«CPP ប្រើផ្លាក​តុលាការ​កំពូល ដើម្បី​រំលាយ CNRP»

ចៅក្រមទាំង៩រូប រួមនឹងអគ្គព្រះរាជអាជ្ញាម្នាក់ ដែលមានសមាសភាពមួយចំនួន ជាមន្ត្រីជាន់ខ្ពស់ និងមួយចំនួនទៀត ជាមនុស្សជំនិតរបស់គណបក្សប្រជាជនកម្ពុជា បានប្រកាសសម្រេចរំលាយគណបក្សសង្គ្រោះជាតិ តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ តាមរយៈសាលក្រមមួយ បន្ទាប់ពីបានបើកសវនាការ អស់រយៈពេលជិតមួយថ្ងៃ។ សម្រាប់ក្រុមគណបក្សប្រឆាំងវិញ បានចាត់ទុក ទង្វើទាំងអស់ ដែលរាប់ចាប់តាំងពីការបង្កើតច្បាប់ ការដាក់បណ្ដឹង ការបើកសវនាការ រហូតមកដល់ការសម្រេចសាលក្រម ថាគ្រាន់តែជាឆាកល្ខោន ដែលដឹកនាំរឿង ដោយគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ។
«CPP ប្រើផ្លាក​តុលាការ​កំពូល ដើម្បី​រំលាយ CNRP»
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថត Reuters)

អ្វីដែលជាការប្រកាស របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងមានអសនៈ ក្នុងរដ្ឋសភាតែមួយគត់ នៅប្រទេសកម្ពុជា ទទួលបានផ្លែផ្កាជាស្ថាពរហើយ បន្ទាប់ពីសាលក្រមសម្រេច របស់តុលាការកំពូល ដែលប្រកាសនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកាម្សិលម៉ិញ។

បន្ទាប់ពីសវនាការ ដែលប្រើរយៈពេលអស់មួយព្រឹក និងជិតមួយរសៀល នៅថ្ងៃទី១៦ ខែវិច្ឆិកានេះរួច លោក ឌិត មន្ទី ប្រធាន​តុលាការ​កំពូល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​អាន​សាលដីកា​រ ​ដែល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដូច្នេះថា​៖ «​ក្រោយពី​បាន​ស្តាប់​​តំណាង​មហាអយ្យការ ក្រោយ​ពី​បាន​ស្តាប់​ក្រុម​មេធាវី​ក្រសួង​មហាផ្ទៃ និង​បាន​ស្តាប់​ការ​ពិភាក្សា​ចប់​ តុលាការ​កំពូល​យល់​ឃើញ​ថា ​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ កាលពី​ថ្ងៃ​ទី​ ៦ ខែ​តុលា​ឆ្នាំ ២០១៧ ​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​ច្បាប់​»​។

សម្រាប់ស្ថាប័នយុត្តិធម៌ធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានធ្វើសេចក្ដីសន្និដ្ឋានថា ការរក្សាភាពស្ងៀមស្ងាត់ ក្នុងពេលកន្លងមក របស់គណបក្សសង្គ្រោះជាតិ ដូចជាមិនរកមេធាវីការពារក្ដី ឬមិនជំទាស់តបនឹងបណ្ដឹង ដោយ​គ្មាន​ការ​បញ្ជាក់​ហេតុផល​នោះ គឺ​ជា​ការ​ «​សារភាព​ចំពោះ​អង្គហេតុ​»​។ លោក ឌិត មន្ទី ថា៖ «​ភាព​ស្ងៀមស្ងាត់​ របស់[គណបក្ស]​សង្គ្រោះ​ជាតិ​ គឺជា​ការ​សារភាព​ទទួល​ស្គាល់​ និង​ជា​កំហុស​ធ្ងន់ធ្ងរ​»​។

លោក ឌិត មន្ទី ​បាន​អាន​សាលដីកា​បន្ត​ទៀត​ថា​៖ «​ហេតុ​នេះ​ [តុលាការ​កំពូល​] ​សម្រេច​ទទួល​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ និង​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាម​មន្ត្រី​គណបក្ស​ចំនួន ១១៨ នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥ ឆ្នាំ​ គិត​ចាប់ពី​កាលបរិច្ឆេទ​ នៃ​សវនាការ​ថ្ងៃ​ទី​ ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ តទៅ​»​។

នៅមុនការប្រកាសសាលក្រម តំណាងមហាអយ្យការ និងជាអគ្គព្រះរាជអាជ្ញា អ្នកស្រី ជា លាង បានធ្វើការអះអាងដែរថា​៖ «​​សកម្មភាព​លោក កឹម សុខា សម រង្សី ​និង​មេដឹកនាំ​គណបក្ស​មួយ​ចំនួន​ទៀត ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៣ ​ដល់​ឆ្នាំ​ ២០១៧ គឺ​បាន​ធ្វើ​សកម្មភាព​ដោយ​ផ្ទុយ​ទៅ​នឹង​ច្បាប់»។ ការលើកឡើងរបស់អ្នកស្រី គឺ​សំអាងទៅ​លើតែ​ភ័ស្តុតាង ផ្ដល់​ដោយ​ក្រុម​មេធាវី​​របស់​ក្រសួង​មហាផ្ទៃ​ អំពី​សកម្មភាព​ដែល​ត្រូវ​បាន​ចោទ​ថា​ក្បត់​ជាតិ​ និងដែល​មាន​ចេតនា​ធ្វើ​បដិវត្តន៍​ពណ៌ មុននឹងបញ្ជាក់បន្តថា «​បណ្ដឹង​ដែល​ដាក់​ដោយ​ក្រសួង​មហាផ្ទៃ​ គឺ​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​»។

