Posts in ‘ស្ថាបត្យកម្ម’ Category

ទូរទស្សន៍​អ៊ឺរ៉ុប៖ ​កម្ពុជាអបអរ​ការ​បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ជា​បេតិកភណ្ឌ​ពិភពលោក

ទូរទស្សន៍​អ៊ឺរ៉ុប៖ ​កម្ពុជាអបអរ​ការ​បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ជា​បេតិកភណ្ឌ​ពិភពលោក

ព្រឹត្តិការណ៍ នៃការដាក់បញ្ចូលតំបន់​ប្រាសាទសំបូរ​ព្រៃគុក ដែលស្ថិតក្នុងខេត្តកំពង់ធំ របស់ប្រទេសកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយអង្គការយូនេស្កូ កាលពីដើមខែមកនេះ បានទាក់ទាញឲ្យបណ្ដាញទូរទស្សន៍​ដ៏ធំមួយ នៅអ៊ឺរ៉ុប ធ្វើសេចក្ដីរាយការណ៍ ហើយផ្សព្វផ្សាយកាលពីម្សិលម៉ិញ នៅក្នុងកម្មវិធីព័ត៌មានរបស់ខ្លួន។

ទូរទស្សន៍ «EuroNews» របស់អ៊ឺរ៉ុប ដែលផ្សាយចម្រុះភាសា ចំនួន១៣ភាសា បានលើកឡើងថា កម្ពុជានឹងរៀបចំប្រារព្ធពិធីអបអរសាទរ សម្រាប់ព្រឹត្តិការណ៍នេះ នៅល្ងាចថ្ងៃចន្ទនេះ។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទូរទស្សន៍ ដែលបានចុះទៅដល់ តំបន់សំបូរព្រៃគុកផ្ទាល់ បានសម្ភាសជាមួយលោក សែម ណម មន្ត្រីអភិរក្ស នៃតំបន់ប្រាសាទសំបូរព្រៃគុក និងបានស្រង់សំដីរបស់លោក មកបញ្ជាក់ថា លោកសប្បាយរកអ្វីប្រៀបផ្ទឺមមិនបាន ដោយបានទទួលបានដំណឹងនេះ។

មន្ត្រីដែលធ្វើកិច្ចការអភិរក្ស តាំងពីឪពុកលោករហូតមកនេះ បានថ្លែងឡើងថា៖ «ប្រាសាទទាំងនេះ ត្រូវបានបោះបង់ចោល អស់រយៈពេលជាយូរហើយ។ នៅឆ្នាំ១៩៩៤ យើងបានចាប់ផ្ដើមបោសសម្អាត និងថែរក្សារហូតមកដល់សព្វថ្ងៃ។ ឥឡូវតំបន់នេះ ត្រូវបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក។ (...) ខ្ញុំសំដែងការអរគុណ ទៅដល់បុព្វបុរសខ្មែរយើង ដែលបានសាងសង់ប្រាសាទទាំងនេះ ហើយបានបន្សល់ទុករហូតមកដល់សព្វថ្ងៃ។»។

តំបន់រមណីយដ្ឋាននេះ ជាបេះដូងនៃរាជធានី ឦសានបុរៈ របស់ចក្រភព ចេនឡា ដែលបានលាតសន្ធឹង​ឥទ្ធិពលរបស់ខ្លួន នៅចុងសតវត្សន៍ទី៦ រហូតដល់ដើមសតវត្សន៍ទី១២។ រាជធានីបូរណនេះ លាតសន្ធឹងនៅលើផ្ទៃក្រឡា ប្រមាណជា២៥គីឡូម៉ែត្រការ៉េ និងរចនាលំអ ដោយប្រាសាទជាច្រើន ក្នុងនោះប្រាសាទចំនួន១០ ត្រូវបាន​សាង​សង់​ឡើង​នៅកណ្ដាលក្រុង ដែលជាគំរូសំណង់បូរាណ មានតែមួយគត់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ រូបរាងប្រាសាទ និងក្បាច់ក្បូរចម្លាក់ នៅក្នុងតំបន់​រមណីយដ្ឋាននេះ ជាសក្ខីកម្មដ៏សំខាន់ និងដ៏មានតម្លៃ សម្រាប់ស្ថាបត្យកម្ម «មុនសម័យអង្គរ» ដែលក្រុមអ្នកស្រាវជ្រាវហៅថា ជារចនាបថ«សំបូរព្រៃគុក»៕

