ធី សុវណ្ណថា ធ្វើ​សង្គ្រាម​«ប្ដឹង»​ប្រឆាំង​មន្ត្រី​ឃុំ​សង្កាត់ CNRP ទាំង​ជាង​៥០០០​នាក់

មិនមែនជាការគម្រាមទេ តែនៅថ្ងៃនេះ ជាការសម្រេចដាក់ពាក្យបណ្ដឹង របស់កញ្ញា ធី សុវណ្ណថា ដើម្បីប្ដឹងប្រឆាំងនឹងក្រុមមន្ត្រីឃុំសង្កាត់ ទាំងជាង​៥០០០នាក់ មកពីគណបក្សសង្គ្រោះជាតិ ពីបទ«ក្បត់ជាតិ» ដោយ​សារ​តែក្រុមមន្ត្រីទាំងនោះ នៅរឹងជំហរ​មិនឱនក្បាលចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជា បើទោះជាប្រធានគណបក្សនេះ អំពាវនាវម្ដងហើយម្ដងទៀតក៏ដោយ។
ធី សុវណ្ណថា ធ្វើ​សង្គ្រាម​«ប្ដឹង»​ប្រឆាំង​មន្ត្រី​ឃុំ​សង្កាត់ CNRP ទាំង​ជាង​៥០០០​នាក់
ពីឆ្វេងទៅស្ដាំ៖ «លោកតា» ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង«ចៅស្រី» ធី សុវណ្ណថា អ្នកគាំទ្រ និងជា«ឃោសនិក» របស់គណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)

នៅពេលដែលសម្លេងឆ្នោត របស់ពលរដ្ឋ មិនមានតម្លៃ ស្មើនឹងពាក្យបណ្ដឹង របស់យុវតី«ចៅតា» ដែលនឹងត្រៀមប្ដឹង ប្រឆាំងក្រុមមន្ត្រី ដែលទទួលបានពីការគាំទ្រ ពីសំណាក់ពលរដ្ឋ...

កញ្ញា ធី សុវណ្ណថា ដែលល្បីថា​ ជាដើមបណ្ដឹងញឹកញាប់ នៅក្នុងស្ថាប័នតុលាការ សម្រាប់រយៈពេលចុងក្រោយនោះ បានប្រកាសនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ សម្រេចប្ដឹងសមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ មកពីគណបក្សសង្គ្រោះជាតិ ដែលនៅតែ«រឹងក្បាល» មិនចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលមាន«លោកតា» ហ៊ុន សែន ជាប្រធាន។

អតីតអ្នកគាំទ្រគណបក្សប្រឆាំង ដែលបានក្លាយ មកជាឃោសនិកមួយរូប របស់គណបក្សកាន់អំណាច បានសរសេរនៅ លើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «នាងខ្ញុំសម្រេចរៀបពាក្យប្តឹង អតីតមន្រ្តីឃុំ CNRP ទាំងអស់ ដែលមិនព្រមចូល CPP ដើម្បីបំរើប្រជាជន ពីបទ”ក្បត់ជាតិ” ដោយយោងតាម “ភស្តុតាងវីដេអូ” ដែលពួកគេបញ្ជាក់ជំហរ នៅតែបន្តចូលរួមជាមួយ CNRP ដែលជា “បក្សក្បត់ជាតិ”»។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងមក តុលាការកំពូល ដែលមានសមាសភាពចៅក្រម ភាគច្រើន និងអគ្គព្រះរាជអាជ្ញា ជាមន្ត្រីជំនិត របស់គណបក្សប្រជាជនកម្ពុជា បានសម្រេចកាត់សេចក្ដី រំលាយគណបក្សសង្គ្រោះជាតិ បន្ទាប់ពីមន្ត្រីចៅក្រមទាំងនេះ បានយល់ឃើញ «ស្របច្បាប់» និង«ធ្វើតាម» បណ្ដឹងរបស់ក្រសួងមហាផ្ទៃ ដែលបានដាក់ចូល មកកាន់ស្ថាប័នយុត្តិធម៌ដ៏កំពូលមួយនេះ កាលពីដើមខែមុន។

កញ្ញា«ចៅតា» បានបន្តទៀតថា៖ «តាមច្បាប់ ពួកគេអាចនឹងជាប់គុក ពី៥ឆ្នាំ ដល់១៥ឆ្នាំ...»។

លោក វីល្លៀម ហ្គាំ (William Guang) អ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ល្បីម្នាក់ បានមើលឃើញសំណេរបស់កញ្ញា ធី សុវណ្ណថា ខាងលើ ហើយបានប្រតិកម្មវិញ យ៉ាងចាស់ដៃថា៖ «បេីថាចង់ប្ដឹង ប្ដឹងទៅ និយាយច្រេីនម្លេះ? ដឹងទេថា និយាយច្រេីនគេឃេីញថា យេីងល្ងង់ផ្នែកនីតិសាស្ត្រកាន់តែច្រេីន ព្រោះតាមច្បាប់ ប្អូនក៏គ្មានសិទ្ធអាជ្ញា ដេីម្បីជាគោលឈានដល់បូរេវិនិច្ឆ័យ ថាគេមានទោស ឬក៏អត់នោះទេ! ប្អូនមិនមែនជាព្រះរាជអាជ្ញា ដែលតំណាងចោទ ឬ ជាចៅក្រម ដែលមានឆន្ទានុសិទ្ធដាក់ទោស ឬប្រកាសទោសជនណាទាល់តែសោះ ហេីយយកសិទ្ធអ្វីទៅប្រកាសថា គេមានទោស?»។

ការសម្រេចរបស់កញ្ញា ធី សុវណ្ណថា ជាភាគបន្ត នៅក្នុងពាក្យបណ្ដឹងជាហូរហែ និងធ្វើឡើងបន្ទាប់​ពីការគម្រាមរបស់នាង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដែលអះអាងថា នាងនឹង«សិក្សាច្បាប់» ដើម្បី«ប្តឹងមេឃុំ [សង្កាត់] ជំទប់ឃុំ [សង្កាត់] ក្រុមប្រឹក្សាឃុំ [សង្កាត់] ពីបក្សសង្គ្រោះជាតិ ជាង៥០០០នាក់ ទៅតុលាការ ពីបទ “ចូលរួមក្បត់ជាតិ” តាមគំរូប្រទេសតួគី ដែលទើបតែចាប់ជនក្បត់ជាតិ ជាង៥ម៉ឺននាក់ ដាក់គុក»។

តបនឹងការគម្រាមនោះ ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង បានព្រមានតបវិញថា ការលលេងរបស់កញ្ញ«ចៅតា» ជាការរុញក្រុមមន្ត្រី ទាំងជាង៥០០០នាក់ ក៏ដូចជាអ្នកគាំទ្រពួកគេ នៅក្នុងមូលដ្ឋានផង ឲ្យចូលក្នុងសភាព «ខ្នងដល់ជញ្ជាំង»។ ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង បានអះអាងថា ពួកគេនឹងនឹង«មិនមានជម្រើស»អ្វី ក្រៅពីធ្វើការការពារខ្លួន និងការពារអ្នក ដែលពួកគេគាំទ្រនោះឡើយ៕ 


Loading...

អត្ថបទទាក់ទង


មតិ-យោបល់