រវាង ហ្សាល ឌឺហ្គោល និង ហ៊ុន សែន

នាយករដ្ឋមន្ត្រី - ប្រធានគណ​បក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានប្រៀបធៀប ដំណើរគេចខ្លួនពីកម្ពុជា ដែល​លោក​ហៅថា ជាការរត់ទៅពឹង​​វៀតណាម ក្នុងឆ្នាំ១៩៧៧ ឲ្យមករំដោះប្រទេសកម្ពុជា ពីរបបប្រល័យ​ពូជសាសន៍​នោះ ថាដូច​ទៅនឹងការចាកចេញ ពីប្រទេសបារាំង​ទៅកាន់ប្រទេសអង់គ្លេស របស់​អតីតមេទ័ពបារាំង លោក ហ្សាល ឌឺហ្គោល (Charles de Gaulle) ដែល​ក្រោយ​​មក​​ក្លាយ​ជា ប្រធានាធិបតី​បារាំង។ តែការស្រាវជ្រាវ​ពីប្រវត្តិសាស្ត្រ បង្ហាញថា រដ្ឋបុរសទាំង​ពីរនាក់​​នេះ មិនត្រឹម​តែ​មិន​ដូច​គ្នា​​ទេ សូម្បីតែ«ភាពដូច»នៃរឿងរ៉ាវចាកចេញ ពីមាតុប្រទេស ក៏សឹងតែ«គ្មាន»ដែរ។
រវាង ហ្សាល ឌឺហ្គោល និង ហ៊ុន សែន
ខាងឆ្វេង៖ លោក ហ៊ុន សែន អតីតមេទាហានខ្មែរក្រហម និងជានាយករដ្ឋមន្ត្រី-​ប្រធានគណបក្ស​ប្រជាជន​កម្ពុជា។ ខាង​ស្ដាំ៖ លោក ហ្សាល ឌឺហ្គោល អតីតមេទ័ពតស៊ូ និងអតីតប្រធានាធិបតី នៃសាធារណរដ្ឋទី៥ របស់​​ប្រទេស​បារាំង។
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 24, 2017
  • ប្រធានបទ: ស្រាវជ្រាវ
  • អាន និងបញ្ចេញយោបល់

តើលោក ហ្សាល ឌឺហ្គោល (Charles de Gaulle) អតីតមេទ័ពបារាំងឯករាជ្យ ដែលបានចាកចេញ​ពី​ប្រទេស​បារាំង ទៅកាន់កោះអង់គ្លេស ដូចគ្នាទៅនឹងករណីភៀសខ្លួន របស់​លោក ហ៊ុន សែន អតីតមេទាហាន​ខ្មែរ​ក្រហម ទៅកាន់​ប្រទេស​វៀតណាមឬទេ? សំនួរដែលលោក ហ៊ុន សែន ខំប្រឹងប្រៀបធៀប ថាមាន​លក្ខណៈ​ដូច​គ្នា ខណៈ​អ្នកកត់ត្រា​ប្រវត្តិសាស្ត្រ បានបង្ហាញពីភាពខុសគ្នាឆ្ងាយ រវាងរដ្ឋបុរសទាំងពីរ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងពីការប្រៀបធៀបគ្នានេះ នៅ​ចំពោះមេដឹកនាំ​វៀតណាមច្រើននាក់ ក្នុងអំឡុងពេលលោកមានវត្តមាន លើទឹកដីខេត្តប៊ិញហ្វឿក នៃ​ប្រទេស​វៀតណាម ថ្ងៃទី២១-២២ ខែមិថុនា​កន្លង​មកនេះ។

មេដឹកនាំកម្ពុជា ដែលកាន់​អំណាច​យូរជាងគេ នៅអាស៊ី បានមានប្រសាសន៍ថា ការជ្រើសរើសយកផ្លូវ​ណា​មួយ ដើម្បីជួយប្រទេសជាតិ គឺមិនមែន ជា​រឿង​ថ្មីថ្មោងទេ គឺ​មាន​មេដឹកនាំ​ពិភពលោកមួយចំនួន កាលពី​សង្រ្គាម​​លោក​លើកទី២ ក៏បានធ្វើដូចគ្នា គឺឧត្តមសេ​នី​យ៍ ហ្សាល ឌឺហ្គោល ដែលបាន​ភៀស​ខ្លួន ពីប្រទេស​បារាំង ទៅ​ប្រទេស​អង់គ្លេស ហើយបានដឹកនាំ​តស៊ូ​រយៈ​ពេល៤ឆ្នាំ រហូត រំដោះប្រទេសបារាំង​ចេញ​ពី​របប​ហ្វាស៊ីល​ហ៊ីត្លែ ក្នុង​ឆ្នាំ១៩៤៤។ លោក ហ៊ុន សែន បាន​និយាយ​​ដោយខ្លួន​លោកទៀតថា បន្ទា​ប់​​មក​​ប្រជាជន​​បារាំង​ បាន​ចាត់​ទុក​​លោក ហ្សាល ឌឺហ្គោល  ជាវីរៈជន របស់​ប្រទេសបារាំង គឺមិនមែនជា​ជន​ក្បត់​ជាតិ​ទេ។

