនា មកធ្វើជារនាំង ដោយដាក់សម្ពាធ ឱ្យដៃគូ បើកចិត្ត ទទួលយកសាសនាដូចយើងដែរនោះ? តើអ្នកនឹងសប្បាយចិត្តដែរទេ ប្រសិនបើមនុស្ស ដែលអ្នកស្រលាញ់ សុខចិត្តផ្លាស់ប្តូរអត្តសញ្ញាណខ្លួនឯង ដើម្បីបំពេញចិត្តអ្នក។ នៅលើពិភពលោកនេះ គ្រប់មនុស្សជាតិទាំងអស់ មានសិទ្ធិជឿលើសាសនាខុសៗគ្នា ខុសពីអ្នកដទៃ ដោយគ្មានការរើសអើង។ កាលណាអ្នកគោរពលើសិទ្ធិ នៃជំនឿរបស់ដៃគូ នោះនឹងគ្មានអ្វី មករំខានសេចក្តីសុខ នៃជីវិតអាពាហ៍ពិពាហ៍ របស់អ្នកបានឡើយ ព្រោះអ្នកបានបើកចិត្ត ទទួលយកភាពខុសគ្នានៃប្តី ឬប្រពន្ធអ្នក ដោយគ្មានការទើសទាល់។
ទោះបីលើពិភពលោក មានសាសនាជាច្រើនខុសៗគ្នា និងរបៀបនៃការប្រតិបត្តិ ទៅលើជំនឿសាសនា មានលក្ខណៈដោយឡែកពីគ្នា ក៏ពិតមែន តែគោលបំណងរួមនៃសាសនា គឺសុទ្ធតែចង់ឱ្យមនុស្ស បានទទួលនូវសេចក្តីសុខផ្លូវចិត្ត គ្មានការបៀតបៀនគ្នា។ គ្មានសាសនាណា ដឹកនាំមនុស្ស ទៅរកសេចក្តីវិនាសនោះទេ។ ដូច្នេះ ទោះបីជាសាសនាដៃគូ របស់អ្នកខុស ពីអ្នកក៏ដោយ តែសូមយល់ថា អ្នកទទួលបាននូវសេចក្តីសុខផ្លូវចិត្ត ពីសាសនាអ្នក ឯគាត់ ឬនាងក៏ទទួលបានសេចក្តីសុខផ្លូវចិត្ត ពីសាសនារបស់គាត់/នាងដូចគ្នា។
កុំផ្តោតលើភាពដាច់ដោយឡែក នៃសាសនា តែយើងផ្តោតលើចំណុចរួមមួយ ដែលគ្រប់សាសនាទាំងអស់បង្រៀន មនុស្សឱ្យស្មោះត្រង់ ភក្តីភាព និងការគោរពចំពោះដៃគូរបស់ខ្លួន។ បើអ្នកទាំងពីរ សុទ្ធតែយល់អំពីគោលការណ៍ នៃសេចក្តីស្រលាញ់ ក្នុងសាសនារៀងៗខ្លួន ដូច្នេះសេចក្តីសុខ ក្នុងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ក៏កើតមានឡើងដូចគ្នា។
ជាការពិតណាស់ អ្នកអាចជាមនុស្សដែលគោរពប្រតិបត្តិខ្ជាប់ខ្ជួនចំពោះសាសនា ហើយក៏ទទួលឥទ្ធិពលពីសាសនាដែលបង្រៀនឱ្យអ្នកធ្វើជាមនុស្សមានចិត្តទូលាយ និងចេះយោគយល់ចំពោះអ្នកដទៃ។ យ៉ាងណាមិញ ក្នុងជីវិតជាប្តីប្រពន្ធ វាមិនមែនជារឿងដែលអ្នកត្រូវលើកហេតុផល មកប្រកែកគ្នាថា ព្រោះតែសាសនានេះ ទើបធ្វើឱ្យអ្នកល្អជាងអ្នកនេះ ឬអ្នកនោះ នោះទេ ឬក៏ថា ទាល់តែដៃគូមានសាសនាដូចខ្លួន ទើបអាចរស់នៅដោយចុះសម្រុងបាននោះទេ។ តែសូមកំណត់ក្នុងចិត្តអ្នកថា ដើម្បីរស់នៅពេញដោយសុភមង្គលមង្គល អ្នកត្រូវតែទន្ទេញពាក្យថា អត់ឱន។ ការអត់ឱននេះហើយ គឺជាបុព្វហេតុដែលនាំមកនូវភាពចុះសម្រុង។
មិនថាអ្នកកាន់សាសនាអ្វីក៏ដោយ ឬរស់នៅជាមួយដៃគូ ដែលខ្វះការគោរពចំពោះគ្នា ហើយតម្លៃនៃសាសនា អ្នកបានស្គាល់ ត្រឹមតែលើទ្រឹស្តី នោះសុភមង្គលពិតជាមិនអាច កើតមានឡើងនោះទេ។ មនុស្សដែលមានសាសនាខុសគ្នា នៅតែអាចរស់នៅ ជាមួយគ្នាបាន ប្រសិនបើពួកគេ មានការគោរពគ្នា ទៅវិញទៅមក។ យ៉ាងណាមិញ ការគោរពនេះ មិនមែនទាល់តែចេញ ពីអ្នកដែលប្រតិបត្តិខ្ជាប់ខ្ជួន ទៅលើសាសនានោះទេ ពេលខ្លះវាកើតឡើង តាមរយៈសេចក្តីល្អពីខាងក្នុង ឬចំណេះដឹងដែលរៀនពីសាលា និងការស្វែងយល់ពីបទពិសោធទាំងឡាយ ដែលនាំឱ្យយើងឱ្យតម្លៃ ចំពោះមនុស្សនៅក្បែរខ្លួន។
