កិច្ចសម្ភាស

HRW ៖ ការ​បោះឆ្នោតនេះ​ជា​«ឧបាយកល​ដ៏​កខ្វក់​ប្រឆាំង​ប្រជាជន​កម្ពុជា»

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសា​អង់គ្លេស «Human Rights Watch – HRW» តាមរយៈលោក ប្រ៊ុយណូ ស្តាចណូ (Bruno Stagno) នាយកប្រតិបត្តិទទួលបន្ទុក​ ផ្នែកច្បាប់ និងការ​តស៊ូមតិ​របស់ខ្លួន បានវាយតម្លៃ ការ​បោះឆ្នោត​​ជាតិ​កាលពីម្សិលម៉ិញ ថាជា «ឧបាយកលដ៏កខ្វក់» ដែលរៀបចំដឹកនាំឡើង ប្រឆាំងនឹង​ប្រជាជន​កម្ពុជា​។

ប្រតិកម្មកំពុងធ្លាក់ចុះមក ជាបន្តបន្ទាប់។ ហើយខាងក្រោមនេះ គឺជាប្រតិកម្មខ្លាំងៗ ធ្វើឡើងដោយលោក ប្រ៊ុយណូ ស្តាចណូ (Bruno Stagno) នាយកប្រតិបត្តិ​ទទួលបន្ទុកផ្នែកច្បាប់ និងការ​តស៊ូមតិ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (ហៅកាត់ថា HRW) ដែលមានទីស្នាក់ការធំ នៅក្រុង ញ៉ូយក សហរដ្ឋអាមេរិក។

មេដឹកនាំអង្គការអន្តរជាតិរូបនេះ បានចាត់ទុកការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ កាលពីម្សិលម៉ិញ នៅក្នុង​ប្រទេស​កម្ពុជា ដែលបានផ្ដល់ជ័យជំនះ នៅក្នុងលទ្ធផលផ្លូវការបឋម ទៅឲ្យគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ដែល​អង្គុយនៅក្នុងតំណែង ជានាយករដ្ឋមន្ត្រី តាំងពី៣៣ឆ្នាំមកនោះ ថាជា «ឧបាយកលដ៏កខ្វក់» ដែលមិនមានអ្វី​គួរឲ្យ​ភ្ញាក់ផ្អើល និងដែលត្រូវបាន​រៀបចំទុក រួចជាស្រេចហើយ។

តាមរយៈបទសម្ភាសមួយ ជាមួយវិទ្យុុបារាំង «France Info» លោក ប្រ៊ុយណូ ស្ដាចណូ ដែលមានជំនាញ​ខាងសិទ្ធិ​មនុស្ស និងច្បាប់​អន្តរជាតិ​យ៉ាងក្រាស់ក្រែល បានអះអាងថា ជ័យជំនះចេញពីការបោះឆ្នោតនេះ នឹងអនុញ្ញាតឲ្យលោក ហ៊ុន សែន អាចបន្ត​អង្គុយ​ចាក់ឫស នៅពីលើរបបដឹកនាំរបស់លោក ដែលពោរពេញ​ដោយ​​«អំពើពុករលួយ ការកៀប​សង្កត់ និង​ការបង្ក្រាប»។ លោកបានសំដែងការជឿជាក់ថា ពេលនេះ ​គឺវាសមល្មមហើយ ដែលសហគមន៍អន្តរជាតិ ត្រូវចាត់​វិធានការ ឲ្យបានច្បាស់លាស់ ជាងពេលណាៗទាំងអស់។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់​យកខ្លឹមសារសំខាន់ នៃកិច្ចសម្ភាសនោះ មកផ្សាយបន្ត មានជាអាទិ៍័​ដូចខាង​ក្រោម៖

សំនួរ៖ សហភាពអ៊ឺរ៉ុប មិនបានបញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត​របស់​ខ្លួន មកកម្ពុជាទេ ក្នុងចុងសប្ដាហ៍នេះ។ អញ្ចឹង តើលោកគិតថា ព្រឹត្តិការណ៍នោះ ជាការបោះឆ្នោតឬទេ?

ប្រ៊ុយណូ ស្ដាចណូ៖ មិនមែនទាល់តែសោះ។ តែវាជាឧបាយកល​ដ៏កខ្វក់ ដែលរៀបចំ​ដឹកនាំ​ឡើង ប្រឆាំងនឹង​ប្រជាជន​កម្ពុជា។ គេត្រូវដឹងថា ការបោះឆ្នោតនេះ ជាការចំអកមួយ ទៅដល់លទ្ធិប្រជាធិបតេយ្យ។ របបដឹកនាំសព្វថ្ងៃ ត្រូវបាន​ដឹកនាំដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាច តាំងពី៣៣ឆ្នាំ។

