Posts tagged as "Maya"

អាហ្វ្រិក​ខាង​ត្បូង​បើក​សាកលវិទ្យាល័យ «ធ្មប់» ដំបូង​គេ

អាហ្វ្រិក​ខាង​ត្បូង​បើក​សាកលវិទ្យាល័យ «ធ្មប់» ដំបូង​គេ

តើលោកអ្នកមានបំណង សិក្សារៀនសូត្រ ឬស្រាវជ្រាវពី«អំពើធ្មប់អូមអាម»ឬទេ? មិនពិបាកស្វែងរកទេ ព្រោះនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង សាកលវិទ្យាល័យមួយទើបនឹងបើកទ្វា ដើម្បីទទួលហ្វឹកហ្វឺន​នរណាក៏ដោយ ដែលមានបំណងចង់ក្លាយខ្លួនជាគ្រូសិល្ប៍ មន្តអាគម អូមអាម ឬមេធ្មប់។ រៀនចប់កាលណា សាកលវិទ្យាល័យមួយនេះ នឹងចេញជូន នូវ«សញ្ញាបត្រវិទ្យាសាស្ត្រផ្នែកអំពើធ្មប់» នោះទៀត។

សាលាបង្រៀនអំពើធ្មប់នេះ មិនមែនត្រូវបានបង្កើតឡើង ដោយខុសច្បាប់ទេ ព្រោះក្រសួងសិក្សាធិការជាន់ខ្ពស់ របស់ប្រទេសអាហ្វ្រិកខាងត្បុង គឺជាអ្នកគ្រប់គ្រង ពីលើស្ថាប័នមួយនេះ។ ស្រង់សំដីដោយសារព័ត៌មានក្នុងស្រុក លោក «Blade Nzimande» រដ្ឋមន្ត្រីក្រសួងមួយនេះ បានថ្លែងឲ្យដឹងថា សាកលវិទ្យាល័យ នៃអំពើធ្មប់ បានបើកទ្វាតាំងពីថ្ងៃទី២០ ខែមីនាកន្លងទៅ ហើយបានចាប់ផ្ដើមទទួលនិស្សិតឆ្នាំទី១របស់ខ្លួន ឲ្យមកចូលរៀននៅទីនោះ។

ដើម្បីពន្យល់ពីហេតុផល ក្នុងការបង្កើតសាលាជាន់ខ្ពស់ដ៏កម្រខាងលើ លោករដ្ឋមន្ត្រី បានថ្លែងឡើងថា ព្រោះរដ្ឋាភិបាលធុញទ្រាន់ នឹងក្រុមមនុស្សជាច្រើន ដែលបានប្រព្រឹត្តិអំពើមន្ដអាគម ដោយគ្មានការអនុញ្ញាត។ លោកថា មិនមិនតែវិជ្ជាជីវៈគ្រូពេទ្យ វិស្វករ ឬអាចារ្យដើម្បីផ្សាយសាសនានោះទេ ដែលត្រូវឆ្លងកាត់តាមសាលា តែ«អំពើធ្មប់»ក៏ត្រូវមានការហ្វឹកហ្វឺន ដើម្បីអាចយកទេពកោសល្យ របស់«គ្រូធ្មប់»ទាំងនោះ មកអនុវត្តន៍ជាមួយសាធារណជន។

លោក «Blade Nzimande» បានបន្តទៀតថា ការចុះឈ្មោះចូលរៀន នៅលើគេហទំព័ររបស់សាកលវិទ្យាល័យ នឹងដាក់ឲ្យមានដំណើរការ នៅក្នុងពេលខាងមុខ។ ហើយក្រៅពីរៀនធ្វើវេទមន្ត ឬការធ្វើសិល្ប៍ (វិទ្យាសាស្ត្រអរូបិយ) និស្សិតរបស់សាកលវិទ្យាល័យ នឹងត្រូវរៀនឲ្យចេះដូចគ្នា ពី«គណិតវិទ្យា និងរូបវិទ្យា» ដែលសុទ្ធសឹងជាមុខវិជ្ជា នៃវិទ្យាសាស្ត្រពិត៕

