ការ​បោះឆ្នោត​នៅ​កម្ពុជា មាន​ការ​«គម្រាម និង​សម្លុត»?

ព្រះមហាក្សត្រកម្ពុជា ដែលទើបនឹងចេញចុតហ្មាយមួយច្បាប់ ទៅកាន់ប្រជាជាតិរបស់ទ្រង់ បានមាន​ព្រះរាជ​ឱង្ការ អំពាវ​នាវ​ឲ្យ​​«ជនរួមជាតិ បងប្អូន កូនក្មួយ អ្នកបោះឆ្នោត​ទាំងអស់ សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​​គ្នា» និង​«កុំ​​ឲ្យ​​មាន ការ​ព្រួយ​បារម្ភ ពី​ការ​គាប​សង្កាត់ ការ​គ​ម្រា​បក​កំហែង ឬ​សម្លុត​ពី​ជនណាម្នាក់ ឬ​​បក្ស​​ណា​មួយ​​ឲ្យ​សោះ​»។ ជា​ព្រះរាជសារ ដែលធ្វើឲ្យគេនឹកឃើញ ពីការរិះគន់ទាំងឡាយ ដែលចោទប្រកាន់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ក្នុង​ពេល​កន្លង​មក ថា​ពោរពេញ​ដោយ​ការ​គម្រាមកំហែង និង​ការ​លួច​បន្លំ។
ការ​បោះឆ្នោត​នៅ​កម្ពុជា មាន​ការ​«គម្រាម និង​សម្លុត»?
ព្រះរាជាកម្ពុជា ព្រះបាទ សម្ដេចព្រះនរោត្ដម សីហមុនី។ (រូបថតលើហ្វេសប៊ុក)

តើការបោះឆ្នោតនៅកម្ពុជា ជាពិសេសការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅកម្ពុជា សម្រាប់ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើង ក្រោមការគម្រាមកំហែង ឬការសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឬ? ទោះមាន ឬគ្មាន ការគម្រាមកំហែង ឬការសម្លុតនោះក៏ដោយ ក៏ព្រះរាជសារ របស់ព្រះរាជាខ្មែរ ព្រះបាទ សម្តេចព្រះនរោត្ដម សីហមុនី បានបញ្ជាក់សារជាថ្មី ថាបណ្ដាពលរដ្ឋអ្នកទៅបោះឆ្នោត មិនត្រូវព្រួយបារម្ភ ពីរឿងនេះទេ។

ព្រះ​រាជសារ ដែលត្រូវបានចុះព្រះហស្ដលេខា ក្នុងព្រះបរមរាជវាំង តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ និងទើប​នឹង​យក​មកចុះផ្សាយ នៅប៉ុន្មានថ្ងៃមុននេះ បានមានព្រះរាជឱង្ការ អំពាវនាវឲ្យ​ពលរដ្ឋម្ចាស់​ឆ្នោត​គ្រប់រូប ទៅ​បោះ​ឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ​ខាង​​មុខ។  ព្រះរាជា​មានបន្ទូល​​បញ្ជាក់ ពីគោលការណ៍សំខាន់ នៃការបោះឆ្នោតខាងមុខនេះ ថាជាការបោះ​ឆ្នោត​«ជាស​កល ដោយ​សម្ងាត់ តាម​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស»។

ព្រះរាជសារបានសរសេរឡើងថា៖ «សូមកុំ​ឲ្យ​មាន ការព្រួយបារម្ភ ពី​ការ​គាប​សង្កាត់ ការ​គ​ម្រា​បក​កំហែង ឬ​​សម្លុត​​ពី​​ជន​ណា​ម្នាក់ ឬ​បក្ស​ណាមួយ​ឲ្យ​សោះ​។ សូម​បងប្អូន កូនក្មួយ មេត្តា​​ប្រើ​​សិទ្ធិ​សេរីភាព របស់​ខ្លួន ​បោះ​ឆ្នោត​​ទៅ​តាម សតិ​សម្បជញ្ញៈ របស់ខ្លួន ម្នាក់ៗ ដែលមាន​​ទំនុកចិត្ត ទៅលើ​បេក្ខជន​ណា​ម្នាក់ គណបក្ស​នយោបាយ ណា​មួយ។»។