» សេចក្ដីរាយការណ៍របស់ទូរទស្សន៍ «EuroNews» ជាភាសាអង់គ្លេស៖

ចិនសម្ពោធស្ពានខ្ពស់កប់ពពក ខ្ពស់ជាងគេក្នុងលោក

ចិនសម្ពោធស្ពានខ្ពស់កប់ពពក ខ្ពស់ជាងគេក្នុងលោក

ក្នុងទឹកប្រាក់ចំណាយ អស់ប្រមាណជា ១កោដយ័ន (ប្រមាណជា១៣០លានអ៊ឺរ៉ូ ឬ១៤០លានដុល្លារ) ស្ពាន​កប់​ពពក​មួយ​ខ្សែ នៅពីលើដងស្ទឹង «Beipanjiang» ទើបនឹងត្រូវបានសម្ពោធ ដាក់ឲ្យយានយន្ដទាំងឡាយ បើក​បរ​ឆ្លង​កាត់​បាន កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមកនេះ។ ស្នាដៃនៃ​ហេដ្ឋារចនា​សម្ព័ន្ធ ដ៏សម្បើមមួយនេះ បាន​តភ្ជាប់​ផ្លូវ​ជាតិ រវាង​ពី​ខេត្ត «Guizhou» ទៅកាន់ខេត្ត «Yunnan» ស្ថិតនៅភាគខាងត្បូង នៃប្រទេសចិន។

ស្ពានដែលមានប្រវែង ១,៣៤គីឡូម៉ែត្រនេះ បានក្លាយជាស្ពានដែលខ្ពស់ជាងគេ នៅក្នុងពិភពលោក ដោយ​សារ​តែ​វា​ត្រូវ​បាន​សាងសង់​ឡើង ភ្ជាប់ចង្កេះភ្នំពីរ ដែលមានកំពស់​៥៦៤ម៉ែត្រ ពីកំពស់ទឹកសមុទ្រ៕

ឌុយបៃ នឹង​​សង់​​​អាគារ​​មួយ​ទៀត ​ខ្ពស់​ជាង​អាគារ Burj Khalifa

ឌុយបៃ នឹង​​សង់​​​អាគារ​​មួយ​ទៀត ​ខ្ពស់​ជាង​អាគារ Burj Khalifa

អាគារ «Burj Khalifa» ដែលត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់កាលពីខែមករា ឆ្នាំ២០១០មកនោះ មាន​កំពស់ ៨២៨ម៉ែត្រ ហើយក្លាយជាអាគារ ដែលខ្ពស់ជាងគេក្នុងលោក ខណៈអាគារដ៏ខ្ពស់ថ្មីចំនួនពីរទៀត កំពុង​ស្ថិត​​ក្នុង​ការ​សាងសង់នៅឡើយ។ អាគារទាំងពីរនោះ មាន៖ អាគារទីមួយ កំពស់ ៨៣៨ម៉ែត្រ នៅក្នុងក្រុង «Changsha» ភាគកណ្ដាលនៃប្រទេសចិន និងអាគារទីពីរ មានកំពស់ខ្ពស់ជាង ១គីឡូម៉ែត្រ នៅក្នុងទីក្រុង​ឆ្នេរ​សមុទ្រ ជេរដា (Djeddah) នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

ប៉ុន្តែអាគារថ្មី របស់ក្រុង ឌុយបៃ គ្រាន់តែបានអះអាងថា នឹងមានកំពស់ខ្ពស់ជាង អាគារ «Burj Khalifa» របស់​ក្រុង ឌុយបៃ ដូចគ្នាប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹង ថាវានឹងមានកំពស់ប៉ុន្មាននៅឡើយ នៅ​មុន​ការបញ្ចប់ ការសាងសង់របស់វា។ ការចំណាយទៅលើការសាងសង់អាគារថ្មី មានកម្រិតដល់ទៅ ជិត​១ពាន់​លានដុល្លា (តួលេខឲ្យដឹង គឺ ៨៧៧លានដុល្លារ)។

លោក មហាមេដ អាឡាបារ (Mohamed Alabbar) ប្រធានសហគ្រាស «Emaar» ជំនាញក្នុងអចលនវត្ថុ របស់​ប្រទេសអេមៀរ៉ាអារ៉ាប់ បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនលោកមានបំណង ចង់សង់អាគារនេះ ដើម្បីជា​ចំណងដៃ​ជូន​ក្រុង ឌុយបៃ នៅមុខឆ្នាំ២០២០ ដែលនឹងមានការតាំងពិពណ៌សកលមួយ នៅទីនោះ។

