ហ៊ុន សែន ព្រមាន​ប្រើ​ចារកម្ម ឲ្យ​ទៅ​តាម​ចាប់​ខ្លួន សម រង្ស៊ី

បុរសខ្លាំងកម្ពុជា បានថ្លែងព្រមានថា នឹងបញ្ជូន«ចារកម្ម» ទៅតាមចាប់ខ្លួនលោក សម រង្ស៊ី ប្រសិនជាមេដឹកនាំប្រឆាំង ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេសរូបនេះ ធ្វើដំណើរមកកាន់ប្រទេសណាមួយ ក្នុងទ្វីបអាស៊ី។ លោក ហ៊ុន សែន បានពន្យល់ពីទោសកំហុសរបស់លោក សម រង្ស៊ី ថាគឺដោយសារអតីតប្រធានគណបក្សប្រឆាំង បាន​អំពាវនាវ​ឲ្យកងកម្លាំង​ប្រដាប់​អាវុធ​ បែរ​កាណុង​ប្រឆាំងរដ្ឋាភិបាល។
ហ៊ុន សែន ព្រមាន​ប្រើ​ចារកម្ម ឲ្យ​ទៅ​តាម​ចាប់​ខ្លួន សម រង្ស៊ី
លោក សម រង្ស៊ី មេដឹកនាំប្រឆាំង (ខាងស្ដាំ) និងភរិយារបស់លោក អ្នកស្រី ជូឡុង សូមូរ៉ា។ (រូបថតលើហ្វេសប៊ុក)

«អ្នកឯងមិនរួចខ្លួនទេ» នេះ ជាការព្រមាន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងថ្ងៃនេះ ដែលគេយល់ថា ជាការសំដៅទៅលោក សម រង្ស៊ី មេដឹកនាំប្រឆាំង និងជាគូបដិបក្ខនយោបាយដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ដោយបានអះអាងថា លោកនឹង​បញ្ជូន ​«ចារកម្ម» ទៅ​ចាប់​ខ្លួនលោក សម រង្ស៊ី  ប្រសិនណាជា អតីតប្រធានគណបក្សប្រឆាំងរូបនេះ ហ៊ាន​ធ្វើដំណើរ មកក្នុង​ប្រទេសណាមួយ​ក្នុង​ទ្វីប​អាស៊ី។

ថ្លែង​ក្នុង​ពិធី ជួប​ជាមួយ​កម្មករ និយោជិក​​សរុប ច្រើនពាន់នាក់ មក​ពី​រោងចក្រ​ចំនួន ២៥ ​ស្ថិត​ក្នុង​តំបន់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក ហ៊ុន សែន ​បាន​លើក​​ពី​​សម្តី​ដែល​លោក​ សម រង្ស៊ី​ ធ្លាប់ថ្លែងនៅក្នុងវីដេអូ ឲ្យ​កងទ័ព​បែរ​ចុង​ការ​ណុង ងាកមក​ផ្តួលរំលំ​របប​ដឹកនាំ​ របស់​លោក​​ ហ៊ុន សែន ដូចក្នុងព្រឹត្តិការណ៍ កាលពីច្រើនឆ្នាំកន្លងមក នៅក្នុងប្រទេសរ៉ូមានី។

បុរសខ្លាំងកម្ពុជា បាន​មាន​ប្រសាសន៍​ថា៖ «ហើយ​អ្នក​ឯង​មិន​រួច​ខ្លួន​ទេ។ ហើយ​សុំ​ កុំ​មក​ក្បែរ​ប្រទេស​អាស៊ី​ខ្លាំង​ពេក​ កុំ​ភ្លេច​ឲ្យ​សោះ ​ថា​អ្នក​ឯង​មក​... ធម្មតា​ការ​បញ្ជូន​ចារកម្ម​ចេញ​ ដើម្បី​ចាប់​ខ្លួន​អ្នក​ឯង​ ចាប់​បាន​តើ។ រឿង​អី​ ដែល​អ្នក​ឯង​អំពាវ​នាវ​ឲ្យ​កង​ទ័ព​ ឲ្យ​បែរ​អាវុធ​មក​ប្រឆាំង​រដ្ឋាភិបាល​?»

លោកនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាន​បន្ថែម​ថា៖ «២០១៨ ​[ឮនិយាយថា សម រង្ស៊ី] ត្រូវ​តែ​មក!​ សូម​អញ្ជើញ​មក​ឲ្យ​លឿន​បន្តិច​។ អញ​កំពុង​រក​មុខ​វើយ​ អំពាវ​នាវ​ឲ្យ​កង​ទ័ព ​បែរ​អាវុធ​មក​ ហើយ​ម្យ៉ាង​ទៀត​សាល​ក្រម​ជាប់​គុក​។ អាហ្នឹង​ គេ​ត្រូវ​ដាក់​ហើយ​ អី​ក៏​យ៉ាប់​យ៉ាង​នេះ។»។

យ៉ាងហោចណាស់ វីដេអូចំនួនពីរ ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន យកមកចាប់កំហុសលោក សម រង្ស៊ី ខណៈវីដេអូទាំងនោះ ជាការថ្លែងរបស់មេដឹកនាំប្រឆាំងរូបនេះ ទៅកាន់ក្រុមអ្នកគាំទ្រ នៅក្រៅប្រទេស តាំងពីច្រើនឆ្នាំណាស់មកហើយ។ នៅក្នុង​វីដេអូឃ្លីបមួយ ដែលថតពីព្រឹត្តិការណ៍ ជំនួបជាមួយអ្នកគាំទ្រ ក្នុងក្រុង ឡូវែល សហរដ្ឋអាមេរិក កាលពីខែមិថុនា ឆ្នាំ២០១១កន្លងទៅ គេឮសូរលោក សម រង្ស៊ី ដែលកាលនោះជាប្រធានគណបក្ស សម រង្ស៊ី បាន​អំពាវនាវ ​ឲ្យ​កងទ័ព​បែរ​ចុង​ការ​ណុង ងាកមក​ផ្តួលរំលំ​របប​ដឹកនាំ«ផ្ដាច់ការ»​ របស់​លោក​​ ហ៊ុន សែន។

មេដឹកនាំប្រឆាំងរូបនេះ បាន​ថ្លែង​ក្នុង​វីដេអូឃ្លីប​ថា​៖ «​អ៊ីចឹង​ដូចជា​វា​ទុំ ផ្លែឈើ​វា​ទុំ វា​ស្ទើរ​តែ​ដង្កូវ​ស៊ី រុញ​តែ​បន្តិច​ទៅ​ធ្លាក់​ហើយ ការ​បះបោរ​ប្រជារាស្ត្រ​ផុសផុល​បន្តិច​។ យើង​ត្រូវការ​ការ​រៀបចំ​...​យើង​ត្រូវការ​ការ​ផ្គត់ផ្គង់ ឧបត្ថម្ភ​ខ្លះ​។ យើង​ត្រូវការ​ផ្ដល់​បង្អែក​ខ្លះ​ ដើម្បី​ឲ្យ​ការ​បះបោរ​ផ្ទុះ​ឡើង ហើយ​កងកម្លាំង​ប្រដាប់​អាវុធ​ភាគច្រើន​ គឺ​ចេញ​មកពី​ប្រជារាស្ត្រ​ខ្មែរ​ក្រ ប្រាក់ខែ​តិច រស់​អត់​បាន​ទេ បងប្អូន។​»​។

គេបានឮសំដី របស់អតីតប្រធានគណបក្ស សម រង្ស៊ី ក្នុងវីដេអូខ្លីនោះទៀតថា​៖ «​មាន​តែ​បែរ​​ចុង​កាណុង ​ដើម្បី​ផ្តួលរំលំ​របប​នេះ​ទៅ​។ នេះ​ ជា​សេចក្ដី​អំពាវនាវ​របស់​គណបក្ស សម រង្ស៊ី​។ រូប​ខ្ញុំ​ សម រង្ស៊ី សូម​អំពាវនាវ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ កងកម្លាំង​ប្រដាប់​អាវុធ​រួម​គ្នា​ ទម្លាក់ ហ៊ុន សែន ចេញ​ពី​តំណែង​របប​ក្បត់​ជាតិ​។​ យើង​ត្រូវ​តែ​បញ្ចប់​នៅ​ពេល​នេះ​។ (...) ​យើង​ចង់​ឲ្យ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង ​កាន់តែ​ឆាប់​កាន់តែ​ល្អ​។»​។

