Posts tagged as "mousson"

ទឹក​ជំនន់​នៅ​ភាគ​ខាង​ត្បូង​ថៃ បង្ក​គ្រោះ​ដល់​ឧស្សាហកម្ម​កៅស៊ូ

ទឹក​ជំនន់​នៅ​ភាគ​ខាង​ត្បូង​ថៃ បង្ក​គ្រោះ​ដល់​ឧស្សាហកម្ម​កៅស៊ូ

ទឹកជំនន់ល្ហាចល្ហឹម នៅភាគខាងត្បូងនៃប្រទេសថៃ បានធ្វើឲ្យមនុស្សយ៉ាងហោច ៤០នាក់ បានបាត់បង់ជីវិត មក​ដល់ថ្ងៃនេះ។ ចំនួន​ជនរងគ្រោះខាងលើ នៅមិនទាន់រាប់បញ្ចូលផងទេ នូវហេដ្ឋារចនាជាច្រើនទៀត ដែល​ត្រូវ​បាន​បំផ្លាញ ជាពិសេសហេដ្ឋារចនា នៅក្នុង​ឧស្សហកម្មកៅស៊ូ។ គឺជាតុល្យភាព ជាបណ្ដោះអាសន្ន ដែលនៅ​មិន​ទាន់​បញ្ចប់​នៅឡើយ ដោយហេតុថា ភ្លៀងធ្លាក់ខុសរដូវ ​នៅបន្ត​មាន​​នៅឡើយ នៅក្នុងតំបន់។ នេះ បើតាម​អ្នក​ទទួល​ខុស​ត្រូវ ផ្នែកការពារគ្រោះថ្នាក់ធម្មជាតិ នៃប្រទេសថៃ លោក «Chatchai Promlert»។

វិស័យទេសចរណ៍ថៃ ដែលរំពឹងថា នឹងមានអ្នកទេសចរណ៍ ប្រមាណជា ១,៦លាននាក់ មកកំសាន្ដ នៅក្នុង​តំបន់​ ក៏នឹងត្រូវរង​ផល​ប៉ះពាល់​ខ្លាំងក្លាដែរ។ ផ្លូវថ្នល់ និងផ្លូវដែកជាច្រើន ត្រូវបានកាត់ផ្ដាច់។ ជាធម្មតា រដូវវស្សា (ដូច​នៅ​កម្ពុជា​ដែរ) ត្រូវបាន​បញ្ចប់​តាំងពី​ខែវិច្ឆិកា​មកម្លេះ។ តែភ្លៀងខុសរដូវដ៏ជោគជាំ បានបង្អុរចុះមកយ៉ាងខ្លាំង នៅ​ក្នុង​រយៈពេល ប៉ុន្មានថ្ងៃចុងក្រោយ។

នៅក្នុងវិស័យកៅស៊ូ ការខូចខាតមានសភាពធ្ងន់ធ្ងរខ្លាំង មិនដែលធ្លាប់មាន បើគិតនៅក្នុងរយៈពេល ១០ឆ្នាំ​ចុង​ក្រោយ។ ការប៉ះពាល់​ដ៏សម្បើម នៅក្នុងឧស្សាហកម្មកៅស៊ូថៃ បណ្ដាលមកពីទឹកជំនន់នេះ និងរាប់បន្ថែម ពី​គ្រោះ​រាំង​ស្ងួត ដែលបានកើតមាន ពីប៉ុន្មាន​ខែ​មុន។

មន្ត្រីទទួលខុសត្រូវ នៅក្នុងដំណាំកៅស៊ូថៃ បានថ្លែងឲ្យដឹងថា ផលិតផលកៅស៊ូ សម្រាប់ឆ្នាំ២០១៦-២០១៧​នេះ នឹង​​ត្រូវ​ថយចុះ ប្រមាណ​ជា១០%​ ខណៈតម្រូវការកៅស៊ូ នៅលើទីផ្សារអន្តរជាតិ មានកម្រិត​ច្រើនហួស​រួចជាស្រេច ពី​បរិមាណ​ដែល​ប្រទេស​ថៃ ធ្លាប់​ផ្គត់ផ្គង់​នាឆ្នាំកន្លងមក។