អាគារថ្មី ដែលមានទាំងភោជនីយដ្ឋាន និងសណ្ឋាគារនេះ ជាគម្រោងដែលគូសវាសដោយស្ថាបត្យករ ដើម​កំណើត​អេស្ប៉ាញ-ស្វីស មួយរូបឈ្មោះ «Santiago Calatrava Valls»។ លោក អាឡាបារ បានចាត់​ទុក​អាគារ​នេះ ថាជាគ្រឹះស្ថានដ៏«ខ្ពស់ស្កឹមស្កៃ» ដែលមានទម្រង់ដូចព្រះវិហារមូស្លីម (Minaret) ងើបខ្ពស់ពីដី តែមាន​ការ​ទប់​លំនឹង ដោយ​ខ្សែកាប​ជាច្រើន។

សូមបញ្ជាក់ដែរថា អាគារចាស់ «Burj Khalifa» បានទាក់ទាញឲ្យទេសចរណ៍ ចូលមកទស្សនាក្រុង ឌុយបៃ ចំនួន១៤លាននាក់ ក្នុងឆ្នាំ២០១៥កន្លងទៅ។ អាគារនេះ ត្រូវបានចំណាយប្រាក់ ដើម្បីសាងសង់ រហូត​ដល់​ទៅ ១,៥ពាន់​លានដុល្លារ៕

» វីដេអូ និងរូបភាពមួយចំនួន ស្ដីពីគម្រោងអាគារថ្មីនេះ៖

រ៉ូស្ស៊ី គ្រោង​សង់​ផ្លូវ​ព័ទ្ធ​ផែនដី ពី​ប៉ារីស​ទៅ​ញ៉ូយក កាត់​តាម​ម៉ូស្គូ

រ៉ូស្ស៊ី គ្រោង​សង់​ផ្លូវ​ព័ទ្ធ​ផែនដី ពី​ប៉ារីស​ទៅ​ញ៉ូយក កាត់​តាម​ម៉ូស្គូ

ប្រសិនជាគម្រោងនេះ លេចចេញជារូបរាង នោះវានឹងក្លាយជាផ្លូវល្បឿនលឿន ដែលមានប្រវែង​វែងជាង​គេ​បង្អស់ នៅក្នុងពិភពលោក។ ផ្លូវថ្នល់ ដែលស្ថិតក្នុងគម្រោងឈ្មោះ «Trans-Eurasian Belt Development (TEPR)» ត្រូវបានបង្ហើបឲ្យដឹង ដោយលោក វ្លាឌៀមៀរ អ៊ីយ៉ាកូនីន (Vladimir Iakounine) ប្រធាន​ប្រព័ន្ធ​ផ្លូវ​ដែក​រ៉ូស្ស៊ី និងជាមិត្តភ័ក្រជិតដិត របស់ប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine)។

ថ្នល់ល្បឿនលឿន ប្រវែងសរុប ២០ ៣១៩គីឡូម៉ែត្រនេះ នឹងត្រូវរួមបញ្ចូល ទាំងស្ពាន ឬផ្លូវរូងក្រោមដី ប្រវែង​៨៨គីឡូម៉ែត្រមួយខ្សែ ដើម្បីភ្ជាប់ទ្វីបអាស៊ី ជាមួយទ្វីបអាមេរិក នៅត្រង់តំបន់ «Béring» នៃប្រទេសរ៉ូស្ស៊ី មក​កាន់​រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។

មិនត្រឹមតែជាផ្លូវថ្នល់ សម្រាប់រថយន្ដប៉ុណ្ណោះទេ ប៉ុន្តែនៅស្របគ្នានេះ ក៏នឹងអាចមានផ្លូវរថភ្លើង ដែល​មាន​ល្បឿនលឿនមួយខ្សែទៀត សម្រាប់អាចឲ្យអ្នកគ្មានរថយន្ដ អាចធ្វើដំណើរព័ទ្ធពិភពលោក បានដូចគ្នា។ នៅ​តាម​បណ្ដោយផ្លូវនេះ រ៉ូស្ស៊ីអាចនឹងសង់ នូវទីក្រុងថ្មីៗជាច្រើន បន្ថែមទៀតផង។

លោក វ្លាឌីមៀរ អ៊ីយ៉ាកូនីន បានថ្លែងឡើងថា៖ «ដោយសារផ្លូវនេះ ប្រទេសរ៉ូស្ស៊ី នឹងក្លាយជាមជ្ឈមណ្ឌលមួយ នៃការឆ្នៃប្រឌិត និងការអភិវឌ្ឍន៍ ប្រកបដោយបច្ចេកវិទ្យាខ្ពស់។ បណ្ដាញគមនាគមជាសកលមួយនេះ នឹង​ធ្វើ​ឲ្យ​ប្រទេសរ៉ូស្ស៊ី ទៅជាចំណុចកណ្ដាលមួយ នៃពិភពលោក។»

