ពិត​ឬ បុព្វហេតុ ហ៊ុន សែន ទៅ​ហៅ​យួន​មក​រំដោះ​ខ្មែរ?

ជាថ្មីម្ដងទៀត លោក ហ៊ុន សែន បានរំលើកយកការចាកចេញ ពីប្រទេស​កម្ពុជា ចូលទៅក្នុងប្រទេស​វៀតណាម ថា​ជា​«ការស្វែង​រកការជួយ​ឧបត្ថម្ភ» ក្នុងការរំដោះជាតិ ចេញពីរបបខ្មែរក្រហម។ បញ្ហា​នៅ​ត្រង់​ថា ពលរដ្ឋ​ខ្មែរ​នៅ​ខ្វះប្រភព​ឯករាជ្យ ដែល​អាច​បញ្ជាក់ ពីប្រវត្តិសាស្ត្រ​ត្រង់នេះ ជាជាង​ស្ដាប់​ការនិទាន ម្ដង​ហើយ​ម្ដង​ទៀត ពី​សំណាក់​លោក ហ៊ុន សែន និងបក្ខពួករបស់លោក តែម្ខាងប៉ុណ្ណោះ។
ពិត​ឬ បុព្វហេតុ ហ៊ុន សែន ទៅ​ហៅ​យួន​មក​រំដោះ​ខ្មែរ?
អតីតសមមិត្ត​រដ្ឋមន្ត្រី​ក្រសួងការបរទេស ហ៊ុន សែន និយាយជាមួយកងទ័ព និងជំនាញការ​វៀតណាម ក្នុងឆ្នាំ១៩៨៣។ (រូបថតឯកសារ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 20, 2017
  • ប្រធានបទ: ប្រវត្តិមួយ
  • អាន និងបញ្ចេញយោបល់

តាមពិតទៅ ការលើកឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា និង​ក្រុម​បក្ខពួករបស់លោក  មិនមានអ្វីថ្មីទេ ដោយ​គ្រាន់តែរំលើកដដែលៗ និយាយអំពី «វីរភាពមិនអាចកាត់ថ្លៃបាន» នៃ​ការ​លះបង់ដ៏«ធំធេង»របស់លោក នៅពេលដែលលោកបានចាកចេញ ពី​ប្រទេស​កម្ពុជា ចូលទៅក្នុង​ទឹកដី​វៀតណាម ក្នុងខែមិថុនា ឆ្នាំ១៩៧៧ និងបានហៅការរត់ចេញពីប្រទេសនេះ ថាដើម្បីស្វែងរក ការ​ជួយ​ឧបត្ថម្ភ​ ក្នុង​ការ​រំដោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុលពត។

លោក ហ៊ុន សែន បានយករឿងនេះ មករំលឹកសរសេរឡើងវិញ នៅថ្ងៃទី២០ ខែមិថុនា​នេះ​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។ តែសំណេរនោះ លែងហៅ​លោក ហ៊ុន សែន ថាជាសម្ដេច«តេជោ»ទៀតហើយ តែជា​«សមមិត្ត​ ហ៊ុន សែន» ដែលជាគោរមងារ«សមភាព» នៅក្នុងជួរកម្មាភិបាល​កុម្មុយនីស នៃ​អង្គការ​ខ្មែរក្រហម និង​កម្មាភិបាល-​បក្ខជន​​កុម្មុយនីស នៃអង្គការបដិវត្តថ្មីមួយ ដែលលើកបន្តុបដោយវៀតណាមវិញ។

អតីតសមមិត្តនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកពីពេលចាកចេញ ពីប្រទេសកម្ពុជា គេចចូលទៅក្នុង​ប្រទេស​វៀតណាម​នោះ មាន៧ចំណុច។ ចំណុច​ទីមួយ នៅលើទឹកដីកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ពេល​នោះ​ជាខេត្តកំពង់ចាម) វេលាយប់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាចំណុច​ដែល​លោក និងកម្មាភិបាល​ដ៏​ទុក​ចិត្ត​​បួន​នាក់ទៀត គឺលោក នុច ថន - លោក ញឹក ហួន - លោក ស៊ូ គីម ស្រ៊ាង (ហៅសាញ់) និងលោក វ៉ា ប៉ោអ៊ាន ចាប់​​ចេញ​​ដំណើរ​​ភៀសខ្លួន ទៅវៀតណាម។

លោកសរសេរថា៖ «ចន្លោះវេលាម៉ោង ២២:០០នាទី ដល់វេលាម៉ោង ០១:០០នាទី រំលងអាធា្រត្រ (នៅ​ថ្ងៃ​នោះ) មានភ្លៀងផ្លេកបន្ទោរ និងផ្គរលាន់ ម្យ៉ាង​ត្រូវ​ការ​ពុះពារទ្រាំទ្រនឹង អាកាសធាតុដ៏លំបាក ប៉ុន្តែ​ម្យ៉ាង​ទៀត ក៏​អាច​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​ការពារខ្លួន ក្នុងពេលធ្វើដំណើរនេះ»។

