ហ៊ុន សែន អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន ដើម្បី​«គាំទ្រ»​លោក​ជា​នាយក​រដ្ឋមន្ត្រី

ថ្លែងចេញពីទឹកដីខេត្តកំពង់ធំ ស្ថិតក្នុងស្រុកសន្ទុក នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ក្នុងពិធីសម្ពោធសមិទ្ធផលសាសនា ដែលជាកន្លែងតាំងសមាធិ សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជាសាធារណៈ ទៅដល់ពលរដ្ឋកម្ពុជាឲ្យគាំទ្រ ចំពោះគណបក្សប្រជាជនកម្ពុជា និងគាំទ្រលោក ក្នុងនាមជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិថ្មីដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ក្នុង«ផ្លូវត្រូវ»ដែលនាំមកនូវសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ៖ «បើសិនជាស្រលាញ់ហ៊ុន សែន បើសិនជាអាណិត ហ៊ុន សែន បើសិនជាពេញចិត្ត ហ៊ុន សែន បើសិនជាជឿទុកចិត្តហ៊ុន សែន សូមបោះឆ្នោតឲ្យគណបក្សប្រជាជន»។ តែលោកកឹម សុខា អនុប្រធានគណបក្សសិទ្ធិមនុស្សបានថ្លែងឲ្យដឹងថា សារនយោបាយ របស់លោកនាយករដ្ឋមន្តី្រហ៊ុន សែនគឺធ្វើឲ្យពលរដ្ឋមិនបោះឆ្នោតឲ្យទៅវិញទេ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ខ្ញុំសូមផ្ញើរជាសារនយោបាយទៅវិញថា បើអាណិតគ្រួសារគាត់ ស្រលាញ់កូនគាត់ ជឿងលើខ្លួនគាត់ បោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើរសារនយោបាយជាចំហរ ដោយអំពាវនាវជាសាធារណៈ ទៅដល់ពលរដ្ឋ នៅ​ទូទាំងប្រទេស ដែលជាម្ចាស់ឆ្នោត សូមឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្ររូបលោក ជាបេក្ខភាពនាយក​រដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៣ ខាង​មុខ​នេះ។


លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងចេញពីទឹកដីខេត្តកំពង់ធំ ស្ថិតក្នុងស្រុកសន្ទុក នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ក្នុងពិធីសម្ពោធសមិទ្ធផលសាសនា ដែលជាកន្លែងតាំងសមាធិ សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជា​សាធារណៈ ទៅដល់ពលរដ្ឋកម្ពុជាឲ្យគាំទ្រ ចំពោះគណបក្សប្រជាជនកម្ពុជា និងគាំទ្រលោក ក្នុងនាមជាបេក្ខភាព​នាយក​រដ្ឋមន្ត្រី សម្រាប់អាណត្តិថ្មីដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ក្នុង«ផ្លូវត្រូវ»ដែលនាំមកនូវសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ៖ «បើសិនជាស្រលាញ់ហ៊ុន សែន បើសិនជាអាណិត ហ៊ុន សែន បើសិនជាពេញចិត្ត ហ៊ុន សែន បើសិនជាជឿទុកចិត្តហ៊ុន សែន សូមបោះឆ្នោតឲ្យគណបក្សប្រជាជន»។

លោកនាយករដ្ឋមន្ត្រី ក៏បានបកស្រាយពន្យល់នូវការលើកឡើង នូវពាក្យទាំងបួនមាត់នោះថា ការស្រលាញ់ អាណិត ពេញ​ចិត្ត និង ជឿទុកចិត្តនោះ ដោយសារតែពេញចិត្ត ទៅលើអ្វីដែលបានអភិវឌ្ឍន៍ និងដឹកនាំប្រទេសឲ្យមានសន្តិភាព។ លោក​នាយករដ្ឋមន្ត្រីបានបន្ថែមថា ៖ «ប្រសិនបើមានចំនុចណាមួយ ក្នុងចំណោមចំនុចទាំងបួន សូមបោះឆ្នោតជូន​គណបក្ស​ប្រជាជន។ រឿងនេះ គឺជារឿងកំណត់ជោគវាសនា របស់នាយករដ្ឋមន្ត្រី។ រឿងនេះ គឺជារឿងអាយុជីវិតរបស់ខ្ញុំផ្ទាល់។ ការ​បោះលើកនេះ គឺបោះសម្លាប់ហ៊ុន ដែន រឺបោះឲ្យហ៊ុន សែនរស់ទៅមុខទៀត។»

លោកនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងទៀតថា ក្នុងរយៈពេលជាង៣០ ឆ្នាំមកនេះលោកបានធ្វើអស់ហើយ បានបំពេញ​«ករណីកិច្ច»ក្នុងឋានៈជាប្រជាពលរដ្ឋ ហើយក៏ក្នុងឋានៈជានាយករដ្ឋមន្ត្រី ដែលជាអ្នកទទួលខុសត្រូវ ពាំនាំមុខនូវ​សុខ​សន្តិភាពជូនប្រជាពលរដ្ឋ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ឥឡូវដល់វេន ដែលខ្ញុំសូមពឹងពាក់វិញម្តង វាអត់មានអី​ពិបាកទេ គ្រាន់តែគូសតែ១ខ្វិច»។

លោកនាយករដ្ឋមន្ត្រី បានលើកឡើងដោយចំអកឡកឡឺយ ទៅគណបក្សនយោបាយផ្សេងៗទៀតថា អ្វីដែលលោកបាន​លើកឡើងនោះ ដូចជាមិនខុសនោះទេ ពីព្រោះអ្នកដទៃគេបានប្រើពាក្យនេះយូរហើយ រីឯគណកម្មាជាតិ​រៀបចំការ​បោះ​ឆ្នោតក៏ពុំមានហាមអ្វីនោះដែរ។ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា ៖ «នេះគឺជាសិទ្ធិនយោបាយ​ដែលត្រូវ​និយាយ គេសូមសន្លឹកឆ្នោតដែរ យើងសូមដែរវាម៉េច»។

ឆ្លើយតបទៅនឹងការលើកឡើងនោះដែរ លោកកឹម សុខា អនុប្រធានគណបក្សសិទ្ធិមនុស្សបានថ្លែងឲ្យដឹងថា សារ​នយោបាយ របស់លោកនាយករដ្ឋមន្តី្រហ៊ុន សែន គឺធ្វើឲ្យពលរដ្ឋមិនបោះឆ្នោតឲ្យទៅវិញទេ។ លោកបានថ្លែងឲ្យដឹង​ទៀត​ថា ៖ «ខ្ញុំសូមផ្ញើរជាសារនយោបាយទៅវិញថា បើអាណិតគ្រួសារគាត់ ស្រលាញ់កូនគាត់ ជឿងលើខ្លួនគាត់ បោះឆ្នោត​ឲ្យគណបក្សសង្គ្រោះជាតិ»។

លោក ទេព នីថា អគ្គលេខាធិការគណកម្មាជាតិ រៀបចំការបោះឆ្នោត និងលោកអ៊ឹម សួរស្តី ប្រធានគណកម្មាធិការជាតិ រៀបចំការបោះឆ្នោត ពុំអាចទំនាក់ទំនង ដើម្បីធ្វើការអត្ថាធិប្បាយបានទេ ដោយលោកជាប់រវល់ប្រជុំ។

រីឯលោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងឲ្យដឹងថា ចំពោះប្រទេសលទ្ធិប្រជាធិបតេយ្យ គឺពុំ​មាន​អ្វីដែលខុសនោះទេ គឺគណបក្សកាន់អំណាច និងគណបក្សប្រឆាំង អាចឃោសនាដើម្បីស្វែងរកសន្លឹកឆ្នោតបាន គឺអាច​ប្រកួតប្រជែងគ្រប់ពេលវេលា។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «អ្វីដែលប្លែក ហើយលោកនាយករដ្ឋមន្ត្រី ទទួចឲ្យ​ពលរដ្ឋ​បោះឆ្នោតឲ្យនោះ ប្រហែលជាលោកព្រួយបារម្ភ ទាក់ទិនទៅនឹងការច្របាច់បញ្ចូលគ្នា រវាងគណៈប្រឆាំងសម រង្ស៊ី និង​គណបក្សសិទ្ធិមនុស្ស។ នេះជាហេតុដែលធ្វើឲ្យ គណបក្សប្រជាជនព្រួយបារម្ភជាងមុន ដោយសារតែពុំអាចពឹងផ្អែក លើ​តែគណបក្សហ៊្វុនស៊ិនប៉ិចបាន។»

ចំពោះលោកកែម ឡី អ្នកវិភាគសង្គមឯករាជ្យបានលើកឡើងថា នេះគឺជាប្រពៃណីរបស់អ្នកនយោបាយ ដែលគេតែងតែផ្ញើរ​សារនយោបាយ នៅពេលដែលការបោះឆ្នោត ខិតជិតចូលមកដល់ ដើម្បីរំលឹកទៅដល់ប្រជាពលរដ្ឋកុំឲ្យភ្លេច។ ការលើក​ឡើងគ្រប់គណបក្សនយោបាយនោះ ក៏ជាការផ្តល់ចំណេះដឹងមួយ ដល់ពលរដ្ឋដែរ ដើម្បីឲ្យគាត់ចេះវិភាគត្រឹមត្រូវ ប្រសើរ​ជាជាងគាត់ទៅបោះឆ្នោត ដោយពុំទទួលបានព័ត៌មានអ្វីសោះ៕

-----------------------------------------------
ដោយ ៖ គិន ហត្ថារ៉ូ - ភ្នំពេញ ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments