អាមេរិក​ផ្អាក​ការ​ផ្ដល់​ទិដ្ឋការ សម្រាប់​មន្ត្រី​ការបរទេស​ខ្មែរ

សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួន ប្រចាំនៅរាជធានីភ្នំពេញ បានប្រកាសលែងផ្ដល់ទិដ្ឋការ ប្រភេទ «B1» «B2» និងប្រភេទ «B1/B2» ដែលសុទ្ធសឹង ជាប្រភេទ«មិនមែនអន្តោប្រវេសន៍» ទៅឲ្យមន្ត្រីការបរទេសជាន់ខ្ពស់កម្ពុជា រាប់ចាប់តាំងពីថ្នាក់អគ្គនាយក រហូតដល់ថ្នាក់រដ្ឋមន្ត្រី នៃក្រសួង។ ការផ្អាកនេះ ដោយរាប់បញ្ចូលទាំងក្រុមគ្រួសារ របស់មន្ត្រីទាំងនោះផង ត្រូវបានធ្វើឡើង ក្រោមច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិអាមេរិក។
អាមេរិក​ផ្អាក​ការ​ផ្ដល់​ទិដ្ឋការ សម្រាប់​មន្ត្រី​ការបរទេស​ខ្មែរ
ទិដ្ឋភាពផ្តិតយកអេក្រង់ ពីសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពីការផ្អាក លែងផ្ដល់ទិដ្ឋការប្រភេទមិនមែនអន្តោប្រវេស ដល់មន្ត្រីការបរទេសជាន់ខ្ពស់កម្ពុជា ពីសំណាក់ស្ថានទូតអាមេរិក។

សេចក្ដីប្រកាសព័ត៌មានមួយ របស់ស្ថានទូតអាមេរិក ដែលទើបនឹងចេញផ្សាយនៅមុននេះ បានរៀបរាប់ឲ្យដឹងថា ចាប់ពីថ្ងៃទី១៣ ខែកញ្ញានេះ ស្ថានទូតនៃប្រទេសមហាអំណាចមួយនេះ «នឹង​ផ្អាក​លែង​ចេញ​ទិដ្ឋាការ​ ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2 (ដែលសុទ្ធសឹងជាប្រភេទ មិនមែនអន្តោរប្រវេសន៍) ដល់​មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា ​ដែល​មាន​តួនាទី​ ចាប់​ពី​ថ្នាក់​អគ្គនាយក ​រហូត​ដល់​ថ្នាក់​ដឹកនាំ​កំពូល​ នៃ​ក្រសួង​នេះ និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ ដោយ​មាន​ករណី​លើកលែង​ តិច​តួច​ប៉ុណ្ណោះ​»។

សេចក្ដីប្រកាសព័ត៌មាននោះ បានបញ្ជាក់ពីមូលហេតុ នៃការផ្អាកលែងផ្ដល់ទិដ្ឋការខាងលើថា ច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហរដ្ឋអាមេរិក នៅត្រង់មាត្រា ២៤៣ (D) បានបញ្ជាឲ្យរដ្ឋមន្រ្តី​ការបរទេស​អាមេរិក ​ត្រូវ​កំណត់ឲ្យ​​​មន្ត្រី​​កុងស៊ុល​​ បញ្ឈប់​​លែង​​ផ្តល់​ទិដ្ឋាការទាំងនេះ បន្ទាប់ពីទទួលបានសំណើ ពីរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិថា មានប្រទេសមួយចំនួន បានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផល ដែលមិនសមស្រប ដើម្បីពន្យារពេល ទទួល​យក​ពលរដ្ឋ​ នៃ​ប្រទេស​របស់​ពួកគេ​វិញ។

ការផ្អាកលែងផ្ដល់ទិដ្ឋការនេះ នឹងមានសុពលភាព ​ ​​រហូត​ទាល់​តែ​រដ្ឋមន្រ្តី​សន្តិសុខ​មាតុភូមិអាមេរិក ​ទទួល​បាន​ព័ត៌មានថា ប្រទេស​ដែល​ពាក់ព័ន្ធ​ទាំងនោះ ​បាន​យល់​ព្រម ​ទទួល​យក​ពលរដ្ឋ​របស់​គេ​វិញ​ហើយ​។