ឃ្លាលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ត្រូវបានសារព័ត៌មានក្នុងស្រុក ជាពិសេសប្រព័ន្ធឃោសនា ដែល​ស្និត​នឹង​រូបលោក រដ្ឋាភិបាល និងស្និត​នឹង​គណបក្សប្រជាជនកម្ពុជា ធ្វើការផ្សព្វផ្សាយឡើងវិញ ដដែលៗ ជា​ច្រើន​លើក​ច្រើនសារ ដោយគ្មានប្រព័ន្ធផ្សព្វផ្សាយណាមួយ ពន្យល់ពីរឿងវ៉ាវ របស់​អតីតមេទ័ពបារាំង លោក ហ្សាល ឌឺហ្គោល ថាត្រូវបានធ្វើឡើង ក្នុងសភាពបែបណាឡើយ។

បុព្វហេតុ...

ការលើកឡើងខាងលើ របស់លោក ហ៊ុន សែន បានបន្ថែមទៅលើការនិទាន យ៉ាងប្រទាំងប្រទើស ដែលលោកអះអាងថា លោកបានលះបង់គ្រប់យ៉ាង ដើម្បីរត់ចេញពីប្រទេស ចូលទៅក្នុងប្រទេសវៀតណាម ក្នុងបុព្វហេតុរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម។ ប្រទាំងប្រទើស ដោយសារឯកសារ​ឯករាជ្យ​ជាច្រើន បានពន្យល់ថា លោកបានគេចខ្លួនមែន តែមិនមែនគេចទៅរកការឧបត្ថម្ភណាមួយទេ និងជាការគេចចេញ ពីការប្រមាញ់របស់ប៉ុលពត ដែលបានបញ្ជា ឲ្យកំចាត់ជនក្បត់អង្គការ ក្បត់បដិវត្តន៍ នៅភូមិភាគបូព៌ា។

» អត្ថបទដែលទាក់ទង៖ ពិត​ឬ បុព្វហេតុ ហ៊ុន សែន ទៅ​ហៅ​យួន​មក​រំដោះ​ខ្មែរ?

នយោបាយ និងការកាន់អំណាច...

ផ្ទុយទៅវិញ ការប្រៀបធៀបនៃការគេចខ្លួន របស់លោក ហ៊ុន សែន ទៅនឹងការចាកចេញ របស់អតីតប្រធានាធិបតី ឌឺហ្គោល ត្រូវបានអ្នកនយោបាយ មកពីគណបក្សផ្សេង បរិហារថា ជាករណីពីរខុសគ្នា និងមិនអាចយកមក​ប្រៀបធៀបគ្នា ​បាននោះទេ។ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បាន​សរសេរ​​នៅ​លើ​​បណ្ដាញ​​សង្គម ប្រតិកម្ម​ទៅនឹងការ​ប្រៀបធៀបនេះ យ៉ាងដូច្នេះថា៖

«ហ្សាល ដឺហ្គោល គាត់មិនបានល្ងង់រហូតបើកព្រំដែន ឲ្យជនជាតិអង់គ្លេសចូលមករស់នៅ ក្នុងប្រទេសបារាំង​តាម​អំពើចិត្ត ប្រែក្លាយខ្លួនជាជាតិបារាំង ហើយក៏មិនមែន បណ្តោយឲ្យទាហានអង់គ្លេស ប្លន់ដឹកជញ្ជូនយក​ទ្រព្យ​សម្បត្តិ​ចេញពីប្រទេស បារាំង ទៅស្រុកអង់គ្លេស តាមអំពើចិត្ត ដូចដែល​ក្រុម​លោក ហ៊ុន សែន ដែល​រត់​ទៅ​ពឹង​យួន រួចហើយសន្យា ជំពាក់គុណយួនរាប់សិបឆ្នាំ បើកព្រំដែន បង្ហូរជនជាតិយួន ឲ្យចូលមករស់នៅ​ក្នុង​ដីខ្មែរ តាម​អំពើរ​ចិត្ត ប្រែឈ្មោះបន្លំ​ខ្លួនធ្វើជាខ្មែរ បម្រើនយោបាយយួន រួចអនុញ្ញាត ឲ្យកងទ័ពយួន ប្រមូល​លួច​ប្លន់ យក​ទ្រព្យសម្បត្តិខ្មែររាប់​ពាន់តោន ដឹកយក​ទៅស្រុកយួន នោះទេ។»

«អង់គ្លេស និងអាមេរិក ខុសពីសារជាតិពួកជាតិសាសន៍យួន ! អង់គ្លេស និងអាមេរិកជួយបារាំង វាយអាល្លឺម៉ង់ គឺជួយក្នុងនាមសម្ព័ន្ធមិត្តពិតប្រាកដ ដែល​មិនមែនហុតទឹក សម្លឹងកាក ដូចពួកយួន ចូលមកជួយក្រុមលោក ហ៊ុន សែន និងលើកបន្តុប​ក្រុមនេះ ឲ្យកាន់អំណាចកាលពីក្រោយ ៧ មករា ១៩៧៩ ទេ។ អង់គ្លេស និងអាមេរិក ជួយរំដោះ បារាំង ចេញពីការឈ្លានពានរបស់ អាល្លឺម៉ង់ រហូតពង្រឹងឲ្យបារាំង ក្លាយជាប្រទេសមហាអំណាច ជា​សមាជិក​អចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ ។ តែសួរថា តាំងពីក្រោយឆ្នាំ ១៩៧៩ ដែលបន្ទាប់​ពីក្រុម​លោក ហ៊ុន សែន ទៅពឹងពាក់យួន​នោះ ពលរដ្ឋខ្មែរ និងប្រទេសខ្មែរ​បច្ចុប្បន្ន ជាស្អីដែរ?»

ដំណើរដើមទង...

បញ្ហាមិនមែននៅត្រឹមតែប៉ុណ្ណឹងទេ តែប្រវត្តិនៃការតស៊ូ របស់លោកអតីតប្រធានាធិបតីបារាំង ហ្សាល ឌឺហ្គោល ក៏មិនដូចទៅនឹងការលើកឡើង របស់​លោក ហ៊ុន សែន ដែលសង្ខេបមកយ៉ាងខ្លី ធ្វើយ៉ាងណាឲ្យ​ដូចរឿងរ៉ាវ ដែល​លោកខ្លួនឯងនិយាយនោះឡើយ។ គេ​អាច​ស្វែង​​រក​​ឯកសារ​​នៃ​ប្រវត្តិតស៊ូ របស់លោក ហ្សាល ឌឺហ្គោល ជាភាសាអង់គ្លេស នៅទីនេះ និងភាសា​បារាំង នៅ​ទីនេះ (ឯកសារ​មានបកប្រែ ចេញជាច្រើនភាសា រួមទាំងភាសា​វៀតណាម-ថៃ-ភូមា តែគ្មានបកប្រែ​ជា​ភាសា​​ខ្មែរទេ)។

ខាងក្រោមនេះ ជាភាពខុសគ្នាត្រួសៗ ដែលបង្ហាញថា ដំណើរចាកចេញពីបារាំង ឆ្ពោះទៅកាន់ប្រទេស​អង់គ្លេស របស់​លោក ហ្សាល ឌឺហ្គោល មិនដូច​ដំណើរ​ភៀស​ខ្លួន របស់លោក ហ៊ុន សែន នោះទេ៖

- លោក ឌឺហ្គោល ជាអតីតទាហាន និងក្លាយជាមេទ័ពបារាំង នៃប្រទេសបារាំងឯករាជ្យ និងមិនមែនជាមេទ័ព នៃ​ប្រទេសបារាំង ដែលស្ថិត​ក្រោយ​ការ​គ្រប់គ្រង របស់​ពួក​ណាហ្សី​ហ៊ីត្លែ​ នោះទេ។ លោក ឌឺហ្គោល ធ្លាប់ជា​ទាហាន​ដែលវាយប្រយុទ្ធ ប្រឆាំងកងទ័ពអាល្លឺម៉ង់ តាំងពីសង្គ្រាមលោកលើកទីមួយ និងនៅតែ (ដឹកនាំ)​​ប្រយុទ្ធ​ប្រឆាំង​បន្ត​ទៀត ក្នុងអំឡុងពេលសង្គ្រាម​លោកលើកទីពីរ​​។ តែលោក ហ៊ុន សែន ជាអតីត​មេ​ទាហាន​របស់​ខ្មែរ​ក្រហម ដែលជួយ​ឲ្យក្រុមនេះដណ្ដើមជ័យជំនះ ឡើងកាន់កាប់អំណាច ក្នុងឆ្នាំ១៩៧៥ រហូតបណ្ដាលឲ្យប្រជាជនស្លាប់ រាប់លាននាក់។

- នៅថ្ងៃទី៦​ ខែមិថុនា ឆ្នាំ១៩៤០ លោក ឌឺហ្គោល បានចាកចេញពីជួរយោធា តាមបញ្ជា​របស់​ប្រធាន​ក្រុម​​ប្រឹក្សា​​ភិបាល «Paul Reynaud» (ប្រហាក់​ប្រហែល នឹងប្រធានាធិបតី) ឲ្យត្រឡប់ចូលរដ្ឋធានីបារីសវិញ ដើម្បី​ក្លាយ​ជា​រដ្ឋ​លេខាធិការ ទទួលបន្ទុកសង្គ្រាម និងការពារជាតិ។ ក្នុងតំណែងថ្មី​នៃ​រដ្ឋាភិបាល​បារាំង (កាល​នោះ​ជា​​រដ្ឋាភិបាល​​អធិបតេយ្យ) នេះ លោក ឌឺហ្គោល មានបេសកកម្មថ្មី គឺត្រូវទាក់ទងជាមួយ​ប្រទេស​អង់គ្លេស ដើម្បី​​បន្ត​ការ​ប្រយុទ្ធ ប្រឆាំងនឹងក្រុមហ្វាស៊ីស។ លោកបានជួប​ជា​មួយ​នាយក​រដ្ឋមន្ត្រី​​កាល​នោះ របស់​ចក្រភពអង់គ្លេស លោក «Winston Churchill» នៅថ្ងៃទី៩ មិថុនា ឆ្នាំ១៩៤០ ដើម្បីពង្រីក​​​កម្លាំង​ប្រយុទ្ធ កាន់​តែខ្លាំងឡើង ជា​ពិសេស​ការ​វាយប្រហារ តាមផ្លូវអាកាស។

លោក ឌឺហ្គោល បានចូលរួមក្នុងសន្និសីទ ក្រុង «Briare» ភាគកណ្ដាល​នៃប្រទេសបារាំង ដែលមានវត្តមាន របស់​លោក «Winston Churchill» នៅ​ពេល​នោះ​ដែរ ហើយនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានព្រមព្រៀង និងបានលើកទឹកចិត្ត ឲ្យរដ្ឋាភិបាលបារាំងបន្តការតស៊ូ ប្រឆាំងកងទ័ព​អាល្លឺម៉ង់។ នៅ​ថ្ងៃទី១៦ ខែមិថុនា លោក ឌឺហ្គោល បានចេញទៅធ្វើទស្សនកិច្ចវិញុុម្ដង នៅរាជធានីឡុងដ៍ ប្រទេសអង់គ្លេស និងបានប្រកាសនៅទីនោះ ពី​លទ្ធភាព​នៃការបង្កើត «សម្ព័នភាព អង់គ្លេស-បារាំង»។

នៅថ្ងៃទី១៧ ខែមិថុនា លោក ឌឺហ្គោល បានត្រឡប់ចូលទឹកដីបារាំងវិញ។ លោកបានទទួលដំណឹងថា លោក​ប្រធាន​​ក្រុមប្រឹក្សាភិបាល «Paul Reynaud» បាន​លាលែងពីតំណែង និងត្រូវបាន​ជំនួសដោយលោក «Philippe Pétain» ដែលស្នើសុំឲ្យមានកិច្ចព្រមព្រៀង​ឈប់បាញ់ និងយោគយល់មួយ (L'Armistice) រវាង​ប្រទេសបារាំង និង​​​ប្រទេស​អាល្លឺម៉ង់។ ពាក្យ«យោគយល់»នេះ មានលក្ខណៈឲ្យល្អមើលពីខាងក្រៅ តែបើនិយាយឲ្យពិត វាជា​កិច្ច​ព្រម​ព្រៀង ដាក់ប្រទេស​បារាំង ឲ្យស្ថិត​​នៅក្រោម​រដ្ឋាភិបាល​ណាហ្សី របស់ប្រទេសអាល្លឺម៉ង់។

គឺនៅថ្ងៃ​ដដែល​នោះហើយ ដែលលោក ឌឺហ្គោល បានចាកចេញ​ពីប្រទេសបារាំង ឆ្ពោះទៅកាន់រាជធានី ឡុងដ៍ តាម​​យន្ដហោះ​មួយ ​អម​ដំណើរ​​​ដោយលោក «Edward Spears» ឧត្ដមសេនីយយោធាមួយរូប របស់​ចក្រភព​អង់គ្លេស។ ក្នុងដំណើរនោះ លោក ឌឺហ្គោល មាន​ប្រាក់ ១០០ ០០០​ហ្វ្រង់ នៅ​​ជាប់​​ខ្លួន ដើម្បីបន្ត​​ការប្រយុទ្ធ។

ត្រង់ចំណុចទាំងនេះ មិនមែនលោក​ ឌឺហ្គោល ទៅសុំពឹងអង់គ្លេស ឲ្យមកជួយបារាំងទេ តែជាបុព្វហេតុរួម របស់​ប្រទេស​ទាំងពីរ មុននឹងសង្គ្រាម​លោក​លើក​​ទីពីរ បានរាលដាល​ឲ្យអាមេរិកលូកដៃចូល នៅ​ពេលក្រោយមក។ ដូច្នេះ មិន​មានអ្វី ដូចការលើកឡើង​ខ្លីៗ របស់លោក ហ៊ុន សែន នោះឡើយ។

- នៅថ្ងៃទី១៨ ខែមិថុនា លោក ហ្សាល ឌឺហ្គោល បានប្រកាសតាមវិទ្យុ «BBC» ពីរាជធានី ឡុងដ៍ ស្ដីការបន្ត​ប្រយុទ្ធ នៃប្រទេស​បារាំង​ឯករាជ្យ ប្រឆាំង​កងទ័ព​ហ្វាស៊ីស។ នៅក្នុងសេចក្ដីប្រកាសជាប្រវត្តិសាស្ត្រនោះ លោក​បានអំពាវនាវ ទៅកាន់ប្រជាជនបារាំង ជាពិសេសកងទ័ពបារាំង ឲ្យងើបឡើងតស៊ូ ទាំង​នៅក្នុងប្រទេស​អង់គ្លេស ទាំង​នៅក្នុង​ប្រទេសបារាំង។ ប្រជាជនបារាំង បានស្ដាប់ និងស្គាល់ពីសេចក្ដីអំពាវនាវនោះ ដូច​បាត​ដៃ និងបានហៅលោក ឌឺហ្គោល តាំងពីពេលនោះមក ថាជា«បីតាចលនាតស៊ូ»។ គួរឲ្យស្ដាយ ដែលការប្រកាសតាមវិទ្យុ ជាលើកដំបូងនេះ មិនត្រូវ​បាន​ថត​ទុកទេ ផ្ទុយ​ពីការប្រកាស​ជាថ្មីទៀត នៅថ្ងៃទី២២ ខែមិថុនា ដែលសម្លេងលោក ត្រូវបានថត និងរក្សាទុករហូតដល់សព្វថ្ងៃ។

ដូច្នេះ ប្រទេសបារាំង និងប្រជាជនបារាំង បានស្គាល់លោក ឌឺហ្គោល ជាមុន និងយ៉ាងច្បាស់​រួចហើយ មិនដូច​លោក ហ៊ុន សែន ដែលទើប​នឹងបង្ហាញខ្លួន នៅពេល​មានរដ្ឋាភិបាល នៃរបបសាធារណរដ្ឋ​ប្រជាមានិតកម្ពុជា ក្រោយ​ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលគេស្គាល់ថា ជា​រដ្ឋាភិបាល លើកបន្តុបឡើង​ដោយ​ក្រុង​ហាណូយ​នោះឡើយ។

- ប្រវត្តិបន្តរបស់លោក ឌឺហ្គោល ក្នុងអំឡុងពេលសង្គ្រាម និងពេលក្រោយសង្គ្រាម ក៏កាន់តែមាន​ភាព​ខុសស្រឡះ ពីលោក ហ៊ុន សែន ដែរ។ តែ​ការរៀបរាប់ ទាក់ទងនឹងប្រវត្តិរបស់លោក ឌឺហ្គោល នឹងត្រូវជម្រាបជូន​ជាបន្ទាប់ទៀត នៅក្នុងអត្ថបទលើកក្រោយៗ ហើយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមបិតបញ្ចប់​ការ​បង្ហាញ​ពី​ភាព​ខុសគ្នា រវាងរដ្ឋបុរសទាំងពីររូប នៅត្រឹមការចាកចេញ របស់លោក ហ្សាល ឌឺហ្គោល ពីប្រទេស​បារាំង ទៅកាន់ប្រទេស​អង់គ្លេស តែប៉ុណ្ណេះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់