សហព័ន្ធបាល់ទាត់​រវ៉ាន់ដា ហាម​ឃាត់​«អំពើ​ធ្មប់»​ក្នុងបាល់ទាត់

សហព័ន្ធបាល់ទាត់​រវ៉ាន់ដា ហាម​ឃាត់​«អំពើ​ធ្មប់»​ក្នុងបាល់ទាត់

ប្រព័ន្ធផ្សព្វផ្សាយបរទេស​ជាច្រើន បានអះអាងថា កីឡាករខ្សែប្រយុទ្ធ ឈ្មោះ «Moussa Camara» របស់​ក្រុម «Rayon Sport» គឺជាអ្នកយកវត្ថុអ្វីមួយ ទៅដាក់ជាប់នឹងបង្គោលទី របស់ក្រុម «Mukura Victory Sports» ដែល​បាន​ជួបប្រកួតគ្នា នៅដើមខែធ្នូកន្លងទៅ។ ប៉ុន្តែរូបភាព ដែលចាប់បាន ដោយទូរទស្សន៍ក្នុងស្រុក បាន​បង្ហាញ​ផ្សេង​ទៅ​វិញ។

តាមពិត គឺកីឡាករ «Moussa Camara» នេះទៅវិញទេ ដែលបាន​ទៅដក​យក​«វត្ថុ»អ្វីមួយ ដែលគេជឿថា ជា​ការ​សម្គាល់​អំពើអូមអាម របស់ក្រុម «Mukura Victory Sports» ដាក់ជាប់នឹងបង្គោលទី ពីទីកន្លែងនោះ​មក​វិញ។ ទម្លាប់នេះ ជាជំនឿរបស់បណ្ដាជនរវ៉ាន់ដា ដើម្បីជួយធ្វើយ៉ាងណា កុំឲ្យក្រុមប្រកួត​ម្ខាង​ទៀត រក​គ្រាប់​បាល់​បាន (ទាត់បញ្ចូលទីខ្លួន ចេះតែខុស ឬប៉ះបង្គោលរហូត)។

ហើយបន្ទាប់ពីដកយក​វត្ថុនោះចេញរួច កីឡាករខ្សែប្រយុទ្ធដដែល ដែលទើបនឹងទទួលបានកាត​លឿង​មួយ ពី​អាជ្ញាកណ្ដាល ក្នុង​សកម្មភាពខាងលើ បានប្រើបច្ចេកទេសរបស់ក្រុម និងសមត្ថភាពរបស់ខ្លួន យកក្បាល​ទៅ​បុក​បញ្ជូន​បាល់ ឲ្យចូលទីក្រុម «Mukura Victory Sports» រកបានពិន្ទុស្មើរ (១-១) នៅនាទីបញ្ចប់ នៃការ​ប្រកួត។

តែហេតុការណ៍នេះ ត្រូវបានសហព័ន្ធបាល់ទាត់ នៃប្រទេសរវ៉ាន់ដា (ហៅកាត់ FERWAVA) យកមក​ស្រាវជ្រាវ និងពិនិត្យយ៉ាងហ្មត់ចត់ និងបាន​ចេញ​សេចក្ដី​សម្រេច នៅទីបំផុត ហាមឃាត់សកម្មភាពណា​ក៏​ដោយ ដែល​មាន​លក្ខណៈ ជាអំពើអូមអាម ឬអំពើធ្មប់ នៅរៀងរាល់ការប្រកួត។ សហព័ន្ធ​បាន​កំណត់ ដាក់​ទណ្ឌកម្ម​ជា​ទឹក​ប្រាក់ ១០០ ០០០ហ្វ្រង់រវ៉ាន់ដា (ប្រមាណជា១១៦អ៊ឺរ៉ូ ឬ១២០ដុល្លារ) ចំពោះ​កីឡាករ - ២០០ ០០០ហ្វ្រង់​រវ៉ាន់ដា ចំពោះគ្រូបង្វឹក និង៥០០ ០០០ហ្វ្រង់រវ៉ាន់ដា ចំពោះក្រុមបាល់ទាត់ណា ដែល​ល្មើស​នឹង​សេចក្ដី​សម្រេច​នេះ៕

«មេធ្មប់»​នៅ​អាហ្វ្រិក​កណ្ដាល ត្រូវ​បាន​កប់ និង​ដុត​ទាំង​រស់!

«មេធ្មប់»​នៅ​អាហ្វ្រិក​កណ្ដាល ត្រូវ​បាន​កប់ និង​ដុត​ទាំង​រស់!

