អាមេរិក​ព្រមាន​ពី​អស្ថិរភាព​យូរ​អង្វែង ចំពោះ​ការ​អនុម័ត​ច្បាប់​កែ​ថ្មី​នៅ​កម្ពុជា

សហរដ្ឋអាមេរិកបានធ្វើប្រតិកម្ម ទៅនឹងការអនុម័តការធ្វើវិសោធនកម្មច្បាប់ចំនួន៤ កាលពីម្សិលម៉ិញ ដោយហៅទង្វើនេះ ស្មើនឹងការ«ដកហូតសិទ្ធិទាំងស្រុង របស់ប្រជាពលរដ្ឋរាប់លាននាក់» ដែលបានបោះឆ្នោតឆ្នោត ជូនគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតឆ្នាំ២០១៣ និងឆ្នាំ២០១៧។ ប្រទេសមហាអំណាច នៅបានព្រមានបន្ថែមថា ប្រទេសកម្ពុជា នឹងអាចធ្លាក់ទៅក្នុងអស្ថិរភាព «យូរអង្វែង» ប្រសិនជារដ្ឋាភិបាលបង្ក្រាប ទៅ​លើ​ចលនា​នយោបាយ​ស្រប​ច្បាប់​ដូច្នេះ។
អាមេរិក​ព្រមាន​ពី​អស្ថិរភាព​យូរ​អង្វែង ចំពោះ​ការ​អនុម័ត​ច្បាប់​កែ​ថ្មី​នៅ​កម្ពុជា
លោក ចន ឃែរី អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបមួយ កាលពីខែមករា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (រូបថត Reuters)

ការអនុម័តការធ្វើវិសោធនកម្មច្បាប់ ទាំង៤ យ៉ាងប្រញាប់ប្រញាល ពីសំណាក់រដ្ឋសភា ដែលមានការចូលរួមប្រជុំ តែពីសមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជា ទទួលបានប្រតិកម្មភ្លាមៗ ច្បាស់ៗ ពីសហរដ្ឋអាមេរិក។

សេចក្ដីថ្លែងការណ៍មួយ ដែលទើបនឹងចេញផ្សាយ នៅមុននេះ ដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានហៅការផ្ដល់សច្ចាប័ន ទៅលើការធ្វើវិសោធនកម្មច្បាប់ ដែលអាចឈាន​​ទៅរំលាយគណបក្ស​ប្រឆាំងធំជាងគេ និងយកអាសនៈ ពីគណបក្សនេះ ទៅចែកឲ្យគណបក្សផ្សេងនោះ ថា«អាចនឹងដកហូតសិទ្ធិទាំងស្រុង របស់ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់ ដែលបានបោះឆ្នោត ឱ្យគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣ និងការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងឆ្នាំ២០១៧នេះ»។

សេចក្ដីថ្លែងការណ៍ បានសរសេរថា៖ «ការប្រកួតប្រជែងពិតប្រាកដ មានសារៈសំខាន់ណាស់ សម្រាប់លទ្ធិប្រជាធិបតេយ្យ និងភាពស្របច្បាប់ នៃការបោះឆ្នោតជាតិ ក្នុងឆ្នាំ២០១៨ខាងមុខ។ ប្រវត្ដិសាស្ដ្របញ្ជាក់ថា ការបង្ក្រាបសកម្មភាពនយោបាយស្របច្បាប់ នាំឱ្យមានអស្ថិរភាពយូរអង្វែង ច្រើនជាង​រយៈពេលខ្លី»។

កាលពីព្រឹកម្សិលម៉ិញ ក្រុមតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា ចំនួន៦៧រូប បានលើកដៃក្នុងរដ្ឋសភា អនុម័តទាំងស្រុងលើសេចក្តីស្នើកែច្បាប់ចំនួន៤ ដើម្បីជាជំហាន ឈានទៅដកហូតអាសនៈ​គណបក្ស ​ដែល​ត្រូវ​រំលាយដោយតុលាការ​ ចែកឲ្យគណបក្សផ្សេង​​ ចំពេលតុលាការកំពូល កំពុងពិនិត្យលើបណ្តឹង សុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ និងខណៈប្រធានគណបក្សមួយនេះ កំពុងជាប់ឃុំខ្លួន ជាបណ្តោះអាសន្ន។

ការស្នើសុំធ្វើវិសោធនកម្មច្បាប់ និងការអនុម័ត ត្រូវបានធ្វើឡើង យ៉ាងប្រញាប់ប្រញាល់ នៅក្រោយការលើកឡើងរបស់លោក ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុន ព្រមានពីការរំលាយគណបក្សសង្គ្រោះជាតិ ហើយនឹងផ្ដល់អាសនៈរបស់គណបក្សនេះ ទៅឲ្យគណបក្សយ៉ាងហោច ចំនួន៥ផ្សេងទៀត។

យ៉ាងណា សហរដ្ឋអាមេរិកនៅតែអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញ ជុំវិញទង្វើចុងក្រោយរបស់ខ្លួន។ សេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានសរសេរថា៖ «យើង (សហរដ្ឋអាមេរិក) ជំរុញឱ្យមន្រ្តីរដ្ឋាភិបាល ពិចារណាពីផលប៉ះពាល់ធ្ងន់ធ្ងរ នៃចំណាត់ការថ្មីៗ របស់ពួកគេឡើងវិញ។ ហើយយើង ក៏សូមស្នើជាថ្មីម្តងទៀត ឱ្យដោះលែងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចេញពីពន្ធនាគារ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់