ព្រះ​រាជា​សង្ឃឹម​រដ្ឋ​សភា​​ដោះ​​ស្រាយ​​បញ្ហា ដើម្បី​​សន្តិភាព​ និង​ស្ថិរភាព​​នយោបាយ

ក្នុងការបើក​សម័យ​​ប្រជុំ​​ លើក​ទី៨ នៃរដ្ឋសភាកម្ពុជា នៅ​ថ្ងៃ​នេះ ព្រះ​មហាក្សត្រ សម្ដេច​ព្រះនរោត្ដម សីហមុនី បាន​​ផ្ញើ​​ព្រះ​​រាជសារ​​មួយ ​បង្ហាញ​​ហឫទ័យ​​សង្ឃឹម​​ថា រដ្ឋ​សភាកម្ពុជា​ នឹង​ប្រឹង​ប្រែង​ដោះ​ស្រាយ​ បញ្ហា​​ប្រឈម​​ចំពោះ​​មុខ បន្ត​​ទៀត ដើម្បី​​​ភាព​​សុខ​ដុម​​រមនា មាន​​សន្តិភាព ស្ថិរភាព​​នយោបាយ សន្តិសុខ និង​​សណ្តាប់​​ធ្នាប់​​សង្គម​។
ព្រះ​រាជា​សង្ឃឹម​រដ្ឋ​សភា​​ដោះ​​ស្រាយ​​បញ្ហា ដើម្បី​​សន្តិភាព​ និង​ស្ថិរភាព​​នយោបាយ
ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហមុនី ពេលយាងធ្វើមាតុភូមិនិវត្តន៍ នៅខែកញ្ញា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ មេសា ២០១៧
  • កែប្រែចុងក្រោយ: April 08, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អាន និងបញ្ចេញយោបល់

រដ្ឋ​សភា​ ដែល​តំណាង​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​មូល ត្រូវប្រឹង​ប្រែង ដោះ​ស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ បន្ត​​ទៀត ​ដើម្បី​​​សង្គម​​កម្ពុជា​មួយ ប្រកប​ដោយភាព​សុខ​ដុមរមនា មាន​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​សង្គម។ នេះ ជាព្រះរាជហឫទ័យសង្ឃឹម នៅក្នុងព្រះរាជសារ​ របស់​ព្រះរាជាកម្ពុជា ដែល​ត្រូវ​បាន​លោក ហេង សំរិន ប្រធាន​រដ្ឋសភា យក​មក​អាន នៅក្នុងការបើកសម័យប្រជុំ លើកទី៨ នៃ​រដ្ឋសភា​ជាតិ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី៧ ខែមេសានេះ។

ព្រះរាជសារខាងលើ ជាព្រះរាជសារលើកទីពីរ របស់ព្រះបាទ សម្ដេចព្រះនរោត្ដម សីហមុនី ព្រះ​មហាក្សត្រ​កម្ពុជា ដែល​ធ្វើ​ទៅ​កាន់​ប្រជាជាតិ ក្នុងដើមឆ្នាំ២០១៧នេះ និងត្រូវបានចេញផ្សាយ ជាសាធារណៈ។ នៅ​ក្នុង​ព្រះ​រាជ​សារ​​ទី​​មួយ ចុះ​ព្រហស្ដលេខា​​នៅ​ថ្ងៃ​ទី ២០ ខែកុម្ភៈ ឆ្នាំ២០១៧ ព្រះមហាក្សត្រ បានអំពាវនាវ​ឲ្យ​​ពលរដ្ឋ​​ម្ចាស់​​ឆ្នោត​​​គ្រប់​រូប ទៅ​បោះ​​ឆ្នោត ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ អាណត្តិទី៥ ដែលនឹង​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​​​២០១៧ ​ខាង​​​​មុខ «កុំ​​ឲ្យ​​មាន ការព្រួយបារម្ភ ពី​ការ​គាប​សង្កាត់ ការ​គ​ម្រា​បក​កំហែង ឬ​​សម្លុត​​​ពី​ជន​​ណា​​ម្នាក់ ឬ​​បក្ស​​​ណា​​មួយ​​​ឲ្យ​​​សោះ​»។

» អានអត្ថបទដែលទាក់ទង៖ ការ​បោះឆ្នោត​នៅ​កម្ពុជា មាន​ការ​«គម្រាម និង​សម្លុត»?

រីឯព្រះរាជសារលើកទីពីរនេះ ក៏ត្រូវបានធ្វើឡើង នៅតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ នៅមុន​ការបោះឆ្នោត​ថ្នាក់​​មូល​ដ្ឋាន​​​មួយ​​នេះ ឈាន​មក​ដល់ ខណៈ​គណបក្សនយោបាយ ដែលបានត្រៀមចូលរួម ស្វែង​រក​កៅអី សម្រាប់​​ក្រុ​ម​​ប្រឹក្សា​​ឃុំ​-សង្កាត់ នៅអាណត្តិ​ក្រោយនេះ កំពុងចាប់ផ្ដើមជាស្រេចហើយ នូវយុទ្ធនាការ​ឃោសនា​របស់​ផង​ខ្លួន ​ដែល​ផ្ទុយ​ពី​សេចក្ដី​ប្រកាស របស់គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត ​អនុញ្ញាត​ឲ្យ​ធ្វើការឃោសនា ជាផ្លូវការ ​ចាប់​​​ពី​​ថ្ងៃ​​ទី​២០​ ខែ​​ឧសភា​ ដល់​​​​ថ្ងៃ​​ទី​២​ ខែ​មិថុនា​ខាង​​មុខ​ តែប៉ុណ្ណោះ។

អ្នកស្រាវជ្រាវ និងឃ្លាំមើលបញ្ហាសង្គម លោក មាស នី បានថ្លែងឲ្យដឹងថា ព្រះមហាក្សត្រ​ហាក់​កំពុង​បង្ហាញ ពី​ព្រះ​ហឫទ័យ​របស់​ទ្រង់ សំដែងការព្រួយ​បារម្ភ ចំពោះ​ស្ថានការណ៍ និង​ការវិវឌ្ឍន៍​នយោបាយ នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ។ លោកថា ខ្លឹមសារ​នៃព្រះរាជសារទាំងនេះ ហាក់ពន្យល់ឲ្យដឹង ពីការ​បំពេញ​តួនាទី​របស់​ព្រះអង្គ ​ដែល​មាន​ចែង នៅ​ក្នុង​រដ្ឋធម្មនុញ្ញ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់