សម រង្ស៊ី៖ រដ្ឋាភិបាល ហ៊ុន សែន ជា​«ចោរ​ប្លន់​ដ៏​ឆ្កួត​លីលា»

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានចេញមុខធ្វើប្រតិកម្មជាលើកដំបូង ទៅនឹងការប៉ុនប៉ងយកអាសនៈសភា និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ពីសំណាក់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ទៅឲ្យគណបក្សដទៃ ទាំងគណបក្សទាំងនោះគ្មានការគាំទ្រ (ឬគាំទ្រតិចតួច) ពីពលរដ្ឋម្ចាស់ឆ្នោត ដោយហៅទង្វើនេះ ថាជាការប្លន់ដ៏«ឆ្កួតលីលា»មួយ ដែលគេមិនដែលឃើញ នៅក្នុងប្រវត្តិសាស្ត្រពិភពលោក។
សម រង្ស៊ី៖ រដ្ឋាភិបាល ហ៊ុន សែន ជា​«ចោរ​ប្លន់​ដ៏​ឆ្កួត​លីលា»
ពីឆ្វេងទៅស្ដាំ៖ លោក សម រង្ស៊ី និងលោក ហ៊ុន សែន។ (រូបថតឯកសារ)

«ការយកតំណែង (អាសនៈ) របស់គណបក្សសង្គ្រោះជាតិ ទាំងថ្នាក់ជាតិ ទាំងថ្នាក់មូលដ្ឋាន ទៅគណបក្សដទៃទៀត ជាការក្បត់ឆន្ទះប្រជារាស្ត្រ តាមរបៀបលីលា គួរឲ្យអស់សំណើច» នេះ ជាប្រតិកម្មខ្លាំងៗ និងជាលើកដំបូង របស់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបានធ្វើឡើង តាមរយៈវីដេអូមួយ បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក នៅយប់ម៉ិញនេះ។

លោក សម រង្ស៊ី អតីតមេបក្សប្រឆាំងដ៏ល្បីល្បាញ បានហៅការប៉ុនប៉ង យកអាសនៈទាំងឡាយរបស់គណបក្សសង្គ្រោះជាតិ ទៅចាត់ចែង បែងចែកឲ្យគណបក្សដទៃ ទាំងគណបក្សទាំងនោះ គ្មានការគាំទ្រពីពលរដ្ឋម្ចាស់ឆ្នោតសោះនេះ គឺជា«ឆាកល្ខោន»មួយ។ អតីតមេដឹកនាំបក្សប្រឆាំងធំជាងគេរូបនេះ បានថ្លែងឡើងថា៖ «រដ្ឋាភិបាលសព្វថ្ងៃ នៅប្រទេសកម្ពុជា គឺចេញមកពីការប្លន់អំណាចប្រជារាស្ត្រ តាមរយៈការប្លន់សន្លឹកឆ្នោត និងការប្លន់តំណែង ដែលប្រជារាស្ត្របានផ្ដល់ ឲ្យគណបក្សសង្គ្រោះជាតិ»។

សម្រាប់រូបលោក សម រង្ស៊ី បានពន្យល់ថា ការប្លន់សន្លឹកឆ្នោត និងតំណែងនេះ មានលក្ខណៈគួរឲ្យភ្ញាក់ផ្អើលក្រៃលែង។ លោកថា៖ «សព្វដង ចោរប្លន់គ្រាន់តែ មានចរិតខូចតែប៉ុណ្ណោះ។ តែនៅប្រទេសកម្ពុជាសព្វថ្ងៃ ចោរប្លន់តំណែង ហាក់ដូចជាមានលក្ខណៈវិកលចរិតតែម្ដង ពីព្រោះរបៀបប្លន់តំណែង ពីគណបក្សសង្គ្រោះជាតិ ទៅចែកឲ្យគណបក្សដទៃទៀត គឺធ្វើឡើងតាមរបៀបម្យ៉ាង ដែលគេមិនដែលឃើញចោរណា ធ្វើតាមរបៀបឆ្កួតលីលាបែបនេះទេ។»៕

» វីដេអូទាំងស្រុង នៃការថ្លែងរបស់លោក សម រង្ស៊ី ពីរដ្ឋធានីប៉ារីស ប្រទេសបារាំង៖

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់