ដីកា​ចាប់​ខ្លួន​ប្រធានាធិបតី​តំបន់​កាតាឡូញ នឹង​ចេញ​ក្នុង​ថ្ងៃ​នេះ

ចៅក្រមស៊ើបអង្កេត របស់ប្រទេសអេស្ប៉ាញ នឹងចេញដីកាចាប់ខ្លួនប្រធានាធិបតី ដែលនិយមឯករាជ្យភាពទឹកដី នៃតំបន់កាតាឡូញ (Catalogne) លោក «Carles Puigdemont» នៅថ្ងៃសុក្រនេះ។ ដីកានឹងមានវិសាលភាព នៅពេញទ្វីបអ៊ឺរ៉ុប ខណៈលោក «Carles Puigdemont» កំពុងមានវត្តមាន នៅក្នុងរាជធានី ព្រុយស៊ែល ប្រទេសប៊ែលហ្សិក។
ដីកា​ចាប់​ខ្លួន​ប្រធានាធិបតី​តំបន់​កាតាឡូញ នឹង​ចេញ​ក្នុង​ថ្ងៃ​នេះ
លោក «Carles Puigdemont» ប្រធានាធិបតីនៃតំបន់កាតាឡូញ ដែលត្រូវបានរដ្ឋាភិបាលអេស្ប៉ាញ ដកចេញពីតំណែង។ (រូបថតលើទ្វីសធើរ)

មេធាវីរបស់លោក «Carles Puigdemont» បានអះអាងថា ដីកាឲ្យចាប់ខ្លួនកូនក្ដីរបស់ខ្លួន ត្រូវបានចៅក្រមស៊ើបអង្កេតអេស្ប៉ាញ អ្នកស្រី «Carmen Lamela» ចេញផ្សាយរួចហើយ ទៅកាន់អាជ្ញាធរ​នៃបណ្ដា​ប្រទេសនានា ក្នុងទ្វីបអ៊ឺរ៉ុប ដើម្បីបង្គាប់​ឲ្យនាំខ្លួនប្រធានាធិបតី នៃតំបន់កាតាឡូញ (Catalogne) រូបនេះ ត្រឡប់ចូលទៅឲ្យប្រព័ន្ធយុត្តិធម៌ របស់ប្រទេសអេស្ប៉ាញវិញ។

ប៉ុន្តែប្រភពមួយស្និតនឹងតុលាការអេស្ប៉ាញ បានបញ្ជាក់កាល ពីយប់ថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ក្នុងវេលាយប់ជ្រៅថា ដីកានោះ នៅមិនទាន់ត្រូវបានចៅក្រម សម្រេចចេញនៅឡើយ ហើយទំនងជាចេញផ្សាយ នៅថ្ងៃសុក្រទី៣ ខែតុលានេះ។

លោក «Paul Bekaert» ដែលជាមេធាវីរបស់លោក «Carles Puigdemont» បានប្រកាសកាលពីក្បាលព្រលប់ (ថ្ងៃព្រហស្បត្តិ៍) នៅតាមកញ្ចក់ទូរទស្សន៍​ប៊ែលហ្សិក​ថា៖ «កូនក្ដីរបស់ខ្ញុំ ទើបនឹងប្រាប់ខ្ញុំថា ដីកាឲ្យចាប់ខ្លួន ត្រូវបានសម្រេចចេញ ប្រឆាំងនឹងប្រធានាធិបតី និងរដ្ឋមន្ត្រីបួនរូបទៀត នៃតំបន់កាតាឡូញ ដែលកំពុងមានវត្តមាន ក្នុងប្រទេសប៊ែលហ្សិក»។

លោកមេធាវី បានបន្តថា៖ «ដូច្នេះបានសេចក្ដីថា ប្រព័ន្ធយុត្តិធម៌អេស្ប៉ាញ នឹងបញ្ជូន​ពាក្សសុំមួយទៀត ដើម្បីការធ្វើបត្យាប័ន ទៅកាន់ការិយាល័យយុត្តិធម៌សហព័ន្ធ នៃប្រទេសប៊ែលហ្សិក»។

ប្រធានាធិបតី នៃតំបន់កាតាឡូញ ដែលត្រូវរដ្ឋាភិបាលអេស្ប៉ាញ ដកចេញពីតំណែង កាលពីសប្ដាហ៍មុន ត្រូវបង្ហាញខ្លួន នៅថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ក្នុងតុលាការនៃរាជធានីម៉ាឌ្រីត (អេស្ប៉ាញ) ទៅតាមដីកាកោះហៅរបស់ចៅក្រមខាងលើ។ រដ្ឋមន្ត្រីបួនរូបទៀត ក៏ត្រូវដីកាកោះហៅនោះ បង្គាប់ឲ្យចូលខ្លួន ទៅបំភ្លឺដែរ។ តែទាំងប្រធានាធិបតី ទាំងរដ្ឋមន្ត្រី សុទ្ធតែបានបដិសេធ មិនបានបង្ហាញខ្លួន ទៅតាមការកោះហៅនេះទេ។

ក្នុងថ្ងៃព្រហស្បត្តិដដែល ចៅក្រមស៊ើបអង្កេតបានសម្រេចដាក់ឃុំ ជាបណ្ដោះអាសន្នរួចហើយ ទៅលើសមាជិក៨នាក់ របស់រដ្ឋាភិបាល នៃតំបន់កាតាឡូញ ដែលត្រូវបានរដ្ឋាភិបាល​អេស្ប៉ាញរំលាយចោល កាលពីសប្ដាហ៍កន្លងទៅ ដោយអនុវត្តន៍តាមមាត្រា១៥៥ នៃរដ្ឋធម្មនុញ្ញរបស់រាជាណាចក្រអេស្ប៉ាញ។ សមាជិករដ្ឋាភិបាលទាំងនោះ ត្រូវបានតុលាការសង្ស័យ ពីការជាប់ពាក់ព័ន្ធ ក្នុងការប៉ុនប៉ងផ្ដាច់ទឹកដី «តំបន់កាតាឡូញ» ចេញពីប្រទេសអេស្ប៉ាញ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់