លោក ហ៊ុន សែន ចាំបាច់ត្រូវធានា​ឲ្យបាន នូវជ័យជំនះដូច្នេះ ដើម្បីបន្តក្រាញអំណាច ជាមួយនឹងអំពើ​ពុករលួយ ការកៀប​សង្កត់ ការបង្ក្រាប និងដើម្បីធានាថា មន្ត្រីយោធាជាង២០នាក់ ក្នុងនោះមាន១២នាក់ ជាឧត្ដមសេនីយ៍ ដែល​មានអតីតភាព ជាទាហានខ្មែរក្រហមនោះ អាចបន្តសម្រេចជោគវាសនាប្រទេសកម្ពុជា ជំនួសប្រជាជនកម្ពុជា ទៅមុខ​ទៀត។

សំនួរ៖ យើងចាំបាន ពីរបបប្រល័យពូជសាសន៍​ខ្មែរក្រហម នៅក្នុងទសវត្សន៍ឆ្នាំ៧០។ តើដោយសារប្រជាជនកម្ពុជា ភ័យ​នឹងការវិលត្រឡប់ នៃរបបវាលពិឃាតហ្នឹងឬ ដែលធ្វើឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេះតែនៅបន្តកាន់អំណាច​បាន​ដូច្នេះ?

ប្រ៊ុយណូ ស្ដាចណូ៖ ជាអ្វីដែលលោក ហ៊ុន សែន បានយកមក​ប្រើប្រាស់ តាំងពី៣៣ឆ្នាំ​មកហើយ។ គឺជាការរំលោភ​ជាអចិន្ត្រៃយ៍ ទៅលើកិច្ចព្រមព្រៀងនានា និងជាពិសេសកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១។ ការបោះឆ្នោត​នេះ ជាការរំលោភថ្មីមួយទៀត ទៅនឹងគ្រប់កិច្ចព្រមព្រៀងសន្តិភាព ដោយសារតែលក្ខខណ្ឌ មិនមានគ្រប់គ្រាន់ ដើម្បីឲ្យ​មាន​ការបោះឆ្នោតមួយ ដោយសេរីនោះឡើយ។

ដូច្នេះ លោក ហ៊ុន សែន កំពុងលេងល្បែង ជាមួយសហគមន៍អន្តរជាតិ ដែលបានយល់យោគខ្លាំងជ្រុល ក្នុងពេល​កន្លង​មក។ យើងសង្ឃឹមថា បន្ទាប់ពីការបោះឆ្នោត​ដែលគ្មានតម្លៃ និងគ្មានភាពស្របច្បាប់​ទាល់តែសោះ​នេះ សហគមន៍​អន្តរជាតិ ជាពិសេសប្រទេសបារាំង (ដែលជាសហប្រធានកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១) គួរត្រូវ​សន្មត​ថា ពេលវេលាបានផុតកំណត់ហើយ ដែលចាំបាច់ត្រូវចាត់វិធានការ ដែលច្បាស់លាស់​ជាងពេលមុនៗ។

ហើយវិធានការ​ដ៏សំខាន់ជាងគេនោះ គឺទណ្ឌកម្មប្រឆាំងឧត្ដមសេនីយ៍ ទាំង១២នាក់ ដែលសុទ្ធសឹងជាឫសកែវ នៃអំណាច​របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។

សំនួរ៖ អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បានស្នើសុំជាថ្មី ឲ្យមានការ​គោរព​សិទ្ធិមនុស្ស នៅកម្ពុជា។ លោក​អគ្គលេខាធិការ បានថ្លែងថា៖ «វាមានសារៈសំខាន់ណាស់ ក្នុងការការពារ​ភាពរីកចម្រើន ដែលសម្រេចបាន នៅក្នុងកិច្ច​ពង្រឹង​សន្តិភាព»។ បើតាមលោកផ្ទាល់ តើវាពិតជាមានភាពរីកចម្រើន ដែលសម្រេចបានមែនឬ?

ប្រ៊ុយណូ ស្ដាចណូ៖ អត់មានរីកចម្រើនអ្វីទេ ហើយវាជាការវាយតម្លៃ ដែលមិនត្រឹមត្រូវ។ គ្មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គ្មានគណបក្សប្រឆាំង​ពិតប្រាកដ។ គណបក្សប្រឆាំងពិតប្រាកដ ដែលមានឈ្មោះ គណបក្សសង្គ្រោះជាតិ ត្រូវបាន​រំលោយ​ចោល។ មេដឹកនាំទាំងអស់ របស់គណបក្សនេះ បានភៀសខ្លួន​ចេញពីប្រទេស និងបានជាប់ពន្ធនាគារ។ លោក ហ៊ុន សែន ក្ដាប់ស្ថាប័នរដ្ឋគ្រប់ទាំងអស់ រួមទាំងកងទ័ព។ គេកំពុងចូលរួម ក្នុងការបង្កើតរដ្ឋឯកបក្សមួយ។ អញ្ចឹង វាគ្មានភាព​រីកចម្រើនអ្វី ឲ្យពិតប្រាកដនោះទេ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។