ប្រទេសថៃ ជាប្រទេសទីមួយ នៅក្នុងពិភពលោក ដែលបាននាំចេញ នូវផលិតផលកៅស៊ូធម្មជាតិ ច្រើនជាង​គេ នៅពីមុខ​ប្រទេស​ឥណ្ឌូនេស៊ី។ ប៉ុន្តែទឹកជំនន់ ទំនងជាធ្វើឲ្យប្រទេសថៃ បាត់បង់ចំណាត់ថ្នាក់ខាងលើ សម្រាប់​​ឆ្នាំ​​នេះ ឬ​អាច​សម្រាប់​ប៉ុន្មាន​ឆ្នាំ ទៅមុខ​ទៀត៕

មូលហេតុ​បណ្ដាល​ឲ្យ​បាក់​ស្រុត​ដី នៅ​ក្បែរ​របង​ស្តាត​អូឡាំពិក​

មូលហេតុ​បណ្ដាល​ឲ្យ​បាក់​ស្រុត​ដី នៅ​ក្បែរ​របង​ស្តាត​អូឡាំពិក​

បើទោះជារាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើង ពីសណ្ឋានដីបាតបឹង ហើយត្រូវបានបូមដី យកមកចាក់​បំពាក់​ក៏ដោយ តែទិដ្ឋភាពនៃការបាក់ស្រុតដី ឬផ្លូវថ្នល់ មិនសូវដែលកើតមានឡើយ នាពេលកន្លងមក។ គេ​ធ្លាប់​ប្រទះឃើញជាច្រើន នូវការរំលើងឫសដើមឈើធំៗ ដែលបានធ្វើឲ្យដើមឈើទាំងនោះ ដួលទាំងជំហរ និង​សង្កត់​មក​លើរថយន្ដ ឬអាគារបង្កឲ្យមានការខូចខាត។

តែនៅរសៀលថ្ងៃពុធនេះ វេលាម៉ោងប្រមាណជា១៤ ភ្លៀងមួយមេបានបញ្ចប់ទៅ ជាមួយនឹងតុល្យភាព​គួរ​ឲ្យ​កត់​សំគាល់។ បើទោះជាការលិចលង់ នៅតាមតំបន់មួយចំនួននៃរាជធានី នៅតែកើតឡើងជាធម្មតានោះ ប៉ុន្តែ​ហេតុការណ៍ចំនួនពីរកន្លែង បានកើតឡើង៖ នោះគឺការបាក់ស្រុតដីថ្នល់ នៅជាប់របងស្តាតអូឡាំពិក នៅលើ​ផ្លូវ​លេខ១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បង្កឲ្យរថយន្ដបីគ្រឿង ដែលបានចតលើចិញ្ចើម​ថ្នល់​សាធារណៈ រងការខូចខាត និងការរំលំដើមឈើ នៅក្នុង​បរិវេណ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បង្កឲ្យ​រថយន្ដ​បី​គ្រឿង​ទៀត​ខូចខាតដូចគ្នា។ នេះបើតាម​សេចក្ដី​រាយការណ៍ របស់សារព័ត៌មានក្នុងស្រុកជាច្រើន។

ការបាក់ស្រុតដីថ្នល់ នៅជាប់របងពហុកីឡាដ្ឋានជាតិអូឡាំពិក បានបង្កជាចំងល់ ទៅដល់អ្នករស់នៅ​ក្នុង​រាជធានី ពី​មូលហេតុ​ដែលធ្វើឲ្យហេតុការណ៍ ដ៏កម្រនេះកើតឡើង។ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានថ្លែងបដិសេធ​តាមសារព័ត៌មានក្នុងស្រុកមួយ ថាមិនអាចនិយាយបាន ពី​តុល្យ​ភាព​នៃ​ការ​ខូចខាត ឬពីមូលហេតុ ដែលបណ្ដាល​ឲ្យមានការបាក់ស្រុត​នេះឡើយ ដោយលោកថា រង់ចាំឲ្យមន្ទីរ​សាធារណការ​រាជធានី ប្រមូល​ទិន្នន័យ និងត្រួតពិនិត្យជាមុនសិន។