ការចូលរួមក្នុងសកម្មភាពសាសនា របស់ដៃគូខ្លួន ដែលគាត់ ឬនាងមានជំនឿខុសពីយើង មិនមែនបានន័យថា យើងបានធ្វើឱ្យប៉ះពាល់ ដល់អត្តសញ្ញាណនៃជំនឿសាសនាដើមរបស់ខ្លួន ឬក្បត់សាសនាខ្លួននោះទេ។ ត្រង់នេះ គឺពាក់ព័ន្ធនឹងការគោរព និងឱ្យតម្លៃគ្នាទៅវិញទៅមក ដោយយើងបានរៀនសូត្រ ពីសាសនាគ្នាទៅវិញទៅមក ដោយមិនមានការវិនិច្ឆ័យ ឬសង្ស័យអ្វីទាំងអស់។ ជាការពិតណាស់ អ្នកអាចដាក់ខ្លួនជាអ្នកសង្កេត ឬជាអ្នករៀន អំពីសាសនាដទៃបាន ទោះបីអ្នកមិនមែនជាអ្នកដែលជឿ លើសាសនានោះក៏ដោយ។ នេះនឹងកាន់តែបង្កើន នូវទំនាក់ទំនងល្អរវាងអ្នក និងដៃគូ និងការយល់ចិត្តគ្នា កាន់តែរឹងមាំ ទោះបីអ្នកមានជំនឿខុសគ្នាក៏ដោយ។
មុនពេលអ្នកស្គាល់ដៃគូរបស់អ្នក តើអ្នកធ្លាប់កំណត់ក្នុងចិត្តដែរទេ ថាទាល់តែគាត់ ឬនាងមានជំនឿដូចអ្នក ទើបអ្នកនឹងផ្តល់សេចក្តីស្រលាញ់ ចំពោះគាត់? តើអ្នកច្បាស់១០០ ភាគរយដែរទេ ថាទាល់តែបុគ្គលពីរនាក់ មានសាសនាដូចគ្នា ទើបអាចរស់នៅជាមួយគ្នា ដោយមានសុភមង្គល? ចុះបើដករឿងសាសនាចេញ តើអ្នកគិតថា ជីវិតអាពាហ៍ពិពាហ៍ ដែលមានសុភមង្គល គួរមានចំណុចអ្វីខ្លះ? ពេលខ្លះ អ្នកក៏ធ្លាប់យល់ ឬដឹងខ្លះៗដោយខ្លួនឯងដែរថា ប្តីប្រពន្ធដែលអាចរស់នៅជាមួយគ្នា បានយូរអង្វែងលុះត្រាតែអ្នកទាំងពីរ មានក្តីស្រលាញ់ មានភាពស្មោះត្រង់ មានការគោរព ចិត្តល្អ ចិត្តធ្ងន់ មានហេតុផល រួសរាយចំពោះគ្រួសារ ទាំងសងខាង ចេះអធ្យាស្រ័យ ពូកែដោះស្រាយបញ្ហា។ល។
ពេលខ្លះ អ្នកអាចបារម្ភថា បើដៃគូមានសាសនាមិនដូចខ្លួន នោះភាពប្រទាញប្រទង់ នឹងកើតមានឡើង នៅពេលដែលអ្នកមានកូន ថាតើកូនរបស់អ្នកត្រូវតែជឿ លើសាសនាដូចអ្នក ឬនឹងជឿលើសាសនា ដៃគូអ្នក។ ជាការពិតណាស់ បើអ្នកក្រឡេកមើលទៅ ចំណុចខាងលើទាក់ទងនឹងការគោរពសិទ្ធិ នៃជំនឿរបស់អ្នកដទៃ នោះអ្នកនឹងមិនចាំបាច់ស្មុគស្មាញឡើយថា តើកូនអ្នកនឹងជឿសាសនាអ្វី។ នោះគឺជាសេរីភាព នៃជំនឿរបស់គេ នៅពេលដែលគេធំ គេអាចស្គាល់ច្បាស់ថាខ្លួនគេជានរណា ហើយជំនឿសាសនាណាមួយ ដែលគេនឹងបើកចិត្តទទួលយក។ ដូច្នេះ សូមកុំដាក់សម្ពាធ លើកូនរបស់អ្នក!
សង្ឃឹមថា ៨ចំណុចខាងលើនេះ នឹងជួយអ្នកឱ្យពិចារណាឡើងវិញ ប្រសិនបើពេលនេះ អ្នកនិងដៃគូរបស់អ្នក ដែលមានសាសនាខុសគ្នា មិនទាន់ឈានទៅដល់ការរៀបការ ឬកំពុងតែប្រទាញប្រទង់គ្នា អំពីបញ្ហាជំនឿសាសនា៕