ទំព័រ​ហ្វេសប៊ុក​«សមាគម​វៀតណាម» ព្រមាន​ព្រះ​មហាក្សត្រ​ឲ្យ​ចុះ​ពី​រាជ​បល្ល័ង្ក បើ​ទ្រង់​មិន​ឡាយ​លើ​ច្បាប់​ថ្មី

ទំព័រហ្វេសប៊ុកដ៏ចម្រូងចម្រាស់មួយ ដាក់ឈ្មោះ «សមាគមវៀតណាមនៅកម្ពុជា» បានបង្ហោះសារដ៏«សាហាវ» នៅព្រឹកនេះ ព្រមានព្រះមហាក្សត្រកម្ពុជា ព្រះនរោត្ដម សីហមុនី ឲ្យចុះចេញពីរាជបល្ល័ង្ក ប្រសិនជាទ្រង់​មិនឡាយ​ព្រះហស្ថលេខា ដាក់ឲ្យប្រើប្រាស់ច្បាប់​ធ្វើវិសោធនកម្ម ទៅលើច្បាប់ចំនួន៤ ដែលទើបនឹងត្រូវបានរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា អនុម័តយ៉ាងប្រញាប់ប្រញាល ដែលប្រើពេលរវាងគ្នា មិនដល់មួយសប្ដាហ៍ផង។
ទំព័រ​ហ្វេសប៊ុក​«សមាគម​វៀតណាម» ព្រមាន​ព្រះ​មហាក្សត្រ​ឲ្យ​ចុះ​ពី​រាជ​បល្ល័ង្ក បើ​ទ្រង់​មិន​ឡាយ​លើ​ច្បាប់​ថ្មី
ព្រះបាទ ព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ (រូបថតលើហ្វេសប៊ុក)

ជាថ្មីម្ដងទៀត ទំព័រហ្វេសប៊ុក ដែលដាក់ឈ្មោះ «សមាគមវៀតណាមនៅកម្ពុជា» បានធ្វើឲ្យគេឯងនិយាយពីខ្លួន បន្ទាប់ពីសារ«ដ៏សាហាវ»មួយ ត្រូវបានទំព័រហ្វេសប៊ុកខាងលើ បង្ហោះនៅព្រឹកថ្ងៃទី២១ ខែតុលានេះ ស្នើទៅព្រះមហាក្សត្រខ្មែរ ព្រះបាទព្រះនរោត្ដម សីហមុនី ឲ្យទ្រង់ឡាយព្រះហស្ថលេខា ទៅលើច្បាប់ធ្វើវិសោធនកម្ម ទៅលើច្បាប់ទាំងបួន ដែលទើបត្រូវបានរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា អនុម័៍តក្នុងសប្ដាហ៍នេះ ដើម្បីបើកផ្លូវឲ្យដកហូតអាសនៈទាំងឡាយ របស់គណបក្សដែលត្រូវរំលាយ ដោយតុលាការ យកទៅចែកឲ្យគណបក្សដទៃទៀត បើទោះជាគណបក្សទាំងនោះ គ្មានការគាំទ្រ (ឬមានការគាំទ្រតិចតួច) ពីពលរដ្ឋម្ចាស់ឆ្នោតក៏ដោយ។

ទំព័រហ្វេសប៊ុកនេះ បានចាប់ផ្ដើមសំណេររបស់ខ្លួនថា៖ «ឮថា ស្តេច សីហមុនី មិនចង់ស៊ីញ៉េ (Signer = ចុះហត្ថលេខា, Editor's Note) រំលាយគណបក្សក្បត់ជាតិ របស់ជនក្បត់ជាតិ សម រង្សី និង កឹម សុខា»។