គឺជាគម្រោងមួយ ដែលមានលក្ខណៈចម្រុះរដ្ឋ និងចម្រុះវប្បធម៌ជាតិសាសន៍។ អ្វីៗដែលមាននៅក្នុងគម្រោង នឹងក្លាយជា «តំបន់នៃអនាគត»។ ប៉ុន្តែវានឹងមានតម្លៃ យ៉ាងថ្លៃដ៏មហាសាល។ លោក អ៊ីយ៉ាកូនីន បានថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «ប្រាក់ចំណាយអាចមានដល់ ច្រើនរយកោដ។ ប៉ុន្តែផលចំណេញសេដ្ឋកិច្ច ដែលបានមក​ពី​គម្រោង​នេះ ក៏មានទំហំសម្បើមដែរ ហើយវានឹងអាចទូទាត់បានទាំងអស់ ពីលើទឹកប្រាក់វិនិយោគ។»៕

» វីដេអូ ដែលទាក់ទងនឹងគម្រោងដ៏សម្បើម៖


ស្ពាន​ជប៉ុន​ដ៏​ចម្លែក​នេះ កោង​ចុះ​ឡើង និង​ចោត​ជាង​ស្ពាន​ធម្មតា!

ស្ពាន​ជប៉ុន​ដ៏​ចម្លែក​នេះ កោង​ចុះ​ឡើង និង​ចោត​ជាង​ស្ពាន​ធម្មតា!

បើគេនិយាយពីបណ្ដាស្ពាន ដែលល្បីជាងគេ នៅក្នុងពិភពលោក គេច្បាស់ជានិយាយភ្លាម ថាពិតជាស្ពាន​នៅ​រាជធានីឡុងដ៍ «Tower Bridge» ប្រទេសអង់គ្លេស ឬស្ពានយោង «Golden Gate» នៅក្រុង​សាន់​ហ្វ្រាន់ស៊ីស្កូ ប្រទេសអាមេរិក​ជាមិនខាន។ តែ​មិនមែនទេ! ស្ពានដែលអស្ចារ្យជាងគេ ហើយធ្វើឲ្​យអ្នកឆ្លង​កាត់​ម្ដងៗ ស្ថិត​ក្នុង​សភាពចង់ក្អួត ចង់វិលមុខស្មានមិនត្រូវនោះ គឺជាស្ពានមួយខ្សែ ក្នុងក្រុង«Sakaiminato» របស់ប្រទេស​ជប៉ុន។

ស្ពានមួយខ្សែរ ដែលមានឈ្មោះ «Eshima Ohashi» មានសភាពចោទខ្លាំង ហើយអ្នកដែលបានជិះ នៅឆ្លង​ស្ពាន​នេះ មានអារម្មណ៍ ដូចបានជិះលើទោង«ផ្ដាច់ព្រលឹង»មួយ នៅក្នុងឧទ្យានកំសាន្ដយ៉ាងដូច្នេះ។ វាជា​ស្ពាន សម្រាប់​អ្នកថ្មើរជើង ដែលធំជាងគេទីបី ក្នុងពិភពលោក និងធំជាងគេទីមួយ នៅក្នុងប្រទេសជប៉ុន។ ប្រវែង​សរុប​ពីចុងម្ខាងទៅចុងម្ខាង មានប្រវែង១.៦គីឡូម៉ែត្រ និងមានកំពស់៤៤ម៉ែត្រ។ ជំរាល​នៅសង​ខាង​ស្ពាន មាន​​ប្រមាណ​ជា ៥​​​,១% និង៦,១%។

គេឆ្ងល់ថា ហេតុអ្វីបានសង់ស្ពានកោង និងបត់បែនរបៀបនេះ? មិនពិបាកយល់ទេ នោះគឺដើម្បីសម្រួល​ដល់​ការឆ្លងកាត់ របស់នាវាសមុទ្រធំៗ ចូលមកកាន់បឹងទឹកប្រៃ «Nakaumi»។ គេចាំបាច់ត្រូវសាងសង់ ស្ពាន​ដែល​មានលក្ខណៈកោង បត់បែនខ្លួន និងចោទជាងធម្មតាបែបនេះ ដើម្បីអនុញ្ញាតឲ្យគម្លាតស្ពានពីចុងម្ខាង ទៅ​ចុង​ម្ខាងមានប្រវែងវែង ហើយធ្វើឲ្យស្ពានមានកំពស់ខ្ពស់។ ស្ពាន «Eshima Ohashi» ភ្ជាប់ក្រុង «Matsue» មក​កាន់​ក្រុង «Sakaiminato» ដែលស្ថិតនៅលើកោះ «Honshu» ភាគខាងលិច នៃប្រទេសជប៉ុន៕


»​ វីដេអូពីស្ពាននេះ៖