ចុតហ្មាយរបស់ព្រះមហាក្សត្រ បានចេញផ្សាយ នៅចំពេលដែលនយោបាយ នៅកម្ពុជា បាន​កើន​កំដៅ​ឡើង​ ម្ដង​ហើយ​ម្ដងទៀត ជា​ពិសេសជុំវិញ ការលើកឡើងជាសាធារណៈ ចុងក្រោយបង្អស់ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមាន​ជាញឹកញាប់ ប្រឆាំង​នឹង (ឬ មន្ត្រីរបស់) គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រជែងធំជាងគេ នៅក្នុងព្រះរាជាណាចក្រ។ នាយក​រដ្ឋមន្ត្រី ដែល​ស្ថិត​ក្នុង​អំណាច តាំង​ពី​ជាង​៣០ឆ្នាំមកនេះ បាន​គម្រាម​ជារឿយៗ ថាការផ្លាស់ប្ដូរការដឹកនាំ ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក នឹងនាំ​ត្រឡប់មកវិញ នូវ​សង្គ្រាម ឬអស្ថិរភាព​សង្គម សម្រាប់​ប្រទេស​កម្ពុជា។

យ៉ាងណា សម្រាប់ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ឃុំសង្កាត់ កាលពីឆ្នាំទី២០១២ កន្លង​ទៅ ត្រូវ​បាន​លោក សូរិយា ស៊ូប៊ែឌី (Surya P. Subedi) អ្នក​រាយការណ៍​ពិសេស របស់អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចាត់​ទុកថា ជាការបោះឆ្នោត ដែលប្រព្រឹត្តិទៅ ក្នុងសភាពស្ងប់ស្ងៀម និងមានលក្ខណៈបើក ទូលាយ ​ជាង​ការ​បោះ​ឆ្នោត​មុនៗ ហើយមានលក្ខណៈអាចទទួលយកបាន។ គេបានសង្កេត​ឃើញ​ជាទូទៅ នៅ​ក្នុង​ការ​បោះ​ឆ្នោត ថ្នាក់​មូលដ្ឋាន អាណត្តិទី៣​នោះ ថាការសម្លុត គម្រាមកំហែង មាន​ការថយចុះ​យ៉ាងច្រើន បើ​ទោះ​ជា​ភស្ដុតាង នៃការទិញ​ទឹកចិត្ត​អ្នកបោះឆ្នោត តាមរយៈ​ការ​ចែកប៊ីចេង សារ៉ុង ឬប្រាក់កាស បាន​កើន​ឡើង​​យ៉ាង​ខ្លាំង​​ក៏​ដោយ។

សម្រាប់គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (ហៅ​កាត់​ គ​.​ជ​.​ប) វិញ ដំណើរការ​នៃ​ការរៀបចំ​ការ​បោះ​ឆ្នោត ជ្រើស​តាំងក្រុមប្រឹក្សា ឃុំសង្កាត់ ក្នុងឆ្នាំ​នេះ កំពុង​ប្រព្រឹត្តិទៅ ដូច​ការ​គ្រោងទុក។ នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ ចេញ​ផ្សាយ​កាលពី​ថ្ងៃ ទី​១៨​ ខែមីនា ឆ្នាំ​២០១៧ កន្លងមក បាន​​ឲ្យ​ដឹងថា រយៈ​ពេល​ឃោសនា ​សម្រាប់​ការ​បោះ​ឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ​-​សង្កាត់​នឹងធ្វើ​ឡើង​រយៈពេល​១៣​ថ្ងៃ ចាប់​ពី​ថ្ងៃទី​២០​ ខែ​ឧសភា​ ដល់​​ថ្ងៃ​ទី​២​ ខែមិថុនា​ ខណៈ​ថ្ងៃទី៣ ខែមិថុនា នឹង​ត្រូវចាត់ទុកជាថ្ងៃ«ស» មុននឹងចូលដល់ថ្ងៃបោះឆ្នោត ថ្ងៃទី៤ ខែមិថុនា។ គ.ជ.ប បានឲ្យដឹងទៀតថា ថវិកាប្រមាណជា ៥៣លានដុល្លារ (បាន​មកពី​​ថវិកា​​ជាតិ​, ជំនួយ​​មក​ពី​​សហគម​ន៍​​អឺរ៉ុប​ ពី​​ប្រទេស​​ជប៉ុន និង​​ចិន) ត្រូវ​បាន គ.ជ.ប ចំណាយ​ រាប់​ចាប់​តាំង ពី​ដំណើរ​ការចុះ​ឈ្មោះ រហូត​មក​ដល់​ការ​រៀបចំ​​ការបោះឆ្នោត ថ្នាក់មូលដ្ឋាន​មួយនេះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់