Global Witness៖ ហ៊ុន សែន និង​គូ​កន ចង់​រំលាយ​បក្ស​ប្រឆាំង ដើម្បី​បន្ត​ក្ដាប់​អំណាច​និង​ទ្រព្យ​សម្បត្តិ

បណ្ដឹងរបស់រដ្ឋាភិបាលកម្ពុជា ទៅកាន់តុលាការកំពូល ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ត្រូវបានអង្គការឃ្លាំមើលពិភពលោក ហៅជាភាសាអង់គ្លេស «Global Witness» ប្រតិកម្មតបតរ ដោយហៅទង្វើនេះ ជាការប៉ុនប៉ងចុងក្រោយបង្អស់ របស់ក្រុមមេដឹកនាំដ៏ពុករលួយ ដើម្បីបន្តក្ដាប់អំណាច និងទ្រព្យសម្បត្តិរបស់ផងខ្លួន។
Global Witness៖ ហ៊ុន សែន និង​គូ​កន ចង់​រំលាយ​បក្ស​ប្រឆាំង ដើម្បី​បន្ត​ក្ដាប់​អំណាច​និង​ទ្រព្យ​សម្បត្តិ
រូបភាពពីអង្គការឃ្លាំមើលពិភពលោក ហៅជាភាសាអង់គ្លេស «Global Witness» ជុំវិញក្រុមគ្រួសារត្រកូល ហ៊ុន នៅកម្ពុជា។

«សហគមន៍អន្តរជាតិ មិនអាចឈរមើល ហើយទុកឲ្យប្រទេសកម្ពុជា រអិលធ្លាក់ ទៅក្នុងរបបផ្ដាច់ការទាំងស្រុង ដូច្នេះឡើយ។ ម្ចាស់ជំនួយ និងដៃគូពាណិជ្ជកម្មទាំងឡាយ របស់កម្ពុជា ត្រូវប្រើឥទ្ធិពលរបស់ផងខ្លួន ដើម្បីធ្វើអន្តរាគមន៍ ក្នុងរឿងនេះ។» នេះជាការថ្លែងឡើង របស់អ្នកស្រី អេម៉ា បឺណេត (Emma Burnett) មន្ត្រី​ផ្នែក​យុទ្ធនាការ​ នៃ​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) នៅក្នុង​សេចក្ដីប្រកាសព័ត៌មានមួយ របស់អង្គការនេះ ដើម្បីប្រតិកម្ម ទៅនឹងបណ្ដឹងរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ក្នុងការប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ នៅល្ងាចថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០១៧នេះ។

ក្រសួងមហាផ្ទៃកម្ពុជា តាមរយៈក្រុមមេធាវី តំណាងដោយអាណត្តិរបស់ខ្លួន បានដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការកំពូល ជាមួយនឹងភស្ដុតាងចំនួន ២១កញ្ចប់ ដើម្បីសុំឲ្យរំលាយគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសចោល ពីបទចោទ ថាបានឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពខុសច្បាប់ ដូចមានចែងក្នុងមាត្រា ៦ថ្មី និងមាត្រា ៧ នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានធ្វើវិសោធនកម្ម យ៉ាងតក់ក្រហល់ ម្ដងជាពីរដង ក្នុងរយៈពេលរវាងគ្នា មិនដល់៥ខែស្រួលបួលផង។

សម្រាប់អង្គការឃ្លាំមើលពិភពលោក ដែលតែងចេញ​របាយការណ៍​ស៊ើប​អង្កេត​ជាច្រើន ស្ដីពីការបំផ្លិចបំផ្លាញ ធន់ធានធម្មជាតិ និងពីអំពើពុករលួយ ពីសំណាក់មេដឹកនាំកម្ពុជា និងក្រុមគ្រួសារនោះ ពាក្យបណ្ដឹងខាងលើ មានហេតុផលនយោបាយ ដើម្បីអនុញ្ញាតឲ្យលោក ហ៊ុន សែន និងបក្ខពួក នៅបន្តក្ដាប់អំណាច និងទ្រព្យសម្បត្តិរបស់ផងខ្លួនតទៅទៀត។

អ្នកស្រី អេម៉ា បឺណេត បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់អង្គការនេះថា៖ «ការប៉ុនប៉ងរំលាយគណបក្សប្រឆាំងកម្ពុជា ជាព្រឹត្តិការណ៍នយោបាយ​ចុងក្រោយបង្អស់ របស់ក្រុមមេដឹកនាំដ៏ពុករលួយមួយក្រុម ដើម្បីបោះជំហាន ទៅបន្តក្ដាប់អំណាច និងទ្រព្យសម្បត្តិរបស់ខ្លួន»។

អង្គការដ៏ធំ ដែលមានស្នាក់ការកណ្ដាល ស្ថិតក្នុងរាជធានី ឡុងដ៍ ចក្រភពអង់គ្លេស បានពន្យល់ថា ចេញពីរបបខ្មែរក្រហម ដែលពោរពេញដោយការបែកស្រាំ តែនៅថ្ងៃនេះ ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចលូតលាស់លឿន នៅក្នុងពិភពលោក។ សេចក្ដីប្រកាសព័ត៌មាន បានបន្តថា៖ «ប៉ុន្តែការរីកចម្រើននេះ មិនមានសមភាពសោះឡើយ។ ផ្ទុយទៅវិញ ជាការរីកចម្រើន ដែលជួយពង្រឹងអំណាច និងទ្រព្យសម្បត្តិ នៅក្នុងកណ្ដាប់ដៃ របស់ពពួកមេដឹកនាំមួយក្រុម ដែលពោរពេញដោយគ្រោះថ្នាក់។»។

អត្ថបទបានបន្តទៀតថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សមាជិកគ្រួសារ និងក្រុមបក្ខពួកគូកន របស់លោក បានកាន់កាប់តំណែងសំខាន់ៗ ទាំងនៅក្នុងនយោបាយ នគរបាល និងប្រព័ន្ធផ្សព្វផ្សាយ។ ការស៊ើបអង្កេតរបស់ «Global Witness» បានបង្ហាញថា ក្រុមមេដឹកនាំ​ទាំងនេះ កំពុងកើបប្រមូលទ្រព្យសម្បត្តិ យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងវិស័យឯកជន ដោយធ្វើការគ្រប់គ្រង ទៅលើវិស័យ​«ខ្លាញ់ៗ»ជាច្រើន ក្នុងប្រទេសកម្ពុជា។

អ្នកស្រី អេម៉ា បឺណេត បានបន្ថែមទៀតថា៖ «ការថ្កោលទោសជាលក្ខណៈអន្តរជាតិ ពីការវាយប្រហាររបស់រដ្ឋាភិបាល ទៅលើគណបក្សប្រឆាំង ទៅលើប្រព័ន្ធផ្សព្វផ្សាយសេរី និងទៅលើសង្គមស៊ីវិល ដូចជាមិនត្រូវបានយកចិត្តទុកដាក់ទេ តែគឺទឹកប្រាក់ទៅវិញទេ ដែលហាក់មានទំហំធំ និងមានទំងន់ធ្ងន់ ជាងការថ្លែងឡើង ដែលមានត្រឹមតែជាពាក្យសម្ដី។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចាំបាច់ត្រូវដាក់ទណ្ឌកម្មជាបន្ទាន់ ប្រឆាំងរដ្ឋាភិបាលកម្ពុជា ហើយបង្ខំឱ្យរដ្ឋាភិបាលមួយនេះ ពិចារណាឡើងវិញ ពីជំហានឆ្ពោះទៅរក របបផ្តាច់ការរបស់ខ្លួន។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់