ទំព័រដែលដាក់ឈ្មោះពេញ ជាភាសាវៀតណាម «Hội Người Việt Nam Tại Campuchia» បានពន្យល់បន្តថា៖ «ប្រជាជនខ្មែរភាគច្រើន រួមនិងប្រជាជនវៀតណាម សូមឲ្យស្តេច ព្រះអង្គ នរោត្តម សីហមុនី ស៊ីញ៉េលើច្បាប់ទាំងបួន ឬក៏បើកផ្លូវ ឲ្យមានអ្នកស៊ីញ៉េជំនួស ដើម្បីរំលាយគណបក្សសង្រ្គោះជាតិ ដែលប្រជាជនចាត់ទុកថា ជាគណបក្សក្បត់ជាតិ ដែលឃុបឃិត មានគំរោងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលតែងតែញុះញង់ ប្រកាន់ពូជសាសន៍ បង្ករចលាចលអសន្តិសុខ ដល់សង្គមកម្ពុជាយើង»។

បន្ទាប់មក ទំព័រហ្វេសប៊ុក«សមាគមវៀតណាមនៅកម្ពុជា»ដដែល បានប្រើភាសាគម្រាមថា៖ «បើមិនដូច្នុះទេ យើងទាមទារឲ្យស្តេច សីហមុនី ចុះចេញពីរាជបល្ល័ង្ក ហើយមកនៅក្រោមឪវាទរបស់សម្តេច ហ៊ុន សែន ដូចស្តេច នរោត្ដម រណឫទ្ធិ វិញ ដើម្បីឲ្យប្រទេសមានសន្តិភាព និងការអភិវឌ្ឍន៍» មុននឹងទំព័រនេះ បានបញ្ចប់ដូច្នេះថា៖ «សូមបញ្ជាក់ថា អ្វីដែលសមាគមយើងប្រកាសហើយ ពីមុនៗមក តែងតែកើតឡើង ជាការពិត។ ដូច្នេះ សូមស្តេច សីហមុនី ពិចារណាសារជាថ្មី។»។

ក្នុងពេលភ្លាមៗ មិនឃើញមានប្រតិកម្មពីស្ថាប័នព្រះបរមរាជវាំង តបទៅនឹងសំណេរ របស់ទំព័រហ្វេសប៊ុកមួយនេះទេ។ ប៉ុន្តែសំណេរមុនៗ របស់ទំព័៍រហ្វេសប៊ុកដដែល ដែលបង្កឲ្យមានសង្គ្រាមពាក្យសំដី យ៉ាងសន្ធោសន្ធៅ នៅលើបណ្ដាញសង្គម ក៏មិនដែល​ត្រូវបានស្ថាប័នព្រះមហាក្សត្រ ចេញមុខមកធ្វើប្រតិកម្ម ជាផ្លូវការ​នោះដែរ។

នៅចំពោះការបង្ហោះលើកមុនៗ កាលពីពេលកន្លងមក ត្រូវបាន​សមាគមសហព័ន្ធខ្មែរ-វៀតណាមនៅកម្ពុជា (អតីតសមាគមវៀតណាមនៅកម្ពុជា) ដែលជាសមាគមចុះបញ្ជី និងទទួលស្គាល់ ដោយក្រសួងមហាផ្ទៃកម្ពុជា ចេញមុខធ្វើសេចក្ដីថ្លែងការណ៍ច្រានចោល ដោយអះអាងថា ខ្លួនមិនដែលមានទំព័រហ្វេសប៊ុក ឬគេហទំព័រណាមួយទេ។ សេចក្ដីថ្លែងការណ៍ដែលចេញផ្សាយ នៅថ្ងៃទី១៦ ខែមីនាកន្លងមក ថែមទាំងបានអំពាវនាវឲ្យអាជ្ញាធរវែកមុខ ស្វែងរកម្ចាស់ទំព័រហ្វេសប៊ុកខាងលើ  មកផ្ដន្ទាទោសនោះផង។

ដោយឡែក អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានប្រតិកម្មភ្លាមៗ ទៅនឹងសារព្រមានព្រះមហាក្សត្រខាងលើ ដោយទំនងជារិះគន់ដោយប្រយោល ទៅនឹងចំណាត់ការរបស់អាជ្ញាធរ ដូច្នេះថា៖ «ទំព័របណ្តាញសង្គម មួយនេះ ប្រមាថព្រះមហាក្សត្រខ្មែរ បានដោយសេរី !»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់