បារាំង​ព្រមាន​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ២០១៨

បារាំង ប្រទេសមហាអំណាចមួយទៀត និងជាសហប្រធាន នៃកិច្ចព្រមព្រៀងសន្ដិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១ បានហៅការរំលាយគណបក្សសង្គ្រោះជាតិ ថាបានបង្កបញ្ហា ដល់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ ហើយមិនអាច ធ្វើឲ្យការបោះឆ្នោតជាតិ ឆ្នាំ២០១៨ខាងមុខ ត្រូវបានចាត់ទុកថា មានលក្ខណៈសេរី និងប្រជាធិបតេយ្យនោះបានឡើយ។
បារាំង​ព្រមាន​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ២០១៨
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីពេលលោកនៅជក់បារី។ (រូបថត AFP)

នេះ ជាប្រតិកម្មលើកទីបី របស់ប្រទេសបារាំង នៅក្នុងព្រឹត្តិការណ៍នយោបាយចុងក្រោយ រាប់ចាប់តាំងពីការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានធ្វើឡើង យ៉ាងតក់ក្រហល់ក្នុង​យប់រំលង​អាធ្រាត ចូលមកព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ។ នៅក្នុងប្រតិកម្មទាំងពីរលើកមុន ប្រទេសបារាំងតាមរយៈក្រសួងការបរទេស និងប្រមុខការទូតរបស់ខ្លួន គ្រាន់តែបានសំដែងការព្រួយបារម្ភ នៅចំពោះព្រឹត្តិការណ៍នយោបាយចុងក្រោយ និងបានអំពាវនាវឲ្យកម្ពុជា ត្រឡប់មកដើរ នៅលើវិថីប្រជាធិបតេយ្យឡើងវិញ​ប៉ុណ្ណោះ។

ប៉ុន្តែនៅលើកទីបីនេះ ប្រទេសបារាំងបានដំឡើងសម្លេងខ្លាំងជាងមុន ដោយបានព្រមាន តាមរយៈសេចក្ដីថ្លែងការណ៍មួយ របស់ក្រសួងទទួលបន្ទុកកិច្ចការអ៊ឺរ៉ុប និងការបរទេសខ្លួនថា បារាំងនឹងមិនទទួលស្គាល់ ការបោះឆ្នោតជាតិ ក្នុងឆ្នាំ២០១៨ខាងមុខនេះទេ ប្រសិនជាគ្មានគណបក្សប្រឆាំង ដ៏សំខាន់ជាងគេចូលរួមទេនោះ។

សេចក្ដីប្រកាសព័ត៌មាន របស់ប្រទេសមហាអំណាច និងជាប្រទេសសហប្រធាន នៃកិច្ចព្រមព្រៀងសន្តិភាព​ក្រុងប៉ារីស ឆ្នាំ១៩៩១ បានធ្វើឡើងនៅបន្ទាប់ពីក្រុមចៅក្រមតុលាការកំពូលខ្មែរ ដែលមានសមសភាពភាគច្រើន ជាមន្ត្រីជំនិតរបស់គណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសសាលក្រម សម្រេចរំលាយគណបក្សសង្គ្រោះជាតិ ទៅតាមបណ្ដឹងចង់បាន របស់ក្រសួងមហាផ្ទៃ។

ជំហានទៅរំលាយគណបក្សប្រឆាំងខាងលើ បានធ្វើឡើង ដោយប្រើរយៈពេល មិនដល់ពីខែស្រួលបួលផងទេ បើរាប់ចាប់តាំង ពីការធ្វើវិសោធនកម្ម ទៅលើច្បាប់ទាំងបួន ការដាក់ពាក្យបណ្ដឹង ការធ្វើការស៊ើបអង្កេត និងការបើកធ្វើសវនាការ ដែលត្រូវបានគេមើលឃើញជាទូទៅ ថាវាគ្រាន់តែជាដំណាក់កាលជាបន្តបន្ទាប់ ឲ្យស្របតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្នាក់ប៉ុណ្ណោះ។

សេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសបារាំង បានសរសេររៀបរាប់ថា គណបក្សសង្គ្រោះជាតិ គឺជាគណបក្សប្រឆាំងដ៏សំខាន់ជាងគេ នៅកម្ពុជា ដែលទទួលបានការគាំទ្រ​ជិតពាក់កណ្ដាល នៃសម្លេងឆ្នោតទាំងអស់ របស់ពលរដ្ឋម្ចាស់ឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៣ និងការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនាកន្លងទៅថ្មីៗ។

អត្ថបទសេចក្ដីថ្លែងការណ៍ បានចាត់ទុកការសម្រេចក្ដី របស់តុលាការកំពូលកម្ពុជា ថាបានបង្កភាពល្អក់កករ ទៅដល់ដំណើរការប្រជាធិបតេយ្យ រាប់ចាប់តាំង ពីថ្ងៃចុះហត្ថលេខា នៃកិច្ចព្រមព្រៀងសន្តិភាពក្រុង ប៉ារីស ឆ្នាំ១៩៩១ នោះមក។

ប្រទេសបារាំងបានបញ្ជាក់ច្បាស់ៗ នៅក្នុងសេចក្ដីថ្លែងការណ៍នោះថា៖ «អវត្តមានរបស់គណបក្សប្រឆាំង ដ៏សំខាន់ជាងគេ, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងឆ្នាំ២០១៨ខាងមុខ នឹងមិនអាចចាត់ទុកថា មានលក្ខណៈសេរី និងប្រជាធិបតេយ្យបានឡើយ។ (...) បារាំងសូមអំពាវនាវទៅកាន់អាជ្ញាធរកម្ពុជា ឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួនជាថ្មី នៅក្នុងក្របខណ្ឌនៃដំណើរការប្រជាធិបតេយ្យ និងអនុញ្ញាតឲ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមអង្គការសង្គមស៊ីវិល អាចធ្វើកិច្ចការរបស់ផងខ្លួន ដោយគ្មានការរារាំង។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់