សម្រាប់អ្នកជំនាញមួយរូប ពីរាជធានីភ្នំពេញ ដែលមានជំនាញខាងស្ថាបត្យកម្ម និងនគរូបនីយកម្ម បាន​ថ្លែង​ដាក់​កំហុស ទៅលើការធ្វេសប្រហែស នៃការដ្ឋានសំណង់ដ៏ធំមួយ នៅក្បែរនោះ ដែលបានជីកដីនៅ​ក្បែរ​ផ្លូវ​ថ្នល់ ដើម្បីធ្វើអាគារ (ឬសំណង់) ជាន់ក្រោមដី។ អ្នកជំនាញជាតិខ្មែរ ដែលបានថ្លែងប្រាប់​ទស្សនាវដ្ដី​មនោរម្យ.​អាំងហ្វូ ក្នុងលក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ បានលើកឡើងថា ក្រុមហ៊ុនចិនដែលជាអ្នកម៉ៅការសាងសង់ នៅ​ទី​នោះ មិនបានថ្លឹងថ្លែងឲ្យបានច្បាស់លាស់ ពីបច្ចេកទេសទប់ដី ដែលមានទីតាំង​ជាប់ផ្លូវ​សាធារណៈ​នោះ​ឡើយ។ ហើយគាប់ជួនភ្លៀងធ្លាក់បានធ្លាក់ចុះ មកយ៉ាងគំហុកផងនោះ ទឹកភ្លៀងក៏បានបង្ហូរនាំដីចេញ បង្ក​ភាព​ទន់​ជ្រាយ​កាន់តែខ្លាំង រហូតបណ្ដាលឲ្យបាក់ស្រុត។

លោកស្ថាបត្យករបានថ្លែងឡើងថា៖ «វាជាបញ្ហាបច្ចេកទេស ដែលក្រុមហ៊ុនសាងសង់នោះ មិនបានគិតដល់ ឬធ្វេសប្រហែស»។

ភ្លាមៗនៅក្រោយហេតុការណ៍បាក់ស្រុតនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម ដែលមានទីតាំងនៅក្បែរ បាន​ថត​រូបពីលើផ្ទះរបស់ពួកគេ យកមកបង្ហោះ ក៏បានបង្ហាញឲ្យឃើញដែរថា ការទប់ដីផ្លូវថ្នល់ ដែលក្រុមហ៊ុន​សាង​សង់​បាន​ធ្វើ​ឡើង ទំនងជាមិនបានផ្ដល់ការធានា ទៅដល់ភាពរឹងមាំទៅដល់ផ្លូវថ្នល់នោះឡើយ កុំថា​ឡើយ​ដល់​ទៅពេល​មានភ្លៀងធ្លាក់ មកខ្លាំងដូច្នេះ។

ដំណឹងចុងក្រោយបានឲ្យដឹងថា រថយន្ដទាំងបីគ្រឿង ដែលរងការខូចខាត ពីការស្រុតបាក់ដីផ្លូវថ្នល់ ត្រូវបាន​ក្រុមហ៊ុនសំណង់ស្ទូចឡើង និងសងទៅម្ចាស់ដើមវិញហើយ។ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើនរណា ឬ​ស្ថាប័ន​ណាមួយ ជាអ្នកចេញសង នូវការខូចខាត ដែលបណ្ដាលមកពីហេតុការណ៍ទាំងនេះឡើយ៕

----------

» ទិដ្ឋភាពភ្លៀងធ្លាក់ កណ្ដាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ៖

ក្រសួង​ពីរ​ធ្វើ​សិក្ខា​សាលា ពី​បម្រែ​បម្រួល​អាកាសធាតុ

ក្រសួង​ពីរ​ធ្វើ​សិក្ខា​សាលា ពី​បម្រែ​បម្រួល​អាកាសធាតុ

នៅថ្ងៃទី១៨ ខែវិច្ចិកា ឆ្នាំ២០១៥ នេះក្រសួងបរិស្ថាន បានសហការជាមួយក្រសួងពត័មាន រៀបចំ សិក្ខា​សាលា​ស្តីពី «ប្រព័ន្ធផ្សព្វផ្សាយ និងការប្រែប្រួលអាកាសធាតុ» នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដើម្បីឲ្យ មានប្រជាជន​មាន​ការយល់ដឹងបន្ថែម ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។

កម្មវីធីនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹង ការផ្សព្វផ្សាយកម្មវិធីពត័មានស្តីពី ការ​ប្រែប្រួលអាកាសធាតុ និងផ្តល់ឪកាស ដល់អ្នកសារពត័មាន និងអ្នកជំនាញពីបញ្ហានេះ បានចែករំលែក បទ​ពិសោធន៍​ទាំងឡាយ ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ។

លោក ខៀវ កាញារឹទ្ធ រដ្ឋមន្រ្តីក្រសួងពត័មាន បានថ្លែងឲ្យដឹងថា ការប្រែប្រួលអាកាសធាតុ ជាបញ្ហាប្រឈម​មួយ ដែលកំពុងតែកើតឡើង នៅលើពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាដែរ។ បញ្ហាទាំងនោះរួមមាន ការ​កើតឡើងកម្តៅផែនដី គ្រោះធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ រាំងស្ងួត ដែលធ្វើឲ្យខូចខាតប្រព័ន្ធអេកូឡូស៊ី បាត់​បង់​ជីវ:ចំរុះ កើតជម្ងឺប្លែកៗ បំផ្លាញជីវិតមនុស្ស សត្វ។

លោកបានបន្ថែមទៀតថា ក្រសួងពត័មាន បានចុលរួមយ៉ាងសកម្ម ក្នុងការរៀបចំគោលនយោបាយ ស្តីពីការ​ប្រែប្រួលអាកាសធាតុ ជាពិសេសរៀបចំ និងអនុម័តនូវផែនការសកម្មភាព ឆ្លើយតបនឹងការប្រែប្រួល​អាកាស​ធាតុ ឆ្នាំ២០១៥-២០១៨ ដែលបាននិងកំពុងអនុវត្ត។

លោករដ្ឋមន្ត្រីព័ត៌មាន សូមឲ្យស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងសារពត័មាន ទាំងអស់យកចិត្តទុកដាក់ផ្សព្វផ្សាយ ឲ្យបានទៀងទាត់ អំពីការព្យាករណ៍ ធាតុអាកាស និងគ្រោះធម្មជាតិផ្សេងៗ ដើម្បីឲ្យ ជនរួមជាតិ បានដឹង។

ចំណែកលោក យិន គឹមស៊ាន ជារដ្ឋលេខាធិការក្រសួងបរិស្ថានវិញ បានឲ្យដឹងថា ការប្រែប្រួលអាកាសធាតុ ជាកត្តាគំរាមគំហែងចម្បងមួយ នាពេលបច្ចុប្បន្ន និងពេលអនាគត សម្រាប់មនុស្សជាតិទាំងមូល ជា ពិសេស​សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ដែលពឹងផ្អែកលើវិស័យកសិកម្ម និងអាស្រ័យលើធាតុអាកាសផ្ទាល់។ នៅ​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានជួបប្រទះ នូវបាតុភូតមិនប្រក្រតី ជាញឹកញាប់។

លោកបានបន្តទៀតថា តាមរយៈកម្មវិធីសម្ព័ន្ធភាព អាកាសធាតុកម្ពុជា (CCCA) ដំណាក់កាលទី១ ក្រសួង​បរិស្ថានបានគាំទ្រ ដល់ការអនុវត្តការងារបន្សុំា ការប្រែប្រួលអាកាសធាតុ នៅតាមសហគមន៍ ២០ គម្រោង​មាន​ទឹក​ប្រាក់ ៦លានដុល្លារអាមេរិក និងដំណាក់កាលទី២ ម្ចាស់ជំនួយបានផ្តល់ថវិកាចំនួន ៤,៥លានដុល្លារ​អាមេរិក ដល់​ក្រសួង​ស្ថាប័ន ដើម្បីអនុវត្តឆ្លើយតប នឹងកាប្រែប្រួលអាកាសធាតុ។

ជាចងក្រោយ លោកបានលើកឡើងថា ប្រជាជនភាគច្រើន បានទទួលពត័មាននានា ពីការប្រែប្រួល​អាកាស​ធាតុ តាមរយះបណ្តាញផ្សព្វផ្សាយនានា។ ដូច្នោះប្រព័ន្ធផ្សព្វផ្សាយ មានតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់​ដំណឹង ដល់ប្រជាជនទូរទៅ ក្នុងកម្ពុជាពីការប្រែប្រួលអាកាសធាតុ៕

ហ្វេសប៊ុក ហ៊ុន សែន «សង្កេត»​ឃើញ​ទឹក​​លិច​ភ្នំពេញ!

ហ្វេសប៊ុក ហ៊ុន សែន «សង្កេត»​ឃើញ​ទឹក​​លិច​ភ្នំពេញ!