សាលក្រមរបស់តុលាការកំពូល ត្រូវបានគណបក្សសង្គ្រោះជាតិថ្កោលទោស នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយ នៅក្រោយការប្រកាស​សាលក្រមបន្តិច។ គណបក្សប្រឆាំងនៅប្រកាន់ជំហរថា នឹងនៅតែរក្សារចនាសម្ព័ន្ធដឹកនាំរបស់ខ្លួន ហើយបានហៅសាលក្រមខាងលើ ថាជារឿងដ៏អយុត្តិធម៌ ដោយសារតែចៅ​ក្រម ដែលកា​ន់​សំ​ណុំរឿ​ង​នេះ​​ សុទ្ធសឹងជា​​ម​ន្ត្រីជាន់ខ្ពស់ របស់គណបក្សកាន់អំណាច។

ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលកំពុងមានវត្តមាន នៅក្រៅប្រទេស បានចាត់ទុករាល់សកម្មភាព រាប់ចាប់តាំង ពីការចាប់ខ្លួនលោក កឹម សុខា ការធ្វើវិសោធនកម្ម ការដាក់ពាក់បណ្ដឹង ការបើកសវនាការ និងការសម្រេចក្ដី ថាគ្រាន់តែជាឆាកល្ខោន ដែលមានអ្នកដឹកនាំរឿង គឺគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។

យ៉ាងហោចចៅក្រម៥នាក់ និងអគ្គព្រះរាជអាជ្ញា គឺជាមន្ត្រីជាន់ខ្ពស់ និងជាមន្ត្រីជំនិតរបស់គណបក្សប្រជាជនកម្ពុជា

សវនាការរបស់​តុលាការកំពូល ក្នុងថ្ងៃទី១៦ ខែវិច្ឆិកាម្សិលម៉ិញ មានសមាសភាពចៅ​ក្រមកាត់ក្ដី ចំនួន ​៩ រូប​ តំណាងអយ្យការមួយរូប និងក្រឡាបញ្ជី មួយរូប។ ចៅក្រមទាំង៩រូប រួម​​មាន​ លោក ​ឌិត មន្ទី - លោក ជីវ កេង - លោក​ ឃឹម ប៉ុណ្ណ​ - លោក​​ យូរ ឧត្តរា - លោក​​ គង់ ស្រ៊ីម -លោក គង់ តារាឆាត - លោក សេង នាង - អ្នកស្រី សែម សក្កិកូឡា និង​អ្នក​ស្រី ចាំង ស៊ីណាត។ ចំណែក​​​តំណាងមហាអយ្យការ ​គឺ​អ្នក​ស្រី​ ជា លាង ដែលជាអគ្គ​ព្រះ​រាជ​អាជ្ញា របស់ប្រទេសកម្ពុជា។

នៅក្នុងបញ្ជីសមាជិក​គណបក្សប្រជាជនកម្ពុជា លោក​ ឌិត មន្ទី​ ​គឺ​ជា​សមាជិកជាន់ខ្ពស់ម្នាក់ ​នៅ​ក្នុង​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍ គណៈកម្មការប្រចាំការ និងគណៈកម្មការកណ្ដាលរបស់គណបក្ស។ ខណៈលោក ឃឹម ប៉ុណ្ណ​ អនុប្រធានតុលាការកំពូល ក៏ជា​សមាជិកមួយរូប នៃ​គណ​កម្មា​ធិការ​កណ្តាល ​របស់​គណ​បក្ស​កាន់អំណាចមួយនេះដែរ។

រីឯលោក ជីវ កេង អនុប្រធានតុលាការកំពូល ត្រូវបានគេស្គាល់ថា ជាប្រធានក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីចុះ«ពង្រឹងមូលដ្ឋាន» នៅក្នុងខេត្តតាកែវ។ អ្នកស្រី សែម សក្ដិកូឡា និងអ្នកស្រី ចាំង ស៊ីណាត ក៏ធ្លាប់មានឈ្មោះ នៅក្នុងសមាជិកក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជា នៅខេត្តតាកែវដូចគ្នាដែរ។

ដោយឡែក អ្នកស្រីអគ្គព្រះរាជអាជ្ញា ជា លាង វិញ ដែលមានតំណែងជាព្រះរាជអាជ្ញា អមសាលាក្ដីវិសាមញ្ញ ដើម្បីកាត់ទោសមេដឹកនាំ​ខ្មែរក្រហមជាន់ខ្ពស់ដែរនោះ ត្រូវបានគេស្គាល់ ថាជាមន្ត្រីយុត្តិធម៌​ម្នាក់ ដែលមានជំហរការពារយ៉ាងមុតមាំ នយោបាយរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលមិនចង់ឲ្យមានជនជាប់ចោទផ្សេង ក្រៅពី នួន ជា - អៀង សារី (ស្លាប់) - ខៀវ សំផន - អៀង ធីរិទ្ធ (ស្លាប់) និង កាំង ហ្កេចអ៊ាវ ហៅឌុច មេគុកទួលស្លែង នោះឡើយ។ កាលពីពេលថ្មីៗនេះ នៅក្នុងសំនុំរឿងព្រំដែន កម្ពុជា-ឡាវ អ្នកស្រី ជា លាង ធ្លាប់បានថ្លែងកោតសរសើលោក ហ៊ុន សែន ថាជាមេដឹកនាំ ដែលមានភាពវៃឆ្លាត ទាំងផ្នែកនយោបាយ ការទូត និងយោធា គ្មានអ្នកនយោបាយណា អាចមកប្រកួតប្រជែងបានឡើយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់