ប៉ុន្តែការចោទប្រកាន់ របស់លោក ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា ត្រូវបានលោក សម រង្ស៊ី ចេញមុខមកបកស្រាយថា វាជាសមិទ្ធផលថ្មីមួយទៀត នៃ«កាត់ត» ឬ«ច្បិចយក»មួយផ្នែក ពីការថ្លែងរបស់លោក ដើម្បីធ្វើការចាប់កំហុស ទៅលើរូបលោក។ មេដឹកនាំប្រឆាំងរូបនេះ បានបញ្ជាក់ថា៖ «យើងអាចកាត់ត យើងអាចច្បិចខ្សែអាត់ណាមួយ វីដេអូឃ្លីបណាមួយ មកបង្ហាញក្រៅពីបរិបទរបស់វា។ គឺខុសពីន័យដើមរបស់វា»។

អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបដិសេធថា តែបើគេមើលទៅក្នុងបរិបទ នៃវីដេអូឃ្លីបទាំងមូលវិញ លោកមិនបាននិយាយដូច្នេះទេ។ លោក សម រង្ស៊ី បានពន្យល់ថា៖ «ខ្ញុំថា សុំមើលឧទាហរណ៍ជាប្រវត្តិសាស្ត្រ។ ឧទាហរណ៍លោក សូសេស្គូ (ឈ្មោះពេញ Nicolae Ceaușescu) ជាមេដឹកនាំផ្ដាច់ការ នៅប្រទេសរ៉ូម៉ានី។ តែនៅឆ្នាំ១៩៨៩ ប្រជារាស្ត្របះបោរ។ គាត់បញ្ជាកងទ័ព​ទៅបង្ក្រាបប្រជារាស្ត្រ តែកងទ័ព មិនសុខចិត្តបាញ់សម្លាប់ប្រជារាស្ត្រ កងទ័ពបែរចុងកាណុង ទៅបង្ក្រាប ទៅកំចាត់ថ្នាក់ដឹកនាំពុករលួយវិញ។ នេះ ជាឧទាហរណ៍ប្រវត្តិសាស្ត្រទេ ទោះខ្ញុំនិយាយ ឬមិននិយាយ បើនរណាសិក្សាពីប្រវត្តិសាស្ត្រ នឹងឃើញដូចគ្នា។»។

ចំពោះការបញ្ជូន«ចារកម្ម» ទៅក្រៅប្រទេស ដើម្បីតាមចាប់ខ្លួននរណាម្នាក់ នៅក្នុងទឹកដីនៃប្រទេសមួយ ដោយគ្មានការដឹងឮ ពីអាជ្ញាធរនៃប្រទេសនោះ នឹងជាអំពើខុសច្បាប់ ទាំងច្បាប់របស់ប្រទេសនោះផ្ទាល់ និងទាំងច្បាប់អន្តរជាតិ។ នេះបើតាមលោក ព្រហ្ម គិត ដែលធ្លាប់បម្រើការ ជាមន្ត្រីអ្នកច្បាប់ម្នាក់ មកពីប្រទេសកម្ពុជា។ អតីតមន្ត្រីច្បាប់រូបនេះ បានថ្លែងឡើងថា «ចារកម្ម»បរទេស ដែលមានវត្តមាន នៅក្នុងប្រទេសណាមួយ អាចនឹងត្រូវអាជ្ញាធរប្រទេសនោះ កំចាត់ចោលដោយមិនចាំបាច់វែកញែក អ្វីច្រើនឡើយ ដូចដែលកម្ពុជា ធ្លាប់បានចាប់ខ្លួនជនមួយចំនួន មុននឹងចោទជនទាំងនោះ ថាធ្វើ«ចារកម្ម»ឲ្យបរទេស។ល។និង។ល។

លោក ព្រហ្ម គិត មានប្រសាសន៍នៅមុននេះ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា៖ «គ្មានប្រទេសណា ទទួលយកចារកម្មរបស់បរទេស ឲ្យចូលមកធ្វើការនៅក្នុងប្រទេសខ្លួននោះទេ ហើយការលើកឡើងរបៀបនេះ របស់លោក ហ៊ុន សែន ជាការគម្រាមបែបល្ងីល្ងើមួយ ដោយហេតុថា មកដល់ពេលនេះ គ្មានមេដឹកនាំណាម្នាក់ នៅលើពិភពលោក ហ៊ានព្រលយភាសាជាសាធារណៈរបៀបនេះ ក្រៅតែពីមេដឹកនាំផ្ដាច់ការមួយចំនួន ដែលបានថ្លែងអញ្ចឹងឡើង ដើម្បីគម្រាម ទៅដល់អ្នកប្រឆាំងខ្លួន តែប៉ុណ្ណោះ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់