រីឯក្នុងចំណុចទី២ គឺចំណុចដែលលោក ហ៊ុន សែន និងអ្នករួមដំណើរបួននាក់ទៀត បានចូលក្នុង​ទឹកដី​វៀតណាម បាន​ប្រមាណ​​ជា២០០ម៉ែត្រ នៅ​វេលា​ម៉ោង ០២:០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧។

នៅត្រង់ចំណុចនេះ លោក ហ៊ុន សែន ដែលអះអាងថា «ពុំមានអ្វីទទួលទាននោះ» បានសួរខ្លួនឯងថា៖ «តើ​អាច​ត្រូវ​ស្លាប់​ នៅ​ពេលឆ្លងព្រំដែន កម្ពុជា-​វៀតណាម ដោយការជាន់មីន ឬដោយកងការពារ​ព្រំដែន ​របស់​វៀតណាម​ឬទេ ? តើអាច ត្រូវជាប់គុក ដោយសារការឆ្លងដែនខុសច្បាប់ឬទេ? តើ​វៀតណាម​ជឿហើយ​សុខចិត្ត​ជួយ ក្នុង​ការ​ផ្តួល​រំលំ ​របបប្រល័យពូជសាសន៍ ប៉ុលពត ឬទេ ក្នុងពេលដែលវៀតណាម កំពុងមានទំនាក់ទំនង​ការទូត ជាមួយ​កម្ពុជា​ប្រជាធិបតេយ្យ ? សំណួរចុងក្រោយ គឺតើវៀតណាម​អាចចាប់បញ្ជូន មកឲ្យប៉ុលពត​វិញ​ឬទេ?»។

អតីតកម្មាភិបាលខ្មែរក្រហម រត់ចោលជួររូបនេះ នៅបានរំលើកឡើងវិញទៀតថា លោក«ពិតជាមានការ​លំបាក ខាង​ផ្លូវ​ចិត្ត​យ៉ាង​ធ្ងន់ធ្ងរ» ដោយគិតដល់​ផលវិបាក ដែលអាចកើតមាន ចំពោះភរិយាពរពោះ៥ខែ ដែលកំពុង​ស្ថិត​នៅ​ក្នុង​ក្រញាំ​ឃោឃៅ របស់ពួកខ្មែរក្រហម នៅឡើយ។

លោក ហ៊ុន សែន បានរំលឹកមកនិយាយ នៅត្រង់ចំណុចទី៣ បន្ទាប់ពីបានចូលក្នុងទឹកដីវៀតណាម បាន​ប្រមាណ​ជិត៦គីឡូម៉ែត្រ នៅវេលាម៉ោង ១១:០០នាទី ជិតថ្ងៃត្រង់ ដោយក្រុមលោកសម្រេចលាក់អាវុធ រួច​រៀបចំ​ដាំ​បបរដោយ​អង្ករ ដើម្បីទទួលទាន មុននឹងបន្តដំណើរ តាមផ្លូវថ្នល់ ទៅរកជួប​កងទ័ព​វៀតណាម និង​ប្រជាជន​វៀតណាម ។

រីឯចំណុចទី៤ គឺជាចំណុច ដែលក្រុមលោកទាំង៥នាក់ បានជួបកម្មករយួនម្នាក់ នៅក្នុងភូមិវៀតណាមមួយ ដែល​មានចំងាយ១៤គីឡូម៉ែត្រ ពីព្រំដែន។ ពេលនោះ គឺម៉ោង ១៤:០០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ​១៩៧៧។​ បន្ទាប់​ពី​ឲ្យ​រង់ចាំ​នៅនឹងកន្លែង កម្មករយួនរូបនោះបានចេញ ទៅនាំកម្លាំង​ស្វ័យការពារ​វៀតណាម​ដោយ​មាន​ទាំង​អាវុធ មកជាមួយផង ។

លោក ហ៊ុន សែន សរសេរ នៅក្នុងចំណុចបន្ទាប់មកទៀតថា ដំបូងឡើយ វៀតណាមបានសង្ស័យ ទៅលើ​ពួក​លោក​នេះ ថាជាក្រុមវាយឆ្មក់ ឬក្រុមចារកិច្ច​របស់ប៉ុល ពត ហើយបាន​ធ្វើការសាកសួរ ជាច្រើន​លើក​ច្រើន​សារ និង​ដោយ​បំបែកគ្នា រវាងលោក និងគ្នីគ្នារបស់លោក​ ទាំងបួននាក់។ ប៉ុន្តែ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧ កងទ័ព​វៀតណាម បានទទួលស្គាល់នៅទីបំផុត ថា៖ «សមមិត្ត ហ៊ុន សែន មានឋានៈខ្ពស់ ជាថ្នាក់បញ្ជាការ​វរសេនា​ធំ​ហើយ មិនមែន​ជា​ក្រុម​ដែល​ប៉ុលពត​បញ្ជូនមក វាយឆ្មក់វៀតណាមទេ»។

លោក ហ៊ុន សែន បានថ្លែងរំលើក នៅទីបញ្ចប់ថា៖ «ពីទីតាំងកោះថ្ម នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បាន​ក្លាយជាទិវាមួយដ៏សំខាន់ នៃរបត់ប្រវត្តិ​សាស្រ្ត​​ប្រទេសកម្ពុជា ជាពេលវេលា ដែលសមមិត្ត ហ៊ុន សែន បាន​ចាប់​ផ្តើម​ដំណើរ ឆ្ពោះទៅការផ្តួលរំលំ​របបប្រល័យពូជសាសន៍ ប៉ុលពត»។

ភាពមិនប្រក្រតី ដូចជាផ្សេងពីហ្នឹង...

តែការរំលើករបស់លោក ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុករបស់លោក ហាក់មានភាពមិនប្រក្រតី ទាក់ទង​នឹង​ពេល​វេលា និងចម្ងាយផ្លូវ នៃការធ្វើដំណើរ។ វីដេអូពីរឿងរ៉ាវនេះ ផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ពន្យល់​ថា ពីចំណុចកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ទៅដល់ព្រំដែនវៀតណាម មាន​ចំងាយ​៩,៩គីឡូម៉ែត្រ ហើយ​លោក ហ៊ុន សែន ត្រូវបន្តដំណើរថ្មើរជើង ប្រមាណជា១៤គីឡូម៉ែត្រ នៅក្នុងទឹកដីវៀតណាម មុននឹងជួប ជា​មួយ​​កម្មករ​​ចំការ​កៅស៊ូ របស់វៀតណាម។

នៅត្រង់នេះ តើគេមិនគួរឆ្ងល់ទេឬ ថាលោក ហ៊ុន សែន ចេញដំណើរនៅម៉ោង ២០ យប់ថ្ងៃទី២០ ខែមិថុនា និង​ទៅ​​ដល់ចំណុចជួប ជាមួយកម្មករ នៅម៉ោង​១៤ ថ្ងៃទី២១ ខែមិថុនា ពោលគឺលោកប្រើពេល​តែ ១៥ម៉ោង​ប៉ុណ្ណោះ ក្នុងការធ្វើដំណើរ​ទាំងយប់ កាត់ភ្លៀងព្យុះ ត្រូវឆ្លងព្រៃភ្នំក្រំថ្ម សម្រាប់​​ចំងាយ​ផ្លូវ​​ជិត​២៥គីឡូម៉ែត្រ។ តើ​លោក ហ៊ុន សែន និង​​គ្នីគ្នា​​របស់​លោក រត់រហូត មិនសម្រាក មិន​ឈប់​ទទួល​ទាន​អាហារ និង​ស្គាល់​ផ្លូវ​គេចខ្លួន​ទាំងនេះ ដូច​បាត​ដៃ​ឬ? 

ឯកសារបរទេសស្រាវជ្រាវឃើញផ្សឹង!

ផ្ទុយទៅវិញ ឯកសារផ្សេងទៀតនៅឯបរទេស ស្រាវជ្រាវដោយអ្នកនិពន្ធឯករាជ្យ បានលើកឡើង​ខុសគ្នា​ស្រឡះ​ ពី​ការ​និទាន​ខាងលើ។ ឯកសារ​ទាំង​នោះ បានពន្យល់ថា លោក ហ៊ុន សែន បាន​រត់​ចោល​ស្រុក គឺ​នៅ​ក្នុង​បុព្វហេតុ​តែមួយគត់ នោះគឺគេចចេញ ពីចំណាត់ការរបស់ប៉ុលពត ដែល​កំណត់​ឲ្យ​កំចាត់​​ក្រុម​​ក្បត់​​អង្គការ ក្បត់​បដិវត្តន៍ នៅ​តំបន់​បូព៌ា។

សក្ខីកម្មនៃឯកសារស្រាវជ្រាវ នៅឯបរទេស ត្រូវបានក្រុមអ្នកប្រើប្រាស់ គេហទំព័រ «Wikipedia» ធ្វើ​ការ​ប្រមែ​ប្រមូល និង​យក​មក​សង្ខេប ទាក់ទងនឹងប្រវត្តិរបស់លោក ហ៊ុន សែន ដូច​ខាង​ក្រោម៖

