លឺ ឡាយស្រេង ស្នើ ហ៊ុន សែន កុំ​ស្ដាប់​តាម​«អាចក់​អាចែម»

អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីត​មន្ត្រីជាន់ខ្ពស់ មកពីគណបក្សហ្វ៊ុនស៊ីនប៉ិច លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បានធ្វើសេចក្ដីអំពាវនាវ តាមរយៈវីដេអូមួយ នៅបណ្ដាញសង្គម ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កុំឲ្យស្ដាប់ពពួក«អាចក់អាចែម» ដែលនៅក្បែរលោកនោះច្រើនពេក។
លឺ ឡាយស្រេង ស្នើ ហ៊ុន សែន កុំ​ស្ដាប់​តាម​«អាចក់​អាចែម»
ពីឆ្វេងទៅស្ដាំ៖ ព្រះមហាក្សត្រ នរោត្ដម សីហមុនី និងលោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង។ (រូបថតលើហ្វេសប៊ុក)

លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែលគេស្គាល់ថា ជាអតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតមន្ត្រីជាន់ខ្ពស់ មកពីគណបក្សរាជានិយមហ្វ៊ុនស៊ីនប៉ិច បានពន្យល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីហនិភ័យ ដែលអាចនឹងកើតមាន សម្រាប់ប្រទេសកម្ពុជា នៅក្នុងដំណាក់កាល នៃវិបត្តិនយោបាយសព្វថ្ងៃ។ ជាមួយនឹងការបារម្ភ ខ្លាចកម្ពុជាវិលត្រឡប់ ទៅរកភាពឯកោ ដូចកាលពីសម័យខ្មែរក្រហម និងសម័យក្រោយខ្មែរក្រហមវិញនោះ អ្នកនយោបាយវ័យចំណាស់រូបនេះ បានស្នើទៅបុរសខ្លាំងកម្ពុជា កុំឲ្យស្ដាប់តាម «ក្រុមអាចក់អាចែម» ដែលនៅជុំវិញខ្លួននោះខ្លាំងពេក។

លោក លឺ ឡាយស្រេង បានថ្លែងដូច្នេះ នៅក្នុងវីដេអូផ្សាយផ្ទាល់មួយ នៅលើបណ្ដាញសង្គម កាលពីម្សិលម៉ិញ និងបានរៀបរាប់ពី«ក្រុមអាចក់អាចែម»នោះ មានដូចជា ក្រុមអ្នកនាំពាក្យ ឬក្រុមមេដឹកនាំយោធាជាដើម ដែលលោកហៅថា ចេះតែដឹកដៃលោក ហ៊ុន សែន ឲ្យងាកចេញពីការដឹកនាំ ដ៏ត្រឹមត្រូវ។ លោកថា៖ «តាមខ្ញុំស្គាល់សម្ដេចនាយក ហ៊ុន សែន លោកមិនមែនជាមនុស្ស ដែលមិនស្ដាប់គេឯណា? ប៉ិនតែមកពីអាអ្នកចេះតែរុញទេតើ! ថាហេតុអ្វី បានជាចេះតែរុញ? ខ្លួនឯងនៅជុំវិញសម្ដេច មានលុយមានកាក់ច្រើន ខ្លាចសម្ដេចធ្លាក់មក អញអស់ការងារធ្វើ។ ម្លោះហើយ ចេះតែរុញៗ។»។

អតីតមន្ត្រីជាន់ខ្ពស់រូបនេះ បានលើកយក​ព្រឹត្តិការណ៍​នយោបាយ​ចុងក្រោយ ទាក់ទងនឹងការរំលាយ​គណបក្ស​សង្គ្រោះជាតិ និងដក​ហូត​យកអាសនៈ របស់គណបក្សនេះ ទៅចែកឲ្យគណបក្សដទៃទៀត មកពន្យល់ថា នឹងធ្វើឲ្យរដ្ឋសភាកម្ពុជា ក្លាយជាស្ថាប័នមួយ ដែល«មិនគ្រប់ទឹក» និងឈានទៅបង្កមន្ទិល ដល់ភាពស្របច្បាប់ នៃរដ្ឋាភិបាលលោក ហ៊ុន សែន ថែមទៀត។ លោកបានហៅក្រុមគណបក្ស ដែលត្រៀម​យក​អាសនៈ​របស់​គណបក្សប្រឆាំង មកអង្គុយ ថាជាក្រុមមនុស្ស ដែលចេះតែពាក់​​អាវធំ តែ«អត់កេរ្ដិ៍ខ្មាស» និង«ខ្វះបាយស៊ី»។

រីឯការអនុម័តច្បាប់ធ្វើវិសោធនកម្ម ទៅលើច្បាប់ចំនួន៤ ក្នុងសប្ដាហ៍នេះ ដោយរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា យ៉ាងតក់ក្រហល់នោះ ត្រូវបានលោកព្រឹទ្ធចារ្យពន្យល់ថា នាំអំពល់ទុក្ខ​ទៅដល់ព្រះមហាក្សត្រ ដែលព្រះអង្គត្រូវចុះហត្ថលេខា ឬមិនចុះទៅលើច្បាប់កែថ្មីនេះ។ លោក លឺ ឡាយស្រេង ថា៖ «សួរថាឥឡូវនេះ ព្រះកូណា លោកផ្ទំលក់ឬទេ? ខ្ញុំថា ព្រះកូណាលោកផ្ទំមិនលក់ដូច លឺ ឡាយស្រេង ៗ ដេកមិនលក់ផង ចុះទម្រាំដល់ព្រះកូណា ដែលជាអ្នកស៊ីញ៉េ...។ ស៊ីញ៉េទៅប៉ះមនសិការម្ចាស់ឆ្នោត អន្តរជាតិគេតិះដៀល។ មិនស៊ីញ៉េទៅ ក្រែងលោមិនកើត។ ហើយ បើ[ព្រះមហាក្សត្រ]​ចង់​ចេញ​ទៅ​ក្រៅម្ដងទៀត ទើបមកថ្មីៗ ទៅអីទៀត មានឈឺអីទៀត?»៕

» វីដេអូទាំងស្រុង នៃការថ្លែងរបស់លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់