នៅក្នុងរបាយការណ៍ របស់អង្គការសហប្រជាជាតិនោះ មានបង្ហាញទាំងរូបថត ដែលអះអាងពីហេតុការណ៍​ទាំងអស់នោះ ដូចជាជនរងគ្រោះ ត្រូវគេចង់ឆ្កាងនៅសរសរឈើ រួចយកភ្លើងមកដាក់ក្បែរ និងរូបសាក​សព​ឆេះ​ខ្លោច​ជាដើម។ ទារុណកម្មទាំងនេះ បានកើតឡើងនៅរវាងខែធ្នូ ឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥ ស្ថិតក្រោម​បញ្ជា របស់មេដឹកនាំកងសេនាជន ប្រកាន់សាសនាគ្រឹស្ដ៍ «anti-balaka»ដែលប្រយុទ្ធតាំងពី២ឆ្នាំមកហើយ ប្រឆាំង​នឹង​ក្រុមអ្នកបះបោរ ប្រកាន់សាសនាអ៊ីស្លាម «Séléka»។

ប្រទេសអាហ្វ្រិកកណ្ដាល បានធ្លាក់ចូលទៅក្នុងអំពើហិង្សាយ៉ាងឃោឃៅ មានលក្ខណៈជាក្រុម និងជា​សហគមន៍ បន្ទាប់ពីការដណ្ដើមអំណាច របស់ក្រុមអ្នកបះបោរ ប្រកាន់សាសនាអ៊ីស្លាម កាលពីខែមីនា ឆ្នាំ​២០១៣ ខណៈក្នុងប្រទេស មានពលរដ្ឋភាគច្រើន ជាអ្នកកាន់សាសនាគ្រឹស្ដ៍។ បើទោះជាមានការដាក់ឲ្យ​មាន នូវរដ្ឋាភិបាលជាបណ្ដោះអាសន្ន​មួយឡើងក៏ដោយ តែអំពើហិង្សានេះ​នៅតែបន្តមាន ហើយច្បាប់ ​និង​អំណាច​រដ្ឋ ហាក់មិនមានប្រសិទ្ធិភាពអ្វី នៅខាងក្រៅរដ្ឋធានីឡើយ។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវបានលើកថ្ងៃជាច្រើនដង បាន​កំណត់ធ្វើ នៅថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះ ដើម្បីឈានទៅដឹកនាំប្រទេស ជំនួសរដ្ឋាភិបាលបណ្ដោះអាសន្ន​សព្វថ្ងៃ។ ប៉ុន្តែរយៈពេលនេះ ក្រុមអ្នកឃ្លាំមើលបានសម្ដែងក្ដីបារម្ភថា នឹងមានអំពើហិង្សាជាថ្មីទៀត។

បើតាមរបាយការណ៍នោះ បានឲ្យដឹងថា ក្រុមកងសេនាជននៅតាមតំបន់ បានប្រើប្រាស់អំពើអាបធ្មប់ ជំនឿ​អូមអាម ដែលជាទំនៀមទំលាប់ជាទូទៅ នៅទ្វីបអាហ្វ្រិក ដើម្បីជា«លេស»ក្នុងការកំទេច ការធ្វើទារុណកម្ម និង​ដើម្បីអនុវត្តន៍នូវអំណាចរបស់ខ្លួន នៅក្នុងតំបន់ ដែលមិននិយាយពីច្បាប់ទម្លាប់។ របាយការណ៍បាន​លើក​យក​សំនុំ​រឿង​ចំនួន១៣ ដែលបានកើតឡើង ប្រឆាំងនឹងជនរងគ្រោះ អាយុពី៤៥ដល់៧០ឆ្នាំ ក្នុងក្រុង «Baoro» នៃ​ខេត្ត «Nana-Mambéré» ភាគនារតីនៃប្រទេស មករៀបរាប់ ហើយដែលពិបាក នឹងឲ្យកងកម្លាំង​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ ធ្វើការរៀបចំសណ្ដាប់ធ្នាប់ណាស់។

គេបានស្គាល់មេដឹកនាំ របស់ក្រុមសេនាជនទាំងនោះ ចំនួនបីនាក់ ដែលតែងមានវត្តមាន នៅក្នុងពេលធ្វើ​ទារុណកម្ម និងការកាប់សម្លាប់។ អាចារ្យសាសនាគ្រឹស្ត៍ម្នាក់ បានធ្វើសាក្សីក្នុងសំនុំរឿងមួយ ដោយអះអាង​ថា លោក​ធ្លាប់​ត្រូវបានក្រុមសេនាជនគម្រាម ដោយ«កាំបិត» បន្ទាប់ពីលោកបានសាកល្បង ចូលទៅធ្វើ​អន្តរាគមន៍ លើ​ការ​«កប់»បុរសម្នាក់ទាំងរស់ ដោយហេតុបុរសនោះ ត្រូវបានចោទប្រកាន់ ពីបទធ្វើ​អំពើ​«អាប​ធ្មប់» និង​បាន​សារភាព​ថា ខ្លួនបានសម្លាប់មនុស្ស១៥០នាក់។

របាយការណ៍បានសរសេរបន្តថា ដើម្បីបញ្ជៀសខ្លួន ពីការចងឆ្កាង ឬដុតទាំងរស់ ជនរងគ្រោះត្រូវបានបង្ខំ ក្រោម​​ការ​គម្រាមដោយកាំបិត ឲ្យបង់ប្រាក់រវាងពី៣៥ ទៅ៨៥ដុល្លា (២០ ០០០ ទៅ ៥០ ០០០ ហ្វ្រង់ ប្រាក់​របស់​ប្រទេស​អាហ្វ្រិកកណ្ដាល)។ ប៉ុន្តែបណ្ដាជន២ភាគ៣ នៃប្រទេសដ៏ក្រីក្រនេះ រកចំណូលក្នុងមួយថ្ងៃ បាន​តែ​១,៩៩ដុល្លា​ប៉ុណ្ណោះ។ របាយការណ៍បានសរសេរថា៖ «ក្រុមសេនាជន បានជំរិតឲ្យជនរងគ្រោះ បង់​ប្រាក់​រំលោះ​​ខ្លួន ដើម្បីប្ដូរនឹងការដោះលែង»។

អំពើអាបធ្មប់ ត្រូវបានហាមឃាត់ ដោយច្បាប់របស់ប្រទេស។ មនុស្ស ដែលរងការចោទប្រកាន់ ពីទង្វើនេះ តែង​ត្រូវ​បានចាប់ដាក់ពន្ធនាការ និងមានចំនួន ដល់ទៅជាងពាក់កណ្ដាល នៃអ្នកជាប់ឃុំទាំងអស់ នៅក្នុង​ប្រទេស។ របាយការណ៍ បានបញ្ជាក់ទៀតថា៖ «ទោសទណ្ឌ ដែលកើតចេញពីការចោទប្រកាន់ ទាក់ទង​នឹង​អំពើ​អាបធ្មប់​នេះ ត្រូវបានក្រុមសេនាជន ឬក្រុមប្រដាប់អាវុធ យកមកប្រើ ដើម្បីជាមធ្យោបាយ ក្នុងការអនុវត្ត​នូវអំណាច​របស់​ខ្លួន នៅតាមតំបន់»៕

«អរូប»១០នាក់ សណ្ឋិត​ក្នុង​ខ្លួន​បុរស​ចំណាស់​ម្នាក់ បន្ត​បន្ទាប់​គ្នា

«អរូប»១០នាក់ សណ្ឋិត​ក្នុង​ខ្លួន​បុរស​ចំណាស់​ម្នាក់ បន្ត​បន្ទាប់​គ្នា

ករណី«អរូប»ទាំងដប់ ចូលសណ្ឋិតក្នុងរូប បុរស​វ័យ​ចំណាស់​ម្នាក់ ឈ្មោះ ចាន់ ហួរ ដែល​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​នោះ ត្រូវ​បាន​ថត​ជា​វីដេអូ​ឃ្លីប ដោយ​ក្រុម​ការងារ​នៃ​លោក​គ្រូ ធម្មិនន ដែល​ជា​អ្នក​ផ្សាយ​ព្រះធម៌​ព្រះពុទ្ធិ​សាសនា តាម​បណ្តា​វិទ្យុ និង​ទូរទស្សន៍​មួយ​ចំនួន។ លោក​គ្រូ​បាន​បញ្ជាក់​ថា ព្រឹត្តការណ៍​ក្នុង​ឃ្លីប​វីដេអូ​នេះ ជា​ព្រឹត្តិការណ៍​ដែល​មាន​ពិត​ប្រាកដ និង​មិន​មាន​ការ​កែឆ្នៃ ឬ​ព្រាងទុក និង​ក៏​មិនមែន​សម្រាប់ យក​មក​ធ្វើការ​បោក​ប្រាស់​ពុទ្ធបរិស័ទ ឬ​ប្រជា​ពលរដ្ឋ​ឡើយ។

