កីឡា​អូឡាំពិក​ពិភពលោក ​ឆ្នាំ​២០២៤​ធ្វើ​នៅ​ប៉ារីស ឆ្នាំ២០២៨​ធ្វើ​នៅ​ឡូសអេនជឺឡេស

ទីបំផុត ការសម្រេចរបស់គណៈកម្មាធិការអន្តរជាតិ នៃកីឡាអូឡាំពិក បានចេញជាផ្លូវការហើយ។ កីឡាអូឡាំពិកឆ្នាំ២០២៤ នឹងត្រូវប្រារព្ធធ្វើ ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង ខណៈកីឡាអូឡាំពិកឆ្នាំ២០២៨ នឹងត្រូវប្រារព្ធធ្វើ ក្នុងក្រុង ឡូសអេនជឺឡេស សហរដ្ឋអាមេរិក។
កីឡា​អូឡាំពិក​ពិភពលោក ​ឆ្នាំ​២០២៤​ធ្វើ​នៅ​ប៉ារីស ឆ្នាំ២០២៨​ធ្វើ​នៅ​ឡូសអេនជឺឡេស
រូបសញ្ញាកីឡាអូឡាំពិក ត្រូវបានយកមកតាំង នៅលើទីលាន ត្រូកាដេរ៉ូ ខាងមុខតួអេហ្វែល នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។ (រូបថតលើទ្វីសធើរ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៣ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 14, 2017
  • ប្រធានបទ: កីឡាអូឡាំពិក
  • អាន និងបញ្ចេញយោបល់

សេចក្ដីសម្រេចជាផ្លូវការ ត្រូវបានប្រកាសឲ្យដឹងហើយ ស្ដីពីទីក្រុង ឬរដ្ឋធានី នៃប្រទេសណាមួយ ដែលត្រូវទទួលភារៈ ជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍ កីឡាអូឡាំពិកពិភពលោក ក្នុងឆ្នាំ២០២៤ និងក្នុងឆ្នាំ២០២៨ ខាងមុខ។ គណៈកម្មាធិការអន្តរជាតិ នៃកីឡាអូឡាំពិក បានសម្រេចដោយការលើកដៃ ជាឯកច្ឆន្ទ ក្នុងរដ្ឋធានី លីម៉ា (ប្រទេសប៉េរូ) ក្នុងថ្ងៃទី១៣ ខែកញ្ញានេះ ផ្ដល់ការទុកចិត្ត ទៅឲ្យរដ្ឋធានី ប៉ារីស ប្រទេសបារាំង និងទីក្រុង ឡូសអេនជឺឡេស សហរដ្ឋអាមេរិក ក្នុងភារៈ​ធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍៤ឆ្នាំម្ដងរបស់ខ្លួន សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៨ខាងមុខ។

ការសម្រេចនេះ ត្រូវបានលោក តូម៉ាស បាច () ប្រធានគណៈកម្មាធិការអន្តរជាតិ នៃកីឡាអូឡាំពិក វាយតម្លៃថា មានលក្ខណៈជា«ប្រវត្តិសាស្ត្រ»។ លោកបានពន្យល់ពីមូលហេតុថា សម្រាប់រដ្ឋធានីប៉ារីស ដែលទទួលបរាជ័យ ក្នុងការដណ្ដើមរៀបចំកីឡានេះ បីដងមកហើយនោះ វាជាការរំលឹក ពីប្រវត្តជាងមួយសតវត្សន៍ របស់កីឡាអូឡាំពិក ដែលត្រូវបានបង្កើត ឲ្យមានជារូបរាងឡើងវិញ សម្រាប់សម័យកាលទំនើប នៅឆ្នាំ១៨៩៤ ក្នុងរដ្ឋធានីប៉ារីស ដោយលោក «Pierre de Coubertin» ស្ថាបនិកគណៈកម្មាធិការអន្តរជាតិ នៃការជួបប្រជុំលេងកីឡា ដ៏ពេញនិយមមួយនេះ។

សម្រាប់ទីក្រុង ឡូសអេនជឺឡេស វិញ ក៏មានលក្ខណៈជាប្រវត្តិសាស្ត្រដូចគ្នា ដោយហេតុថា ទីក្រុងមួយនេះ ដែលធ្លាប់ធ្វើជាជាម្ចាស់ផ្ទះ ចំនួនពីរដងរួចហើយ (ឆ្នាំ១៩៣២ និងឆ្នាំ១៩៨៤) ត្រូវបានសម្រេចបែងចែក ឲ្យទទួលភារៈជាបន្ត ពីរដ្ឋធានីប៉ារីស ខុសពីទម្លាប់មុន ដែលការប្រជុំម្ដង សម្រេចឲ្យតែទីក្រុង ឬរដ្ឋធានីមួយប៉ុណ្ណោះ ដែលត្រូវបានរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ។ 

នៅក្នុងរដ្ឋធានីប៉ារីសវិញ (ឬនិយាយជារួម នៅក្នុងប្រទេសបារាំង) ការអបអរជាទូទៅ បានផ្ទុះឡើងព្រោងព្រាត។ រដ្ឋធានីប៉ារីស ដែលត្រូវបានបំពាក់ ដោយភ្លើងលំអរចម្រុះពណ៌ ទាក់ទងនឹងព្រឹត្តិការណ៍នេះ តាំងពីច្រើនខែមកហើយនោះ បានបន្ថែមការតាំងលំអរ កាន់តែច្រើនទៀត នៅជុំវិញវិមាន ឬទីកន្លែងសំខាន់របស់ខ្លួន។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមនាំមកជូន នូវរូបភាពមួយចំនួន មកជូនដូចខាងក្រោម៖

ខាងក្រោមនេះ ជាទីតាំងមួយចំនួន ដែលរដ្ឋធានីនៃប្រទេសបារាំង ត្រូវរៀបចំទទួលកីឡាអូឡាំពិក៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់