មន្ត្រី​សិទ្ធិ​មនុស្ស​ខ្មែរ​ទាំង​៥ នឹង​ទទួល​ពាន​រង្វាន់​អន្តរជាតិ ក្នុង​យប់​នេះ?

ពានរង្វាន់ «Martin Ennals» នឹងត្រូវប្រគល់ជូនអ្នកឈ្នះម្នាក់ (ឬមួយក្រុម) ក្នុងចំណោមសកម្មជនការពារ​សិទ្ធិមនុស្ស ចំនួន៧នាក់ (ឬបីក្រុម) ដែលត្រូវបានជ្រើសរើសចុងក្រោយបំផុត សម្រាប់ដណ្ដើមពានរង្វាន់មួយនេះ ក្នុងយប់នេះ នាទីក្រុង ហ្សឺណែវ ប្រទេសស្វីស។ មន្ត្រីអង្គការសង្គមស៊ីវិលម្នាក់ បានជឿជាក់ថា មន្ត្រីសិទ្ធិមនុស្សខ្មែរទាំង៥ ដែលបានជាប់ឃុំច្រើនខែ មុននឹងត្រូវបានដោះលែង កាលពីចុងខែមិថុនាកន្លងមកនេះ ទំនងជាឈ្នះពានរង្វាន់ខាងលើ។
មន្ត្រី​សិទ្ធិ​មនុស្ស​ខ្មែរ​ទាំង​៥ នឹង​ទទួល​ពាន​រង្វាន់​អន្តរជាតិ ក្នុង​យប់​នេះ?
មន្ត្រីទាំងប្រាំរូប ពីឆ្វេងទៅស្ដាំ៖ លោក ណៃ វង់ដា - លោក នី ចរិយា - អ្នកស្រី លឹម មុន្នី -លោក យី សុខសាន្ដ និងលោក នី សុខា។ (រូបថតសហការី)

ពានរង្វាន់ «Martin Ennals» ដែលគេស្គាល់ម្យ៉ាងទៀត ថាជាពានរង្វាន់ «ណូបែលសម្រាប់វិស័យសិទ្ធិមនុស្ស» នោះ នឹងត្រូវប្រគលជូនអ្នកឈ្នះម្នាក់ (ឬមួយក្រុម) ក្នុងកម្មវិធីមួយ ចាប់ពីម៉ោង១៨ (ត្រូវនឹងម៉ោង ២៣ ម៉ោងក្នុងប្រទេសកម្ពុជា) យប់នេះ ដែលរៀបចំឡើងផ្ទាល់ ដោយសាលាក្រុង ហ្សឺណែវ ប្រទេសស្វីស។

សកម្មជនការពារសិទ្ធិមនុស្ស ចំនួនបីនាក់ (ឬបីក្រុម) ត្រូវបានជ្រើសរើស តាំងពីខែមីនាកន្លងមក ឲ្យជាប់ជាបេក្ខជនចុងក្រោយបង្អស់ ដើម្បីឈ្នះពានរង្វាន់ខាងលើ។ សកម្មជនទាំងនោះ រួមមាន៖ 

- សកម្មជន​សិទ្ធិមនុស្សខ្មែរ ៥រូប លោក នី ចរិយា (អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត) - អ្នកស្រី លឹម មុន្នី - លោក យី សុខសាន្ត - លោក នី សុខា និង​លោក ណៃ វ៉ង់ដា (អ្នកទាំងបួនរូប ជាមន្ត្រីរបស់សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក) មកពីប្រទេសកម្ពុជា
- អ្នកស្រី «Karla Avelar» សកម្មជនសិទ្ធិមនុស្ស មកពីប្រទេសសាលវ៉ាឌ័រ
- លោក «Mohamed Zaree» សកម្មជនសិទ្ធិមនុស្ស មកពីប្រទេសអេហ្សីព។