លោក គ្រូ ធម្មិនន ដែល​ចេះ​វិជ្ជា​ខាង​ហៅ​ព្រលឹង​ចូល​រូប បាន​ធ្វើ​ឃ្លីប​វីដេអូ ដែល​ក្រុម​ការងារ​លោក បាន​ថត​ទុក គ្រាន់​តែ​ចង់​បញ្ជាក់​ថា ពិត​ជា​មាន​អមនុស្ស ចូល​រូប​មែន ហើយ​ក៏​ដើម្បី​ទុក​ជា​ឯកសារ​សិក្សា​ស្រាវជ្រាវ​ដែរ។ នេះ​ជា​ការ​បញ្ជាក់ របស់​លោក​គ្រូ​ហៅ​ព្រលឹង​អូម​អាម​ខាង​លើ តាម​ការ​បញ្ជាក់​ក្នុង​វីដេអូ​ឃ្លីប។ មក​ដល់​ពេល​នេះ ឯកសារ​វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​ធ្លាក់​ចូល​ដល់​ទីផ្សារ​កម្ពុជា លក់ និង​ចែកចាយ​យ៉ាង​ព្រោង​ព្រាត​ផង​ដែរ។

តាមសម្តីបុរសម្នាក់ដែលរត់ម៉ូតូឌុប និងមានទាំងវីដេអូឃ្លីបនេះ នៅនឹងដៃផងនោះ បានបញ្ជាក់ថា លោក​បាន​ឲ្យបុរសម្នាក់ទៀត ដែលជាអ្នករត់ម៉ូតូឌុបដូចគ្នា ជួយទិញឲ្យលោក។ ព្រោះលោកចង់ដឹង ពីបញ្ហា​នៃ​ការ​ចូល​រូបនោះ តើជាការពិត ឬប្រឌិតឡើង ដើម្បីថតសម្រាប់ដាក់លក់បោកប្រាស់ប្រជាពលរដ្ឋទេ? លោក ឃីម អ្នក​រត់​ម៉ូតូឌុបរូបនេះបានបន្តថា ឌីសនេះត្រូវបានគេដាក់លក់លើទីផ្សារ តែមិនបើកទូលាយទេ បើអ្នកមិន​ស្គាល់ មិន​ដឹងក៏មិនអាចរកទិញបានដែរ។

លោកបន្តថា តាមការបញ្ជាក់ របស់អ្នករត់ម៉ូតូឌុបដូចគ្នា បានបង្ហាញថា ឌីសវីដេអូឃ្លីបអមនុស្សចូលរូបនេះ មាន​លក់នៅតូបមួយក្នុងផ្សារអូឡាំពិច ហើយមានច្រើនឌីសផងដែរ។ លោកអ្នករត់ម៉ូតូ ដែលមិនឲ្យស្គាល់​ឈ្មោះ​នោះ ក៏បានបញ្ជាក់ប្រាប់លោកថា អ្នកលក់ឌីស ក៏មិនដឹងថាឌីសនេះ អ្នកណាជាអ្នកយកមកលក់ដែរ ដល់​ពេល​មានអ្នកសួររក ទើបទៅយកពីតូបដទៃមកឲ្យ។ ហើយមានតែពីរទៅបីតូបប៉ុណ្ណោះ ដែលមាន​ដាក់​លក់។

តាមទំនៀមទំលាប់ វប្បធម៌ប្រពៃណី និងជំនឿសាសនានៅប្រទេសកម្ពុជា មិនថាខ្មែរ ចិនឬថៃឡើយ​ត្រូវ​បាន​បន្ត ជាកេរ្តិ៍តំណែលពីជំនាន់មួយទៅជំនាន់មួយ។ យ៉ាងណាម៉ិញ ជំងឺដែលមិនត្រូវថ្នាំបរទេស (បែប​វិទ្យាសាស្រ្ត) ប្រជាពលរដ្ឋ មិនថាចិន ឬខ្មែរឡើយតែងតែរកថ្មាំបែបធម្មជាតិ ដែលគេហៅថា«ថ្នាំខ្មែរ» ឬ​«ថ្នាំចិន»​ជា​ដើម​នោះ។ ក្រៅពីនេះបើសិនជាអ្នក«ជំងឺ»មិនមានអ្វីប្លែក ឬស្រាកស្រាន្ដពីជំងឺទេ គេនៅមាន​ទំនៀម​មួយ​ទៀត គឺការដាក់បណ្តាសារពី«ដូនតា» អ្នកថែរក្សា ឬពពួកព្រាយខ្មោចនានាជាដើម ដែលនាំឲ្យ​កូនចៅ​រក​ស៊ី​មិនបាន ជួបគ្រោះ ឬធ្លាក់ខ្លួនឈឺជាដើមនោះ។

តួយ៉ាងដូចជាក្នុងវីដេអូឃ្លីបនេះ ត្រូវបានក្រុមគ្រួសារ សាច់ញាតិ បានហៅគ្រូមកធ្វើពិធីដើម្បីអន្ទង​ព្រលឹង​ដូនតា ឬពពួកព្រាយខ្មោចទាំងនោះ មកសូរនាំនូវហេតុផលខុស និងត្រូវ រួមទាំងតម្រូវការនានា នឹងអាច​ជួយ​ឲ្យកូនចៅរស់នៅដោយសេចក្តីសុខសប្បាយ។

តាមវីដេអូឃ្លីប ដែលបានថតក្នុងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ថ្មីៗនេះ ឃើញមានពពួក«អមនុស្ស» ឬ «អរូប» ប្រមាណ១០នាក់ចូលមកសណ្ឋិត។ ក្នុងនោះរួមមានពួកសមាទិដ្ឋិជ្រះថ្លា ព្រះរតនត្រ័យ គឺព្រះពុទ្ធ ព្រះធម៌​ ព្រះសង្ឃ ដែលបានបង្រៀនព្រះធម៌ក្នុងពេលចូលរូប។ ក្រៅពីនេះនៅមានទេវតាស័ក្តធំចូល​មក​បង្ហាត់​បង្ហាញ ពីការធ្វើបុព្នយ និងទានជាដើម។ ហើយក៏នៅមានអមនុស្សជាឪពុក ដូនតា និងគ្រូព្យាបាល​ជំងឺ ចូល​មក​ព្យាបាល​កូនចៅដើម្បីជាពីជំងឺទៀតផង។ អមនុស្សទាំងនោះបាននិយាយជាភាសាព្រះធម៌ ភាសា​ចិន ភាសា​ខ្មែរ និង​ភាសាថៃ។ ពពួកទេវតា និងពពួកអ្នកតាមថែរក្សា បាននាំគ្នាមកចូលជាបន្តបន្ទាប់ និង​បញ្ជា​ប្រាប់​ទៅ​តាម​អ្វី​ដែលពួកគេ គិតថាខុស និងត្រូវការ។

ក្នុងករណីនេះបុរសវ័យចំណាស់ខាងលើ ក្រៅពីភាសាចិន និងខ្មែរប៉ៃឡាំ មិនចេះភាសារអ្វីក្រៅពីនោះទេ។ តែដល់ពេលអរូបចូលសណ្ឋិត ក៏បែរជាចេះនិយាយច្រើនភាសា ដែលមិនគួឲ្យជឿ។ នេះបើតាមសម្តីសាច់​ញាតិ នៃអ្នកដែលត្រូវចូលរូប បានបញ្ជាក់ក្នុងវីដេអូឃ្លីប។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅពេលនេះ មិនទាន់រកប្រភពឲ្យពិតប្រាកដ ដើម្បីមកបញ្ជាក់ថា តើអ្វីដែល​កើត​ឡើ​ងក្នុងវីដេអូនេះ ជារឿងពិតមិនក្លែងក្លាយ ឬយ៉ាងណាទេ។ ទស្សនាវដ្ដីនឹងត្រឡប់ មកជម្រាប​ជូន​ជា​ថ្មីទៀត នៅពេលមានព័ត៌មានបន្ថែម។ តែសម្រាប់វីដេអូឃ្លីប ខាងក្រោមនេះ ទស្សនាវដ្ដីគ្រាន់តែដាក់ជូន ដើម្បីជា​ការ​ពិចារណា និងធ្វើការវាយតម្លៃ ទៅតាមការយល់ឃើញរបស់ប្រិយមិត្តអ្នកអានទៅចុះ៖