នៅឆ្នាំ ១៩៧៧ ឧបទ្ទវហេតុជាច្រើន បានកើតឡើង នៅតាមព្រំដែនកម្ពុជា-វៀតណាម និងបានបង្ក ​ឱ្យ​មាន​ការ​ឆ្លើយតប ពីសំណាក់កងទ័ពប្រជាជន​វៀតណាម ដែលធ្វើឲ្យកងទ័ពខ្មែរក្រហម ពិបាក​នឹង​ធ្វើការទប់ទល់។ មេ​បញ្ជាការជាន់ខ្ពស់ នៃរបបខ្មែរក្រហម នៅភ្នំពេញ បានទម្លាក់ការទទួលខុសត្រូវ នៃការទប់ទល់​ ដ៏ខ្សត់ខ្សោយ​​នា​ពេល​​នោះ ទៅលើក្រុមទាហាន និងក្រុមមេទាហានរបស់ខ្លួនមួយចំនួន ដែល​មិន​មាន​ភក្ដីភាព​ពេញ​លេញ ជា​មួយ​​នឹង​អង្គការ ហើយបានបញ្ជា​ ឲ្យមានការចម្រាញ់ចេញ នូវជនក្បត់បដិវត្តន៍ ដែល​​មាន​ទំនោរ​​ងាក​ទៅ​​ក្រុង ហាណូយ។

ដើម្បី​​គេច​​ចេញ ពីយុទ្ធនាការ​ចម្រាញ់នេះ លោក ហ៊ុន សែន បានសម្រេចចិត្ត​រត់​ឆ្លង​ព្រំដែន ចូល​ប្រទេស​វៀតណាម។ លោក ហ៊ុន សែន បានរត់គេចខ្លួន​ នៅខែមិថុនា ហើយបានរស់នៅ ក្នុងព្រៃអស់រយៈពេល​ជា​ច្រើន​ខែ មុននឹង​ចូល​​ទៅដល់ទឹកដីវៀតណាម ក្នុងខែធ្នូ ឆ្នាំ១៩៧៧។

ពេលទៅដល់ភ្លាម លោក ហ៊ុន សែន ត្រូវបាន​អាជ្ញាធរ​យួន​ចាប់​ឃុំ​ខ្លួន មួយរយៈទៀត។ បន្ទាប់ពីត្រូវ​បាន​ដោះ​លែង លោក ហ៊ុន សែន បានចូលរួមជាមួយ លោក ហេង សំរិន និង​លោក ជា ស៊ីម ក្នុងការបង្កើត​ឲ្យមាន​ចលនា​នយោបាយមួយ ដើម្បីផ្ដួលរំលំរ​បបខ្មែរក្រហម។ ចលនា​នោះ មាន​ឈ្មោះ​ដំបូង​ឡើង​ថា «រណសិរ្សសាមគ្គី​ប្រជាជន​ខ្មែរ ដើម្បីស​ង្គ្រោះជាតិ» និងក្រោយមក បានប្ដូរ​មក​ជា «រណសិរ្សយសាមគ្គីសង្គ្រោះជាតិកម្ពុជា» ហៅ​កាត់​ជា​ភាសា​បារាំង «FUNSK»។

សក្ខីកម្មមួយទៀត នៅក្នុងសៀវភៅ «ប៉ែន​ សុវណ្ណ ជីវប្រវត្តិ​សង្ខេប និងបុព្វហេតុ​ជាតិ​មាតុភូមិ​កម្ពុជា» ដែល​លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រី (មុនលោក ហ៊ុន សែន) នៃរបប​​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា សរសេេរ​ដោយ​ខ្លួន​លោក ហើយចេញផ្សាយ នៅក្នុងទសវត្សន៍​ចុងក្រោយនេះ បាន​ពន្យល់​ថា គម្រោង​រៀបចំ វាយ​ចូល​ឈ្លាន​ពាន​ប្រទេស​កម្ពុជា ពីសំណាក់ប្រទេសវៀតណាម នៅចុងឆ្នាំ១៩៧៨ និង​ដើម​​ឆ្នាំ​១៩៧៩ ត្រូវ​បាន​​រៀបចំ ដោយ​ក្រុង​ហាណូយ ជាយូរខែឆ្នាំ​មកហើយ មិនមែនដោយសារលោក ហ៊ុន សែន និង​គ្នីគ្នា​បួន​ប្រាំ​នាក់ ទៅ​​និយាយ​​​មួយ​​ម៉ាត់ពីរ ក៏ស្រាប់តែ​​វៀតណាម​​ធ្វើតាម​នោះទេ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់