បើតាមការអះអាងរបស់លោក គល់ បញ្ញា នាយកប្រតិបត្តិរបស់អង្គការខុមហ្វ្រែល បានឲ្យដឹងថា មន្ត្រីការពារសិទ្ធិមនុស្សទាំងប្រាំរូប មកពីប្រទេសកម្ពុជា នឹងឈ្នះ ទទួលបានពានរង្វាន់ «Martin Ennals»។ មន្ត្រីទាំងប្រាំរូប ត្រូវ​បាន​ដោះលែងឲ្យនៅក្រៅឃុំ​ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ២០១៧ បន្ទាប់ពីត្រូវបានជាប់ឃុំ អស់រយៈពេល៤២៧ថ្ងៃ នៅក្នុងសំនុំរឿង«សូកប៉ាន់សាក្សី» ដ៏ចម្រូងចម្រាស់មួយ។

 

ចំពោះមន្ត្រីរដ្ឋាភិបាលខ្មែរវិញ បានចាត់ទុកពានរង្វាន់នេះ ថាមាននិន្នាការនយោបាយ។ លោក​ផៃ ស៊ី​ផាន ​អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ​លោក​មិនមាន​ការភ្ញាក់ផ្អើល​សោះឡើយ ចំពោះ​ការផ្តល់​ពាន​រង្វាន់ខាងលើ ពីព្រោះ​ការផ្តល់​នេះ គ្រាន់តែ​ជា​ការលើកទឹកចិត្ត ដល់​បុគ្គល​ដែល​បម្រើ​ផលប្រយោជន៍ ​របស់គេ​នោះ​តែប៉ុណ្ណោះ​។

ដោយឡែក តាមសេចក្ដីប្រកាសព័ត៌មានមួយ របស់គណៈកម្មការពានរង្វាន់ ដែលចេញផ្សាយ កាលពីថ្ងៃទី១ ខែតុលា បានអះអាងថា លោក «Mohamed Zaree» ត្រូវបានអាជ្ញាធររបស់ប្រទេសអេហ្សីព ហាមឃាត់មិនឲ្យធ្វើដំណើរ ចេញក្រៅប្រទេស ដើម្បីចូលរួម ក្នុងពិធីទទួលពាន់រង្វាន់នេះទេ។

ពានរង្វាន់ «Martin Ennals» ជាកិច្ចសហប្រតិបត្តិការួមគ្នា តែមួយ រវាងអង្គការអន្តរជាតិ​ធំៗ ​ចំនួន​១០ នៅក្នុងពិភពលោក ដែលធ្វើការផ្នែកសិទ្ធិមនុស្ស។ ពានរង្វាន់នេះ ដែលធ្វើឡើងជារៀង​រាល់​ឆ្នាំ តាំងពីឆ្នាំ១៩៩៣មកនោះ មាន​ទិស​ដៅ ដើម្បី​អះអាង​ជា​ថ្មី ពីកិច្ចការ​ប្រកប​ដោយ​ហនិភ័យ របស់ក្រុម​អ្នកធ្វើកិច្ចការ ដើម្បីវិស័យ​សិទ្ធិ​មនុស្ស ​នៅ​លើ​ពិភពលោក និង​ដើម្បី​ការពារ​ពួកគេ។ កាលពីឆ្នាំ២០១២ ព្រះសង្ឃ លួន សូវាត ក៏​បាន​ឈ្នះ​ពាន​រង្វាន់​ខាង​លើ​ដែរ។ អង្គការ​អន្តរជាតិ ទាំង១០នោះ ដែល​បាន​ចូលរួម ក្នុងការវិន្និច្ឆ័យ​ជ្រើសរើស អ្នក​ឈ្នះ​ពាន​រង្វាន់នេះ រួម​មាន៖

- Amnesty International
- Human Rights Watch
- Human Rights First
- FIDH – Fédération internationale des droits de l’homme
- Organisation mondiale contre la torture
- Front Line Defenders
- Commission internationale de juristes
- EWDE Germany
- Service international pour les droits de l’homme
- HURIDOCS​


Loading...

អត្ថបទទាក់ទង


មតិ-យោបល់