មិនធម្មតាទេ ប្រសិនជានាយករដ្ឋមន្ត្រី បីទសវត្សន៍របស់កម្ពុជា បានដឹងពីករណីដ៏គ្រាំគ្រា នៃបណ្ដាអ្នក​រស់​នៅ ក្នុងរាជធានីភ្នំពេញ នាពេលនេះ។ តែអ្នកចុះផ្សាយ នៅក្នុងទំព័រ«Samdech Hun Sen, Cambodian Prime Minister» ដែលតែងជំនួសមុខ ឲ្យលោក ហ៊ុន សែន ទើបតែ»សង្កេត»ឃើញ ពីករណីនេះ និងសង្កត់ធ្ងន់ តែ​ទៅ​លើ​ការ​«កក​ស្ទះចរាចរណ៍»ប៉ុណ្ណោះ។

នៅលើជញ្ជាំងទំព័រហ្វេសប៊ុកមួយនេះ មានដាក់បង្ហោះ នាព្រឹកថ្ងៃទី០២ ខែសីហានេះ នូវរូបថតមួយចំនួន ទាក់​ទងនឹងការដាក់ប្រព័ន្ធលូ នៅក្នុងរាជធានី និងទិដ្ឋភាពនៃទឹកលិចវិថី ដ៏ល្ហាចល្ហិម ក្នុងរាជធានីភ្នំពេញ បន្ទាប់​ពី​ភ្លៀងធ្លាក់ពីរមេ ក្នុងពីរថ្ងៃជាប់គ្នានេះ។ នៅអមនឹងរូបថតទាំងនេះ ទំព័រ«Samdech Hun Sen, Cambodian Prime Minister» បានសរសេរថា «ភ្លៀងធ្លាក់២ថ្ងៃជាប់គ្នា ជាទ្រង់ទ្រាយធំ តាំងពីម្សិលមិញ គឺយើង​សង្កេត​ឃើញ មាន​ទឹកលិចនៅតាមដងផ្លូវ (...) បណ្តាលឲ្យកកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង»។

បន្ទាប់មក ទំព័រនេះ បានសរសេរថា «ទន្ទឹមនឹងនោះ» ក៏មានផ្ទះប្រជាពលរដ្ឋ«មួយចំនួន» បានរងគ្រោះ ដោយ​សារទឹកលិចចូល ក្នុងផ្ទះ«ផងដែរ» មុននឹងទំព័រដដែល បានសរសេរសម្ដែង ការ«សោកស្តាយ» ដល់ប្រជា​ពលរដ្ឋរងគ្រោះទាំងអស់។ ទំព័រ«Samdech Hun Sen, Cambodian Prime Minister» បានបន្ថែមទៀតថា៖ «សូមប្រជាពលរដ្ឋយោគយល់ នឹងចូលរួមទាំងអស់គ្នា។ ដូចយើងបានឃើញ ស្រាប់ហើយ គឺសាលាក្រុង​កំពុង​រៀបចំ ដាក់ប្រព័ន្ឋលូធំថ្មី ដើម្បីបញ្ចៀសគ្រោះទឹកជំនន់ ក្នុងទីក្រុងអោយបានឆាប់រហ័ស។»

តាមពិតទៅ បញ្ហានៃការ«សុំយោគយល់»នេះ មិនមែនជារឿងថ្មីទេ ហើយក្នុងនាម ជាថ្នាក់ដឹកនាំប្រទេស ក៏​មិនត្រូវនិយាយបញ្ហានេះ ពីរដងដែរ។ លោក ហ៊ុន ហែន កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៤ ធ្លាប់បានថ្លែង​ម្ដង​ហើយ ពីការសុំឲ្យប្រជា​ពលរដ្ឋ រស់​នៅក្នុងរាជ​ធានីភ្នំពេញ មានការយោគយល់ និង​អធ្យាស្រ័យ ​ចំពោះ​ទឹក​លិច​ក្នុងរាជធានីភ្នំពេញ ដ៏ធ្ងន់ធ្ងរ នាពេលនោះ។ លោក ហ៊ុន សែន បានថ្លែងផ្ទាល់មាត់ ពីមជ្ឈមណ្ឌល​កោះ​ពេជ្រ ថា​អាជ្ញាធរ កំពុង​មាន​វិធាន​ការ ​ដើម្បី«​បូមទឹក»​ចេញពី​រាជធានី​ភ្នំពេ​ញ កុំឲ្យមាន​ទឹកលិច​ខ្លាំង ​នៅពេល​ភ្លៀង​ធ្លាក់ តាម​រយៈ​ការ​បង្កើត​ប្រព័ន្ធ​លូ។

និយាយទៅ គេពិបាកយល់ដែរ ព្រោះមិនដឹងថា តើការធ្វើប្រព័ន្ធ ត្រូវការរយៈពេលប៉ុន្មាន ទើបពីពេលនោះ មកដល់ថ្ងៃនេះ រាជធានីភ្នំពេញនៅតែរងគ្រោះ នឹងទឹកលិចដោយទឹកភ្លៀង ដដែលជាដដែលនោះ (កាន់​តែ​ឆាប់លិចជាងមុនផង)? ហើយពេលនេះទៀតសោធ ពលរដ្ឋរាប់សិបម៉ឺនសែននាក់ ក្នុងរាជធានី កំពុងរង់​ចាំ​ក្នុងថ្ងៃនេះ និងថ្ងៃស្អែក ថាភ្លៀងនឹងបង្អុរមកទៀត ហើយផ្ទះសម្បែងរបស់ខ្លួន នឹងត្រូវលិចលង់ជាបន្តទៀត ជាពុំខាន។

តើនេះមកពីហេតុអ្វី? បន្ទាប់ពីបានអាន ការសរសេរនៅលើទំព័រហ្វេសប៊ុក លោក ហ៊ុន សែន ខាងលើនេះ អ្នក​ប្រើប្រាស់បណ្ដាញសង្គមម្នាក់ បានលាន់មាត់ថា៖ «អ៎ូ ពួកមេដឹកនាំអស់នេះ គិតតែពីនាំគ្នា"សង្កេត" ប៉ុណ្ណោះ។ ហើយមួយវិញទៀត ពួកមេដឹកនាំចាស់វស្សា ដែលមានផ្ទះវិឡាធំៗទាំងនេះ មិនដែលគិត និងយល់ថា តើ​ទឹក​ជន់ចូលក្នុងផ្ទះខ្លួន មានភាពលំបាកវេទនាយ៉ាងណាទេ។» តែបើអ្នកគាំទ្រលោក ហ៊ុន សែន បានឮការរិះគន់​ដ៏វែងឆ្ងាយនេះ គេនឹងឮពាក្យសម្ដីនេះ ត្រឡប់មកវិញថា៖ «កាលពីសម័យប៉ុលពត មានតែបាតដៃទទេផង ឥឡូវចង់​បាន​អ្វី?»៕


» សូមទស្សនា ការថ្លែងរបស់លោក ហ៊ុន សែន សុំឲ្យពលរដ្ឋយោគយល់នេះឡើងវិញ៖

ភ្នំពេញ រាជធានី​«ទឹក»

ភ្នំពេញ រាជធានី​«ទឹក»

តើនេះជាទស្សនៈវិស័យ វ័យឆ្ងាយ ស៊ីជម្រៅ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឃន៍ ស្ពានអាកាស នៅរាជធានី​ភ្នំពេញឬ? ចម្លើយ អាចខុសពីនេះ។ ប៉ុន្តែគេក៏មិនសូវយល់ ប៉ុន្មានដែរ ព្រោះបើតាមទម្លាប់ នៃការសាង​សង់​សំណង់​ថ្មីៗ ក្នុងរាជធានី នាសម័យនេះ គេត្រូវលើកដីសង់ផ្ទះ ឬផ្លូវឲ្យខ្ពស់ៗ ដើម្បីបញ្ជៀសការលិចទឹក នៅ​ពេល​មាន​ភ្លៀងធ្លាក់។ ហើយទម្លាប់ ដែលសឹងតែក្លាយ ជា«វប្បធម៌»នេះ បានបង្កការហួសចិត្តមិនតិចទេ ដល់​ពលរដ្ឋ​អ្នករស់នៅ ក្នុងរាជធានីកម្ពុជាខ្លួនឯង។