ស្ថានទូតអាមេរិកបានបញ្ជាក់ទៀតថា៖ «ប្រសិនបើអ្នកស្ថិតនៅក្នុងក្រុម ដែលត្រូវបានគេផ្អាក ការចេញទិដ្ឋាការ ហើយអ្នកសម្រេចចិត្ត ដាក់ពាក្យសុំទិដ្ឋាការនោះ មន្ត្រីកុងស៊ុលនឹងសម្ភាសអ្នក ប៉ុន្តែមិនអាចផ្តល់ទិដ្ឋាការ ជូនបានទេ រហូតទាល់តែការផ្អាកនោះ ត្រូវបានលើកលែង។ សូមពិចារណាឲ្យបានដិតដល់ មុនពេលដាក់ពាក្យសុំទិដ្ឋាការ។» ខណៈ«ថ្លៃដាក់ពាក្យសុំទិដ្ឋាការ ដែលបានបង់រួច មិនអាចបង្វិលសងវិញបានទេ»។

មិនមានប្រតិកម្ម ពីក្រសួងការបរទេសកម្ពុជានៅឡើយ ក្នុង​សំណុំ​រឿងផ្អាកផ្ដល់ទិដ្ឋការ ដល់មន្ត្រីជាន់ខ្ពស់របស់ខ្លួន។

ប៉ុន្តែក្នុងករណី​ទទួល​យក ​ពលរដ្ឋ​ខ្មែរ (ឬដែលមានដើមកំណើតខ្មែរ) ត្រឡប់​មកកម្ពុជា​នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ធ្លាប់​ស្នើ​សុំ​អាមេរិក ឲ្យ​ធ្វើ​វិសោធនកម្ម​កិច្ច​ព្រម​ព្រៀង ​ដែល​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​ កាល​ពី​ឆ្នាំ​២០០២​។ នាយករដ្ឋមន្ត្រីិកម្ពុជា ចង់​ឲ្យ​ពល​រដ្ឋ​ខ្មែរដែល​ប្រព្រឹត្តិ​កំហុស​ នៅក្នុងទឹកដីអាមេរិក ត្រូវទទួល​ទោស ​ទៅ​តាម​ច្បាប់​អាមេរិក​រួច​រាល់ អាច​រស់​នៅ​អាមេរិក​​បន្ត​ទៀត​ ដើម្បី​ជួប​ជុំ​ក្រុម​គ្រួសាររបស់ពួកគេ ដែលរស់នៅទីនោះ ជា​ច្រើន​ឆ្នាំ​កន្លង​មក​។ ​លោក ហ៊ុន សែន បាន​ចាត់​ទុកការបញ្ជូនពួកគេ ត្រឡប់មកកម្ពុជាវិញ ​ថាជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។

ការសម្រេចផ្អាក លែងផ្ដល់ទិដ្ឋការ ទៅដល់មន្ត្រីការបរទេសជាន់ខ្ពស់កម្ពុជា បើទោះជា​មិន​មែនកើតឡើង សម្រាប់តែ​ប្រទេសកម្ពុជា ​តែ​១នោះក៏ដោយ (ប្រទេស​ អេរីទ្រា ហ្គីណេ និង​សៀរ៉ាឡេអូន បានរងទណ្ឌកម្មដូចគ្នា) ​ក៏ចំណាត់ការនេះ បានកើតឡើងតែមួយថ្ងៃ ក្រោយប្រតិកម្មរបស់ឯកអគ្គរដ្ឋទូតអាមេរិក លោក វីល្លៀម ហេត (William Heidt) ជុំវិញភាពតានតឹងផ្នែកការទូត រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញ ពីការចោទប្រកាន់ប្រឆាំងអាមេរិក ពីសំណាក់រដ្ឋាភិបាលកម្ពុជា ថាបាននៅពីក្រោយ លោក កឹម សុខា ប្រធានគណបក្សប្រឆាំង ដើម្បី«ធ្វើបដិវត្តន៍ពណ៌» នៅកម្ពុជា។

សូមបញ្ជាក់ដែរថា ចំណាត់ការខាងលើនេះ មិនមានជាប់ទាក់ទង នឹងពលរដ្ឋកម្ពុជាសាមញ្ញផ្សេងទៀត របស់កម្ពុជា ដែលចង់ស្នើសុំទិដ្ឋការ ប្រភេទទេសចរណ៍ ឬប្រភេទអន្តោប្រវេសន៍ សម្រាប់ចូលទៅក្នុងទឹកដី អាមេរិក នោះទេ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់