ដក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​បារាំង​ម្នាក់ ព្រោះ​«បង្ហោះ​រូបភាព​ហិង្សា»

តំណាងរាស្ត្របារាំង មកពីគណបក្សស្ដាំនិយមជ្រុល​រូបនោះ បានបង្ហោះរូបភាពហិង្សាជាច្រើន ស្ដីពីជនរងគ្រោះ បណ្ដាលមកពីអំពើព្រៃផ្សៃ របស់ក្រុមអ៊ីស្លាមនិយមជ្រុល រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) ហើយការបង្ហោះនេះ បានធ្វើឡើង តាំងពីចុងឆ្នាំ២០១៥មកម្លេះ។
ដក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​បារាំង​ម្នាក់ ព្រោះ​«បង្ហោះ​រូបភាព​ហិង្សា»
ពីឆ្វេងទៅស្ដាំ៖ លោក ហ្សីប៊ែរ កូឡា និងអ្នកស្រី ម៉ារីន ឡឺពែន។ (រូបថតលើទ្វីសធើរ)

លោក ហ្សីប៊ែរ កូឡា (Gilbert Collard) តំណាងរាស្ត្រមកពីគណបក្សរណសិរ្សជាតិ (Front Nationnal - មាននិន្នាការស្ដាំនិយមជ្រុល) ត្រូវបានរដ្ឋសភាបារាំង ដកអភ័យឯកសិទ្ធិសភានៅថ្ងៃនេះ ដើម្បីអនុញ្ញាតឲ្យប្រព័ន្ធយុត្តិធម៌ អាចបើកការស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី ទៅលើរូបលោក ពីបទបានផ្សព្វផ្សាយរូបភាពហិង្សាជាច្រើន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ កន្លងមក។

ទូរទស្សន៍បារាំង «BFMTV» ដែលជំនាញខាងផ្សាយព័ត៌មានផ្ទាល់ ២៤ម៉ោង បានរាយការណ៍ថា គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ នៃរដ្ឋសភាបារាំង បានប្រជុំនៅព្រឹក​ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ និងបានបោះឆ្នោតសម្រេច លើកអភ័យឯកសិទ្ធិសភា របស់តំណាងរាស្ត្រខាងលើ ដោយសម្លេងគាំទ្រសឹងតែ១០០ភាគរយ (ប្រឆាំង មានតែមួយសម្លេងប៉ុណ្ណោះ)។ 

ការបង្ហោះរូបភាពដ៏តក់ស្លុត ពីជនរងគ្រោះទាំងឡាយ ដែលបណ្ដាលពីអំពើដ៏ព្រៃផ្សៃ នៃក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) ត្រូវបានតំណាងរាស្ត្រខាងលើ ធ្វើឡើងនៅលើ ទំព័រទ្វីសធើររបស់លោក ដើម្បីប្រតិកម្ម ទៅនឹងអ្នកសារព័ត៌មាន ដ៏ល្បីមួយរូប របស់ប្រទេសបារាំង ដែលបានថ្លែងក្នុងន័យធៀប ថាសកម្មភាពខ្លះ របស់គណបក្សរណសិរ្សជាតិ មានលក្ខណៈប្រហាក់ប្រហែល នឹងក្រុមអ៊ីស្លាមនិយមជ្រុលទាំងនោះ។ អ្នកស្រី ម៉ារីន ឡឺពែន (Marine Le Pen) ប្រធានគណបក្សរណសិរ្សជាតិ និងជាតំណាងរាស្ត្រអ៊ឺរ៉ុប ក៏បានប្រតិកម្មដូចគ្នា ទៅនឹងការថ្លែងប្រៀបធៀបនោះ ដោយបានបង្ហោះ នូវរូបភាពជាច្រើនសន្លឹក ពីជនរងគ្រោះដ៏ខ្លោចផ្សារ បណ្ដាលពីក្រុមរដ្ឋអ៊ីស្លាម។

» រូបភាពហិង្សាដ៏តក់ស្លុត បង្ហោះដោយអ្នកតំណាងរាស្ត្រទាំងពីរ៖

ភ្លាមៗ នៅក្រោយការបង្ហោះរូបភាពទាំងនោះ អយ្យការអមតុលាការក្រុង ណង់ទែរ (Nanterre - នៅជាប់រដ្ឋធានីប៉ារីស) បានប្រកាសបើកការស៊ើបអង្កេត ជុំវិញ«ការបង្ហោះរូបភាពហិង្សា» ប្រឆាំងលោក ហ្សីប៊ែរ កូឡា និងអ្នកស្រី ម៉ារីន ឡឺពេន ហើយបានស្នើសុំ ឲ្យរដ្ឋសភាបារាំង និងសភាអ៊ឺរ៉ុប លើកអភ័យឯកសិទ្ធសភារបស់អ្នកទាំងពីរចេញ ដើម្បីអនុញ្ញាតឲ្យខ្លួន បន្តនីតិវិធី នៅក្នុងការស៊ើបអង្កេត។

ប៉ុន្តែការស្នើសុំលើកអភ័យឯកសិទ្ធិនោះ ត្រូវបានរដ្ឋសភាបារាំងបដិសេធ នៅក្នុងអង្គប្រជុំមួយ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងមក មុននឹងត្រូវបានយល់ព្រម«ឲ្យលើកចេញ»​ នៅថ្ងៃនេះ បន្ទាប់មានការស្នើសុំជាថ្មី ពីសំណាក់ស្ថាប័នអយ្សការ។ដោយឡែក ចំពោះអភ័យឯកសិទ្ធិសភារបស់អ្នកស្រី ម៉ារីន ឡឺពែន ដែលជាតំណាងរាស្ត្រអ៊ឺរ៉ុបវិញ ត្រូវបានសភាអ៊ឺរ៉ុបឯកភាពឲ្យលើកចេញ តាំងពីខែមីនាមកម្លេះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់