ការហួសចិត្ត ជារឿងមួយ និងចេះតែទ្រាំ តាមយថកម្មទៅ។ តែការខ្មាសអៀន គឺជារឿងមួយទៀត ជាពិសេស​ការខ្មាសអៀន នឹងពលរដ្ឋកម្ពុជា ដែលមកពីខេត្ត ឬជនបទស្រុកស្រែចំការ នេះតែម្ដង។ «នេះភ្លៀងតែមួយមេ លិចថ្នាក់ហ្នឹង ចុះបើភ្លៀងពីរបីមេ ទីក្រុងភ្នំពេញ មិនក្លាយទៅជាទីក្រុងទឹក ទៅហើយទេ?» នេះជាការលើឡើង របស់ស្រ្តីម្នាក់ មកពីខេត្តតាកែវ អ្នកស្រី មុំ លើកឡើងបែបនេះ ខណៈដែលអ្នកស្រី ទើបតែមកភ្នំពេញ មិន​ធ្លាប់​ដឹង​ពី​ស្ថានភាព លិចលង់ខ្លាំង ដល់ថ្នាក់នេះនោះទេ នៅរាជធានី បេះដូងនៃប្រទេសអ្នកស្រី។ អ្នកស្រីបាន​ឆ្លើយ​ឆ្លង ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ហេតុផលទាំងនេះ គាត់យល់ឃើញថា មកពីរដ្ឋាភិបាល មិនបាន​យក​ចិត្តទុកដាក់ខ្ពស់ ពីបញ្ហាប្រព័ន្ធលូ របស់អ្នករស់នៅក្នុងរាជធានី ទើបមានបញ្ហាលិចលង់ នៅពេលមានភ្លៀងបែបនេះ។

ផ្ទុយពីការលើកឡើង របស់អ្នកស្រី មុំ ខាងលើ យុវនិស្សិតម្នាក់ កញ្ញា ថន បុល ដែលកំពុងធ្វើដំណើរ យ៉ាង​លំបាក​ជាមួយម៉ូតូរបស់នាង បានប្រាប់ឲ្យដឹងថា មិនមែន មកពីរដ្ឋាភិបាល មិនយកចិត្តទុកដាក់ លើប្រព័ន្ធ​លូ​នោះទេ ដោយសារកន្លងមក និស្សិតរូបនេះ សង្កេតឃើញថា មានការសាងសង និងជួសជុលប្រព័ន្ធលូ ជា​ច្រើន​កន្លែង នៅក្នុងទីក្រុង។ ហេតុផល ដែលនាងផ្តោតទៅលើ គឺការមិនជួយថែរក្សារបរិស្ថាន របស់អ្នកនៅ​ទីក្រុង​មួយ​ចំនួន ជាពិសេសគឺអ្នកលក់ដូរ ដែលតែងតែចោលកាកសំណល់ ពីអាជីវកម្មរបស់ខ្លូនផ្តេសផ្តាស ដោយ​មិន​ខ្វល់ពីបញ្ហាស្ទះលូ នៅពេលមានភ្លៀង។

ទាក់ទងនឹងការលើកឡើងខាងលើ និស្សិតម្នាក់ទៀត បាននិយាយថា រឿងលិចទឹក នៅពេលភ្លៀងធ្លាក់ សព្វ​ថ្ងៃ​នេះ វាកំពុងក្លាយជាបញ្ហា ចំពោះមុខរបស់ប្រជាពលរដ្ឋគ្រប់រូប ដែលរស់នៅ ក្នុងរាជធានីភ្នំពេញ។ លោកថា ដូច​ជាករណីថ្ងៃទី៣១ កក្កដា នេះជាដើម ស្ទើរតែគ្មានអ្នកណា បានធ្វើដំណើរទៅកាន់គោលដៅ ទាន់ម៉ោងកំណត់​នោះ​ទេ ព្រោះតែភ្លៀងទឹកហូរមិនរួច បណ្តាលឲ្យលិចលង់ផ្លូវ, លិចផ្ទះនៅក្នុងខណ្ឌ មួយចំនួនជាដើម ព្រោះតែ​បឹងធំៗមួយចំនួន នៅក្នុងរាជធានីត្រូវបានចាក់បំពេញ ដើម្បីអភិវឌ្ឍន៍ ដូច្នេះបរិមាណទឹកភ្លៀងទាំងនោះ ត្រូវតែ​ចាក់បំពេញ តាមផ្លូវបែបនេះ៕


» រូបថត និងវីដេអូ ដែលអ្នកប្រើប្រាស់បណ្ដាញសង្គម បង្ហោះ៖




------------